ជាតិ
ស្តេចសមុទ្រនិងទេពមច្ឆា បង្ហាញខ្លួននៅបុណ្យសមុទ្រ ដើម្បីផ្សព្វផ្សាយពីបញ្ហាប្លាស្ទិក រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
× កំពត៖ ស្តេចសមុទ្រនិងទេពមច្ឆា បានបង្ហាញខ្លួននៅបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត ដើម្បីផ្សព្វផ្សាយពីបញ្ហាបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ រូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា បង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិក។
លោក រៀម មុនីស៊ីឡុង វ័យ៣២ឆ្នាំ ដែលជាសិល្បករឆ្នើមកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍នៅខេត្តសៀមរាប បានគាំទ្រដល់កិច្ចគាំពារបរិស្ថាន ដោយបានបង្កើតស្នាដៃថ្មីសង់រូបស្តេចសមុទ្រ និងទេពមច្ឆាឡើង ។ បើតាមលោក ស៊ីឡុង រូបសំណាកទាំងនេះ ត្រូវបានប្រើប្រាស់សម្ភារៈ ឬវត្ថុធាតុដើម ច្នៃពីសំរាម រួមមានកាកអំពៅ ដបទឹកសុទ្ធ ស្រកាត្រី សំបកពងទា សំបកពងមាន់ ដើមឈូក និងកែវប្លាស្ទិក ដែលបោះចោលតាមដងផ្លូវសាធារណៈ។
ហ្វេសប៊ុកក្រសួងបរិស្ថាន បានស្រង់សម្តីរបស់សិល្បកររូបនេះ ដូច្នេះថា៖« លោកធ្លាប់មានរបួស និងរងគ្រោះដោយការបំពុលដោយសំរាម ដូចនេះការបង្កើតស្នាដៃសិល្បះសូនរូបពីសំរាមនិងប្លាស្ទិកនេះ មានបំណងចង់ផ្តល់សារអប់រំដល់សាធារណជនឱ្យចេះគិតគូរពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបច្ចុប្បន្នកំពុងបង្កឱ្យមានផលប៉ះពាល់មនុស្សសត្វ ទាំងនៅលើដី និងនៅក្នុងសមុទ្រ»។
រូបសំណាកស្តេចសមុទ្រនេះ គឺតំណាងសមុទ្រទាំងមូល ។រីឯទេពមច្ឆាតំណាឱ្យធនធានធម្មជាតិ ជីវ:ចម្រុះនៃសមុទ្រដែលល្អស្អាត ត្រូវចូលរួមស្រឡាញ់ និងការពារ និងអភិរក្សឱ្យបានល្អ។ នេះបើតាមលោក រៀម មុនីស៊ីឡុង។
គួរបញ្ជាក់ដែរថា បរិមាណសំរាមនៅតាមទីប្រជុំជន មានចំនួន ១ម៉ឺនតោនក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណ ៤ លានតោន ក្នុងនោះ២០ភាគរយ គឺជាសំណល់ថង់ប្លាស្ទិក។ នេះបើតាមក្រសួងបរិស្ថាន៕
Tag:
រៀម មុនីស៊ីឡុង
បរិស្ថាន
ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com