ជន​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​វៀតណាម​សុំ​សិទ្ធិ​ជ្រកកោន​
អន្តរជាតិ
ជន​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​វៀតណាម​សុំ​សិទ្ធិ​ជ្រកកោន​
23, Dec 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទង់ជាតិកូរ៉េខាងជើងនៅភូមិ Ki Jong Dong ។
រូបឯកសារ៖ ទង់ជាតិកូរ៉េខាងជើងនៅភូមិ Ki Jong Dong ។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ជន​ផ្តាច់ខ្លួន​ចំនួន ១១​នាក់​ពី​កូរ៉េខាងជើង ដែល​ត្រូវបាន​ឃុំខ្លួន​នៅ​វៀតណាម កំពុង​ស្នើសុំ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឲ្យ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ពួកគេ​នៅ​ក្រុង​សេ​អ៊ូ​ល ដើម្បី​ឲ្យ​ពួកគេ​អាច​គេច​ផុតពី​ការបញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​វិញ នេះ​បើ​យោងតាម​ក្រុម​សកម្មជន​កូរ៉េខាងត្បូង​មួយ​។​

 
​លោក Peter Jung ប្រធាន​ក្រុម​សកម្មជន «​យុត្តិធម៌​សម្រាប់​កូរ៉េខាងជើង​» (Justice for North Korea) ដែលជា​ក្រុម​គាំពារ​សិទ្ធិ​មួយ​មាន​មូលដ្ឋាន​នៅ​ក្រុង​សេ​អ៊ូ​ល បាន​ប្រាប់ VOA ភាសា​កូរ៉េ ថា ជន​ផ្តាច់ខ្លួន​ម្នាក់​ក្នុងចំណោម​នោះ ដែលមាន​ទូរ​សព្ទ​ដៃ បាន​ទាក់ទង​ស្ថានទូត​កូរ៉េខាងត្បូង នៅ​ប្រទេស​វៀតណាម ដើម្បី​សុំ​ជំនួយ​។​
 
​លោក Jung បាន​និយាយថា «​ស្ថានទូត​កូរ៉េខាងត្បូង​បាន​ប្រាប់​ពួកគេ​ថា ស្ថានទូត​នឹង​ចាត់វិធានការ​សមស្រប​ដើម្បី​ជួយ​ពួកគេ​។ ប៉ុន្តែ​ពួកគេ​មិនទាន់បាន​ឮដំណឹង​អ្វី​ទៀត​ទេពី​ស្ថានទូត​តាំងពីដើម​ខែធ្នូ​មក​»​។​
 
​ស្ត្រី​ចំនួន ៨​នាក់ ដែលមាន​អាយុ​រវាង ២០​ទៅ​៥០​ឆ្នាំ និង​បុរស​បីនាក់​ទៀត​ដែលមាន​អាយុ​២០​ផ្លា​យ បាន​ឆ្លង​ព្រំដែន​ពី​ចិន​ចូលទៅ​វៀតណាម​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ ឆ្នាំ​ល្បាត​ព្រំដែន​វៀតណាម​បាន​ឃុំខ្លួន​ពួកគេ​ពីរ​ថ្ងៃ​បន្ទាប់មក​នៅ​ក្រុង Lang Son​។​
 
​យោងតាម​លោក Jung ជន​ផ្តាច់ខ្លួន​ទាំងនោះ​កំពុង​ប្រឈម​នឹង​ការបញ្ជូន​ត្រឡប់​ទៅ​កូរ៉េខាងជើង​វិញ ហើយ​បន្ទាប់ពី​ស្ត្រី​មួយចំនួន​បាន​សន្លប់ រដ្ឋាភិបាល​វៀតណាម​ក៏​សម្រេចចិត្ត​មិន​បញ្ជូន​ពួកគេ​ទាំង​បង្ខំ​ទៅ​ប្រទេស​ចិន​វិញ​។ បច្ចុប្បន្ន វៀតណាម​កំពុង​ឃុំខ្លួន​ជន​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​ទាំងអស់នេះ​។​
 
​នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក Jung បានផ្តល់​ឲ្យ VOA ស្ត្រី​ម្នាក់​ក្នុងចំណោម​នោះបាន​អង្វរក​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ថា «​សូមជួយ​យក​ពួកយើង​ផង​»​។ 
 
​នៅក្នុង​វីដេអូ​ឃ្លី​ប​ដោយឡែក​មួយទៀត​ដែល​លោក Jung បានផ្តល់​ឲ្យ ស្ត្រី​ម្នាក់ទៀត​ដែល​កំពុងតែ​មើលថែ​មនុស្ស​ដទៃទៀត​ដែល​មើលទៅ​កំពុងមាន​សុខភាព​ថមថយ បាន​និយាយថា​៖ «​យើង​កំពុងតែ​រត់​ភៀសខ្លួន​ជាមួយនឹង​អ្នកមាន​ជំងឺ​ដូច​ម្នាក់នេះ​។ សូមជួយ​ពួកយើង​ផង​»​។​
 
​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​ប្រាប់ VOA ថា ខ្លួន​បានដឹង​ពី​ក្រុម​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ទាំងនោះ​។​
 
​អ្នកនាំពាក្យ​កូរ៉េខាងត្បូង​បាន​និយាយថា​៖ «​យើង​កំពុងតែធ្វើការ និង​ពិភាក្សា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ (​វៀតណាម​)»​។​
 
VOA ព្យាយាម​ទាក់ទង​ទៅ​ក្រសួងការបរទេស​វៀត​ណា​ម​ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​មិន​ទទួលបាន​ការឆ្លើយតប​នោះទេ​។​
 
​ប្រសិនបើ​ជន​ផ្តាច់ខ្លួន​ទាំង ១១​នាក់​នោះ​ត្រូវបាន​បញ្ជូនទៅ​ប្រទេស​ចិន ពួកគេ​ទំនងជា​នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​កូរ៉េខាងជើង​វិញ​ជាមិនខាន ហើយ​នៅ​ទីនោះ ពួកគេ​នឹង​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​ដូចជា ការបង្ខំ​ធ្វើ​ពលកម្ម ការធ្វើ​ទារុណកម្ម និង​សូម្បីតែ​ការប្រហារជីវិត​ក៏​ថា​បាន​។ ប្រទេស​ចិន​ធ្លាប់​បញ្ជូន​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​ត្រឡប់​ទៅវិញ​។​
 
​ជន​កូរ៉េខាងជើង​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​កូរ៉េខាងត្បូង​តែងតែ​ឆ្លង​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​ចិន​។ ពី​ប្រទេស​ចិន ពួកគេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ទី​បី​ដើម្បី​ចូលទៅ​កាន់​ប្រទេស​កូរ៉េខាងត្បូង ពីព្រោះ​ចិន​បាន​ពង្រីក​ការបង្ក្រាប​លើ​ក្រុម​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​កាលពីដើម​ឆ្នាំនេះ​។ 
 
​កាលពី​ខែមេសា វៀតណាម​បាន​បញ្ជូន​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​បីនាក់ ដែល​ឆ្លងកាត់​ពី​ព្រំដែន​ចិន​ចូល​វៀតណាម ត្រឡប់​ទៅ​ចិន​វិញ​។​
 
​លោក Greg Scarlatoiu នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង និយាយថា ចិន​មិនគួរ​បញ្ជូន​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ទេ​។​
 
​លោក​បាន​និយាយថា​៖ «​ប្រសិនបើ​អ្នកមើល​របាយការណ៍រ​បស់​គណៈកម្មាការ​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​របស់​អ​.​ស​.​ប ជន​ផ្តាច់ខ្លួន​ពី​កូរ៉េខាងជើង​អាច​ត្រូវបានធ្វើ​ទារុណកម្ម និង​សម្លាប់​» ដោយ​រដ្ឋាភិបាល​របស់​ពួកគេ​។ 
 
​ចិន​បាន​ចូល​រូ​ម​ក្នុង​អនុសញ្ញា​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ របស់​អ​.​ស​.​ប និង​សន្ធិសញ្ញា​ឆ្នាំ ១៩៦៧ នៅ​ឆ្នាំ​១៩៨២ ដែល​កំណត់​និយមន័យ​សិទ្ធិ​ជនភៀសខ្លួន នឹង​ការទទួល​ត្រូវ​របស់​បណ្តា​ប្រទេស​នានា​ដែល​ផ្តល់​សិទ្ធិ​ជ្រកកោន​។​
 
​យ៉ាងណាក្តី ចិន​មិនបាន​គោរព​តាម​និយមន័យ​ជនភៀសខ្លួន​កំណត់ដោយ​អង្គការសហប្រជាជាតិ​ទេ និង​មិនបាន​ទទួលស្គាល់​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​ជា​ជនភៀសខ្លួន​នោះទេ ប៉ុន្តែ​ជា​ជន​ចំណាកស្រុក​រក​ការងារ​ធ្វើ​ខុសច្បាប់​ទៅវិញ​។​
 
​ជនភៀសខ្លួន​កូរ៉េខាងជើង​នៅ​ប្រទេស​ចិន​ត្រូវគេ​កាក់​ស្មានថា​មាន​ប្រមាណ​ពី ៣​ទៅ ៥​ម៉ឺន​នាក់​។​
 
​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង​ប្រមាណ ៧៧១​នាក់​បាន​ចូល​ប្រទេស​កូរ៉េខាងត្បូង​គិត​ត្រឹម​ខែកញ្ញា ឆ្នាំនេះ​។ ហើយ​មាន​ជន​ផ្តាច់ខ្លួន​កូរ៉េខាងជើង ៣​ម៉ឺន​៣​នាក់​ទៀត​កំពុង​រស់នៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង​៕

© រក្សាសិទ្ធិដោយ thmeythmey.com