រថយន្ត
អន្តរជាតិ
ប្រធានាធិបតី វីដូដូ ជិះម៉ូតូពិនិត្យមើលផ្លូវ និងច្រកព្រំដែនថ្មីរវាងឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ជិះម៉ូតូត្រូតពិនិត្យផ្លូវថ្នល់។ រូបភាព Antara
× ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានឆ្លៀតឱកាសពេលវេលាលំហែកាយជាមួយក្រុមការងារដើម្បីពិនិត្យមើលស្ថានភាពផ្លូវ និងច្រកព្រំដែនថ្មីរវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី តាមមធ្យោបាយបើកម៉ូតូដោយខ្លួនឯង។
ស្រដៀងទៅនឹងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ការបើកម៉ូតូដោយខ្លួនឯងដើម្បីលំហែកាយ និងពិនិត្យមើលស្ថានភាពប្រជាជន ក៏ជាចំណង់ចំណូលចិត្តមួយរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូផងដែរ។
តាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌូណេស៊ី The Jakarta Globe នៅថ្ងៃទី២០ ខែធ្នូកន្លងទៅ លោកប្រធានាធិបតី ចូកូ វីដូដូ បានដឹកនាំសហការីរបស់លោកជិះម៉ូតូដើម្បីពិនិត្យមើលការសាងសង់ផ្លូវថ្មីក្នុងខេត្តកាលីម៉ាន់តាន់ នៃកោះប័រណេអូ (Borneo) ដែលជាកន្លែង ដែលលោកប្រធានាធិបតី ប្រកាសធ្វើជារដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី។
តាមប្រភពព័ត៌មានដដែលនោះ លោកប្រធានាធិបតី ក៏បានឆ្លៀតឱកាសនោះ ដើម្បីពិនិត្យមើលច្រកព្រំដែនថ្មីរវាងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលស្ថិតនៅក្បែរកោះនោះផងដែរ។
គួរជម្រាបថា លោកប្រធានាធិបតី ចូកូ វីដូដូ ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដ៏សាមញ្ញមួយ ដែលអាចបើកម៉ូតូដោយខ្លួនឯងយ៉ាងជំនាញ។ នៅឆ្នាំ២០១៨កន្លងទៅ លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយ ដោយលោកបានជិះម៉ូតូធំចូលទៅក្នុងកីឡដ្ឋាន Gelora Bung Karno ដើម្បីចូលរួមកម្មវិធីបើកកីឡាប្រចាំទ្វីបអាស៊ីលើកទី១៨ជាផ្លូវការ៕
Tag:
ឥណ្ឌូណេស៊ី
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com