ជាតិ
សហគមន៍​ចំនួន​១២​នៅ​មណ្ឌលគិរី ទទួល​សិទ្ធិ​គ្រប់គ្រង​តំបន់​ធនធានធម្មជាតិ​
23, Dec 2019 , 10:19 pm        
រូបភាព
រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
រូបភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
​ភ្នំពេញ​៖ តំណាង​សហគមន៍​១២​កន្លែង នៅ​ដែនជម្រកសត្វព្រៃភ្នំ​ព្រេច ស្រែ​ពក និង​កែវ​សីមា ក្នុង​ខេត្តមណ្ឌលគិរី ទទួលបាន​សិទ្ធិ​ពេញលេញ​ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ក្រោយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តំបន់ការពារធម្មជាតិ​ ជាមួយ​ក្រសួងបរិស្ថាន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF)​។


 
​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ធ្នូ ឆ្នាំ​២០១៩ ក្នុងភូមិ​អ​ញ្ជ​រ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ដោយ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​ក្រសួងបរិស្ថាន និង អង្គការ WWF ចាប់ពី​ឆ្នាំ​២០០៦​។ ការខិតខំ​នេះ គឺ​ដើម្បី​ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ (CPA) ស្របច្បាប់​ដោយ​អនុលោម​តាមច្បាប់ ​ស្ដីពី​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​។ 
 
​សហគមន៍​ការពារ​ធម្មជាតិ​ទាំង​១២ ដែល​ទើបតែ​ទទួលស្គាល់​នេះ មាន​ផ្ទៃដី​៤៤​ពាន់​ហិកតា ក្នុងនោះ​មាន​សមាជិក​សហគមន៍​ប្រមាណ​ជា​១.២​ម៉ឺន​នាក់​។ ពលរដ្ឋ​ជាង​១.២​ម៉ឺន​នាក់​នេះ ទទួលបាន​សិទ្ធិ​ស្របច្បាប់ ភាពជា​ម្ចាស់ និង​ទំនួល​ខុសត្រូវ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ក្នុង​សហគមន៍ និង​អាច​ប្រើប្រាស់​ធនធាន​ទាំងនេះ​ ប្រកបដោយ​ចីរភាព​។ 
 
​បើតាម លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា គោលបំណង​នៃ​ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ គឺ​ដើម្បី​ជួយ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ធនធាន​ព្រៃឈើ ជីវៈចម្រុះ និង​សត្វព្រៃក្នុង​តំបន់​ការពារ​។ លើសពីនេះ គឺ​ដើម្បី​ទទួលស្គាល់​សិទ្ធិ និង​តួនាទី​ស្របច្បាប់ ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ប្រើប្រាស់​ធនធាន​រួម​របស់​សហគមន៍​។ 
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោកស្រី ម៉ុម ថា​នី ថាសហគមន៍​ជា​មូលដ្ឋាន គឺជា​កម្លាំងចលករ​មួយ ដែល​រួមចំណែក​ក្នុង​គ្រប់គ្រង​ធនធានធម្មជាតិ ព្រោះ​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន ​ជា​អ្នករស់នៅ និង​នៅក្បែរ​តំបន់ការពារធម្មជាតិ​។ លោកស្រី សង្កត់ធ្ងន់ថា ក្រសួង​បរិស្ថាន គាំទ្រ និង​ចូលរួម​ជាមួយ​សកម្មភាព​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ក្នុងការ​រៀបចំ និង​អនុវត្ត​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ 
 
​ជាមួយគ្នា​ដែរ លោក ប្រោ​យ ខ្វើក ប្រធាន​សហគមន៍​តំបន់​ការពារ​ត្រពាំង​ក្អើ​ម​ ក្នុងចំណោម​សមាគមន៍​ទាំង​១២ បាន​លើកឡើងថា បច្ចុប្បន្ននេះ មាន​សមាជិក​ក្រុម​ល្បាត​សហគមន៍​សរុប​ចំនួន ៥៧៧​នាក់ កំពុង​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​ការពារ​ព្រៃឈើ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ស្រែ​ពក​។ 
 
«​ការដើរ​ល្បាត មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ​ណាស់ ព្រោះ​ធនធាន​ព្រៃឈើ​ ជា​ឆ្នាំងបាយ​របស់​ប្រជាជន​សហគមន៍​ទាំងអស់ ទាំង​ជំនាន់​បច្ចុប្បន្ន ​និង​ជំនាន់​ក្រោយ​ទៀត​»។​ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក ប្រោ​យ ខ្វើក​។ 
 
​ខេត្តមណ្ឌលគិរី សម្បូរ​ទៅដោយ​ធនធាន​ព្រៃឈើ និង​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរបែប​។ ទាំងនេះ ជា​ជម្រក​សត្វព្រៃ​យ៉ាងច្រើន​ដូចជា សត្វ​ទន្សោង ខ្លារខិន ដំរី​អាស៊ី ខ្ទីង រមាំង ក្ងោក និង​ត្រយង​យក្ស​ជាដើម​។ ហេតុនេះ ត្រូវតែ​ពួតដៃគ្នា ក្នុង​ការពារ​ធនធាន​ធម្មជាតិ​ទាំងអស់នេះ ដែលមាន​សហគមន៍​ជា​បេះដូង​នៃ​កិច្ចសហការ​រួមគ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក លោក ឈឹម កាន អភិបាលរង​ខេត្តមណ្ឌលគិរី​។ 
 
​សូមបញ្ជាក់ថា ការរៀបចំ​សហគមន៍​តំបន់ការពារធម្មជាតិ​ខាងលើនេះ មាន​ចូលរួម​ពី​សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​(USAID) ជំ​នួន​ប្រទេស​អាឡឺម៉ង់ (BMZ GEF) និង​កម្ម​វិធី​បរិ​​ស្ថាន​របស់​អង្គការសហប្រជាជាតិ (UN Environment) តាមរយៈ​គម្រោង CAMPAS ។ ចំណែកឯ សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងអស់ ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្រែ​ពក និង​កែវ​សីមា មាន​ទាំងអស់​១៩​សហគមន៍ មាន​ទំហំ​ជាង​៦​ម៉ឺន​ហិកតា​។ 
 
​សមាជិក​សហគមន៍​ទាំង​១២​នេះ មាន​ប្រមាណ​១៥​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​៤២​ភាគរយ ដែល​បាន​ពឹង​អាស្រ័យ​ផល​អនុផល​ព្រៃឈើ​ដោយផ្ទាល់​។ សហគមន៍​នីមួយៗ នៃ​សហគមន៍​ទាំង​១៩​នេះ អាច​រកប្រាក់​ចំណូល​បាន​ជាង​១.៤​ម៉ឺន ដុល្លារ ក្នុង​មួយឆ្នាំៗ ពី​ផលិតផល​អនុផល​ព្រៃឈើ ដូចជាការច្នៃ​ឫស្សី ការយក​ទឹកឃ្មុំ​ព្រៃ ជ័រទឹក ជ័រចុង បន្លែ​ព្រៃ ផ្សិត និង​ផ្លែឈើព្រៃ​ជាដើម​៕ 

Tag:
 សហគមន៍​
  ការពារ​ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com