ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សំណាង ធ្វើ​នំ​បញ្ចុក​ទឹកអំបិល​ប្រហុក​មុខ​អង្គរ​លក់​មួយថ្ងៃ​ជិត​២០០​គីឡូ​
22, Dec 2019 , 10:19 pm        
រូបភាព
​សៀមរាប​៖ នំ​បញ្ចុក​ដែល​មានតែ​បន្លែ និង​ស្រូប​ទឹកអំបិល​ប្រហុក​របស់​អ្នកស្រី សំណាង កំពុង​ទាក់ទាញ​អតិថិជន​ជាច្រើន​។ អតិថិជន​ដែល​ភាគច្រើន​ជា​យុវជន បាន​តម្រង់​ជួរ​រង់ចាំ​ហូប​នំ​បញ្ចុក​រសជាតិ​ថ្មី​នេះ​។ មាន​រស​ជាត់​ប្លែក ឆ្ងាញ់​មួយបែប​ពី​នំ​បញ្ចុក​ទឹកស​ម្ល ក្នុង​មួយថ្ងៃ​អ្នកស្រី សំណាង លក់​នំ​បញ្ចុក​អស់​ប្រមាណ​២០០​គីឡូក្រាម​។​

 
​នំ​បញ្ចុក​ក្ដៅៗ​ទើប​ស្រង់​ពី​ឆ្នាំង​រោយ ត្រូវបាន​ចាប់​ដាក់​កញ្ច្រែង​តូចៗ ទ្រាប់​នឹង​ស្លឹក​ឈូក ដើម្បី​ដាក់ឱ្យ​អតិថិជន​ច្រើន​នាក់ ដែល​កំពុង​អង្គុយ​រង់ចាំ​ជិត​មួយ​ម៉ោង​មកហើយ​។ នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក អតិថិជន​ដែល​ចូលចិត្ត​ហូប​នំ​បញ្ចុក​ទឹកអំបិល​ប្រហុក​របស់​អ្នកស្រី សំណាង បានមក​ដល់​តូប​លក់ ប្រហែលជា​ចង់​ក្លាយជា​អតិថិជន​ដំបូង​នៅថ្ងៃនោះ​។ តូប​លក់​នំ​បញ្ចុក​ស្រូប​ទឹកអំបិល​ប្រហុក​របស់​អ្នកស្រី សំណាង មាន​ទីតាំង​នៅមុខ​ប្រាសាទ​អង្គរ គឺ​នៅ​ជ្រុង​ខាងជើង​ក​សិន្ធុ​ផ្លូវ​ឆ្ពោះទៅ​ប្រាសាទភ្នំបាខែង​។ 
 
​ក្លិនប្រហើរ​ចេញពី​ចាន​ទឹកអំបិល​ប្រហុក​ក្នុង​រោង​លក់​នំ​បញ្ចុក​ដ៏​សាមញ្ញ​មួយ​របស់​អ្នកភូមិ​អង្គរ​។ ខុសពី​នំ​បញ្ចុក​ទឹកស​ម្ល​ធម្មតា នំ​បញ្ចុក​ទឹកអំបិល​ប្រហុក​នេះ មាន​បន្លែ​តែ​៣​មុខ​ប៉ុណ្ណោះ​មាន​ស្ពៃក្ដោប ត្រកួន និង​សណ្ដែកកួរ ដែល​ត្រូវបាន​ចម្អិន​រួចជាស្រេច​។ 


 
​អ្នកស្រី សំណាង ដែល​បើក​លក់​នំ​បញ្ចុក​គោក​ទឹកអំបិល​ប្រហុក បានឱ្យដឹងថា អ្នកស្រី​ចាប់ផ្តើម​លក់​នំ​បញ្ចុក​នេះ​ជិត​មួយឆ្នាំ​មកហើយ តាមរយៈ​ការច្នៃប្រឌិត និង​ធ្លាប់​ភ្លក្ស​រសជាតិ​ពី​អ្នកភូមិ​នៅ​ស្រុក​មួយ​ក្នុង​ខេត្តសៀមរាប​។ ដើមឡើយ សមាជិកគ្រួសារ​អ្នកស្រី សំណាង ហាក់​មិន​គាំទ្រ​ទៅនឹង​ការលក់​នំ​បញ្ចុក​នេះ​ទេ ដោយ​គិតថា គ្មាន​អ្នក​ហូប​។ យ៉ាងណា ដោយសារ​សេចក្ដី​ជំនះ និង​ជឿជាក់ ធ្វើឱ្យ​អ្នកស្រី សំណាង ប្រឹង​បង្កើត​របរ​នេះ​ដោយ​ភាពជោគជ័យ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ដូច​សព្វថ្ងៃ​។​
 
​អ្នកស្រី សំណាង បច្ចុប្បន្ន​អាយុ​៣៩​ឆ្នាំ និង​មានកូន​២​នាក់ បានចាប់ផ្តើម​លក់​នំ​បញ្ចុក​នេះ​នា​អំឡុង​ដើមឆ្នាំ​២០១៩ ដែល​សាក​លក់​ដំបូង​ត្រឹម​អង្ករ​៤​ទៅ​៥​គីឡូក្រាម​តែប៉ុណ្ណោះ តែ​ការលក់​នេះ​ចេះតែ​កើនឡើង​ពី​១០​ទៅ​៤០​គីឡូក្រាម និង​រហូតដល់​៦០​ទៅ​៧០​គីឡូក្រាម​នាពេល​បច្ចុប្បន្ន​។ ដោយសារ​ចង់បាន​នំ​បញ្ចុក​ថ្មីៗ និង​ទន់ ដាក់លក់​ឱ្យ​អតិថិជន​ហូប​ភ្លាមៗ អ្នកស្រី សំណាង ធ្វើ​នំ​បញ្ចុក​ដោយ​ខ្លួនឯង គឺ​ស្ងោរ​នំ​និង​ជាន់​រោយនំបញ្ចុក​នៅ​កន្លែង​លក់​តែម្ដង​។ អ្នកស្រី​ប្រាប់ថា នំ​បញ្ចុក​ដែល​ត្រូវ​នឹង​ទឹក​ស្រូបទឹក​អំបិល​នេះ គឺ​នំ​ដែល​ទន់ មិន​រឹង ពិសេស​ត្រូវ​ចម្អិន​ភ្លាមៗ ទើប​ចូលជាតិ​ហូប​ជាមួយ​ទឹក​ស្រូប​។ 


 
​ចំណែក​ការច្នៃ​ធ្វើ​ទឹកអំបិល​ប្រហុក​វិញ អ្នកស្រី សំណាង បាន​បង្ហើប​ឱ្យដឹងថា អ្នកស្រី​ធ្លាប់​ទិញ​នំ​គេ​ហូប និង​បានដឹង​រសជាតិ​ខ្លះ ក្រោយមក​ក៏​សាក​ធ្វើ​ខ្លួនឯង និង​បាន​បន្ថែម​គ្រឿងផ្សំ ពេលខ្លះ​បងប្អូន​ឬ​អ្នកទិញ​បាន​ប្រាប់​បន្ថែម​។ 
 
​ពុំ​ធ្លាប់មាន​ជំនាញ​ផ្នែក​ចុងភៅ ឬ​លក់​នំ​បញ្ចុក​ពីមុន​ទេ តែ​អ្នកស្រី សំណាង កំពុង​ជោគជ័យ​លើ​ការលក់​នំ​បញ្ចុក​ក្នុង​មួយថ្ងៃ​អស់​ប្រមាណ​២០០​គីឡូក្រាម ក្នុង​អង្ករ​ប្រមាណ​៧០​គីឡូក្រាម​នេះ​។ នំ​បញ្ចុក​មួយ​គីឡូ​តម្លៃ​៣​ពាន់​រៀល ចំណែក​បន្លែ​ក៏​ចាប់​លក់​តាម​តម្រូវការ​អ្នកទិញ​ដែរ​។ «​យើង​ថ្លឹង​ដាក់​កញ្ច្រែង​មួយ​គីឡូ​តាម​តម្រូវការ​ភ្ញៀវ បន្លែ​២​ពាន់​៣​ពាន់ ថែម​ទឹកអំបិល​...​ខ្លះ​ម្នាក់ឯង​គាត់​ថា​ហូប​អត់​អស់​ទេ យើង​ក៏​លក់​ដាក់​ចាន អាច​មួយ​ចាន​៣​ពាន់​ដាក់​បន្លែ​ក្នុងនោះ​ស្រាប់​...»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សំណាង​។​
 
​កញ្ញា សុខា កំពុង​អង្គុយ​ហូប​នំ​បញ្ចុក​ជាមួយ​មិត្តភក្ដិ​៣​នាក់​ទៀត បាន​និយាយថា នំ​បញ្ចុក​គោក​ស្រូប​ទឹកអំបិល​ប្រហុក​នេះ​មាន​រសជាតិ​ប្លែក​ម្យ៉ាង​ពី​ការ​ស្រូបទឹក​សម្ល​។ នេះ​ជា​លើកទីមួយ​របស់​សុខា ដែល​បាន​ហូប​នំ​បញ្ចុក​នេះ និង​លាន់មាត់​ថា​ឆ្ងាញ់​។ សុខា ប្រាប់ថា នំ​បញ្ចុក​នេះ​ឆ្ងាញ់​ត្រង់ទឹក​ស្រូប​ដែល​ខាប់ ហិ​រ ស៊ី​នឹង​សរសៃ​នំ​បញ្ចុក​ដែល​ចម្អិន​ភ្លាមៗ​។ 


 
​នៅក្បែរនោះ គឺ​អ្នកស្រី ស្រី​ម៉ៅ​។ អ្នកស្រី និង​គ្រួសារ​ជា​អ្នក​បន្ទាយមានជ័យ​នោះទេ និង​បាន​ចូល​ហូប​នំ​បញ្ចុក​ដោយ​ចៃដន្យ​។ ឃើញ​គេ​អ៊ូអរ ជុំគ្នា ទើប​គ្រួសារ​អ្នកស្រី ស្រី​ម៉ៅ ចូលមក​មើល និង​សាក​ហូប​នំ​បញ្ចុក​នេះ​នឹង​គេ​តែម្ដង​។ និយាយ​បណ្ដើរ​ហូប​បណ្ដើរ​អ្នកស្រី ស្រី​ម៉ៅ ប្រាប់ថា នំ​បញ្ចុក​មាន​រសជាតិ​ឆ្ងាញ់​ត្រង់​ទឹកប្រហុក និង​បន្ថែម​ទឹក​ខ្ចាយ ដែល​ពីមុន​អ្នកស្រី​មិន​ធ្លាប់បាន​ហូប​នោះទេ​។​
 
 
​នៅពេល​មានការ​គាំទ្រ​កាន់តែច្រើន ធ្វើឱ្យ​របរ​លក់​នំ​បញ្ចុក​របស់​អ្នកស្រី សំណាង កាន់​តែមាន​ភាពល្បីល្បាញ​និង​ជោគជ័យ​។ ដ្បិតថា ជា​របរ​ហត់នឿយ​បន្ដិច​ក្ដី តែ​ធ្វើឱ្យ​គ្រួសារ​អ្នកស្រី សំណាង មាន​ចំណូល​សមរម្យ ពិសេស​របរ​នៅផ្ទះ​ស្រាប់​។ អ្នកស្រី សំណាង ប្រាប់ថា នឹង​បន្ត​ឱ្យ​រសជាតិ​នំ​បញ្ចុក​នេះ​នៅ​ស្ថិតស្ថេរ និង​រិះរក​គំនិត​ធ្វើឱ្យ​នំ​បញ្ចុក​រសជាតិ​ទឹកអំបិល​ប្រហុក​នេះ​កាន់តែ​ជោគជ័យ​បន្ថែមទៀត​៕
























 

Tag:
 នំ​បញ្ចុក​
  អំបិល​
  ប្រហុក​
© រក្សាសិទ្ធិដោយ thmeythmey.com