ជាតិ
ស្តេច​សមុទ្រ​និង​ទេព​មច្ឆា បង្ហាញខ្លួន​នៅ​បុណ្យ​សមុទ្រ ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្លា​ស្ទិ​ក​
22, Dec 2019 , 4:48 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
​កំពត​៖ ស្តេច​សមុទ្រ​និង​ទេព​មច្ឆា បានបង្ហាញ​ខ្លួន​នៅ​បុណ្យ​សមុទ្រ​លើក​ទី​៨ នៅ​ខេត្តកំពត ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ រូបសំណាក​ស្តេច​សមុទ្រ និង​នាង​ទេព​មច្ឆា បង្កើតឡើង​ដោយ​កាកសំណល់​សំរាម និង​ប្លា​ស្ទិ​ក​។​


 
​លោក រៀម មុនី​ស៊ី​ឡុង វ័យ​៣២​ឆ្នាំ ដែលជា​សិល្បករ​ឆ្នើម​កែច្នៃ​សំរាម​ធ្វើជា​គ្រឿង​តុបតែង​លម្អ និង​វត្ថុ​អនុស្សាវរីយ៍​នៅ​ខេត្តសៀមរាប បាន​គាំទ្រ​ដល់​កិច្ច​គាំពារ​បរិស្ថាន ដោយបាន​បង្កើត​ស្នាដៃ​ថ្មី​សង់​រូប​ស្តេច​សមុទ្រ និង​ទេព​មច្ឆា​ឡើង ។ បើតាម​លោក ស៊ី​ឡុង រូបសំណាក​ទាំងនេះ ត្រូវបាន​ប្រើប្រាស់​សម្ភារៈ ឬ​វត្ថុធាតុដើម ច្នៃ​ពី​សំរាម រួមមាន​កាក​អំពៅ ដប​ទឹក​សុទ្ធ ស្រកាត្រី សំបក​ពង​ទា សំបក​ពងមាន់ ដើម​ឈូក និង​កែវ​ប្លា​ស្ទិ​ក ដែល​បោះចោល​តាម​ដងផ្លូវ​សាធារណៈ​។


 
​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន បាន​ស្រង់​សម្តី​របស់​សិល្បករ​រូបនេះ ដូច្នេះ​ថា​៖« លោក​ធ្លាប់មាន​របួស និង​រងគ្រោះ​ដោយ​ការបំពុល​ដោយ​សំរាម ដូចនេះ​ការបង្កើត​ស្នាដៃ​សិ​ល្បះ​សូន​រូប​ពី​សំរាម​និង​ប្លា​ស្ទិ​ក​នេះ មានបំណង​ចង់​ផ្តល់​សារ​អប់រំ​ដល់​សាធារណជន​ឱ្យ​ចេះ​គិតគូរ​ពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដែល​បច្ចុប្បន្នកំពុង​បង្កឱ្យមាន​ផលប៉ះពាល់​មនុស្ស​សត្វ ទាំង​នៅលើ​ដី និង​នៅក្នុង​សមុទ្រ​»​។ 
 
​រូបសំណាក​ស្តេច​សមុទ្រ​នេះ គឺ​តំណាង​សមុទ្រ​ទាំងមូល ។​រីឯ​ទេព​មច្ឆា​តំ​ណា​ឱ្យ​ធនធានធម្មជាតិ ជីវ​:​ចម្រុះ​នៃ​សមុទ្រ​ដែល​ល្អ​ស្អាត ត្រូវ​ចូលរួម​ស្រឡាញ់ និង​ការពារ និង​អភិរក្ស​ឱ្យបាន​ល្អ​។ នេះ​បើតាម​លោក រៀម មុនី​ស៊ី​ឡុង​។​
 
​គួរ​បញ្ជាក់ដែរថា បរិមាណ​សំរាម​នៅតាម​ទីប្រជុំជន មាន​ចំនួន ១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ​។ សរុប​មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ ៤ លាន​តោន ក្នុងនោះ​២០​ភាគរយ គឺជា​សំណល់​ថង់​ប្លា​ស្ទិ​ក​។ នេះ​បើតាម​ក្រសួងបរិស្ថាន​៕



Tag:
 រៀម មុនី​ស៊ី​ឡុង​
  បរិស្ថាន​
  ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com