មេដឹកនាំកំពូលហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសដាច់ខាតមិនសហការជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងការដំណើរការនីតិវិធីរបស់តុលាការពាក់ព័ន្ធការសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននៅហ្វីលីពីន។ ក្នុងគោលជំហររបស់លោក ឌូទើតេ មានតែប្រជាជនហ្វីលីពីននោះទេ ដែលមានសិទ្ធិក្នុងការកាត់ក្តី និងកំណត់ជោគវាសនា នៃការដឹកនាំរបស់លោក។
នាឱកាសបើកកម្មវិធីប្រកួតប្រជែងក្នុងស្រុកមួយនៅថ្ងៃ២០ ធ្នូកន្លងទៅ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា លោក មិនខ្លាចរអារនឹងឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិព្យួរលោក ឬដាក់លោកក្នុងពន្ធនាគារពាក់ព័ន្ធនឹងប្រតិបត្តិការសង្គ្រាមគ្រឿងញៀនរបស់លោកឡើយ។ ក៏ប៉ុន្តែលោក ដាច់ខាតមិនឆ្លើយរាល់សំណួររបស់តុលាការពាក់ព័ន្ធនឹងបញ្ហានេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Inquirer Net។
នេះ គឺជាសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់លោកប្រធានាធិបតី ដើម្បីជាការឆ្លើយតបទៅនឹងការចោទប្រកាន់នានារបស់មជ្ឈដ្ឋានខាងក្រៅ ជាពិសេសអង្គការពាក់ព័ន្ធសិទ្ធិមនុស្ស លើរូបលោក ស្តីពីប្រតិបត្តិការសង្គ្រាមគ្រឿងញៀន ដែលបានសម្លាប់ជនសង្ស័យរាប់ពាន់នាក់ គិតចាប់ពីលោក ឡើងកាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០១៦មក។
តាមប្រភពព័ត៌មានដដែលនោះ ខណៈដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ កំពុងតែពិនិត្យមើលលទ្ធភាព និងប្រមូលភស្តុតាងពាក់ព័ន្ធនានាដើម្បីដាក់បន្ទុកលើការដឹកនាំរបស់រដ្ឋបាលហ្វីលីពីនបច្ចុប្បន្ន លោក ឌូទេតើ បានអះអាងថា លោក រីករាយនឹងទទួល ប្រសិនបើតុលាការចង់ដាក់ទោសលោក លើអ្វីដែលលោក បានធ្វើកន្លងមកនេះ ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។
ក៏ប៉ុន្តែ ដូចសព្វមួយដង លោក បដិសេធដាច់ខាត ក្នុងការសហការ និងឆ្លើយរាល់សំណួរជាមួយនឹងតុលាការ ដ្បិតប្រមុខដឹកនាំកំពូលរូបនេះ អះអាងថា មានតែប្រជាជនហ្វីលីពីនប៉ុណ្ណោះនោះទេ ដែលមានសិទ្ធិសម្រេច និងវិនិច្ឆ័យលើសកម្មភាពដឹកនាំរបស់លោក។
កន្លងមក លោក ឌូទើតេ បានបញ្ជាក់ច្បាស់រួចហើយថា ការណ៍ដែលលោក ត្រូវអនុវត្តគោលនយោបាយឃោរឃៅ តាមរយៈការបាញ់សម្លាប់ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀននេះ គឺដើម្បីធានាឲ្យបាននូវអ្នកជំនាន់ក្រោយដែលស្អាតស្អំ និងមានអនាគត ក៏ដូចជាទប់ស្កាត់ការយកហ្វីលីពីន ជាកន្លែងសម្រាប់ជួញដូរគ្រឿងញៀនផងដែរ.
គួររម្លឹកថា នៅដើមឆ្នាំ២០១៨កន្លងទៅ អគ្គរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានប្រកាសបើកការពិនិត្យ និងវិនិច្ឆ័យបឋមលើស្ថានភាព នៃសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដែលរបាយការណ៍សិទ្ធិមនុស្សជាច្រើន អះអាងថា របបដឹកនាំលោក បានសម្លាប់ទាំងជនសង្ស័យ និងឈ្មួញគ្រឿងញៀនរាប់ពាន់នាក់។
បច្ចុប្បន្ន តុលាការ កំពុងបន្តនីតិវិធី ដើម្បីឈានទៅដល់ការបើកស៊ើបអង្កេតផ្លូវការ និងពេញលេញមួយ ដែលត្រូវបានរំពឹងថា នឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០២០ ពោលគឺបន្ទាប់ពីតុលាការបញ្ចប់ការ ពិនិត្យជាបឋម និងក្នុងករណីដែលរកឃើញថា ពិតជាមានការប្រព្រឹត្តសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងការដឹកនាំរបស់លោកឌូទើតេមែន៕