មន្ត្រី​ព្រមាន​ដក​អាជ្ញា​បណ្ណ​ប្រសិនបើ​កាស៊ីណូ​បន្ត​ការរកស៊ី​ល្បែង​អន​ឡាញ​
ជាតិ
មន្ត្រី​ព្រមាន​ដក​អាជ្ញា​បណ្ណ​ប្រសិនបើ​កាស៊ីណូ​បន្ត​ការរកស៊ី​ល្បែង​អន​ឡាញ​
24, Dec 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ កាស៊ីណូ​​របស់​ជនជាតិ​ចិន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ កាស៊ីណូ​​របស់​ជនជាតិ​ចិន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។
ដោយ: VOA
​ភ្នំពេញ ៖ រដ្ឋាភិបាល​នឹង​បញ្ចប់​ល្បែង​អន​ឡាញ​នៅតាម​កាស៊ីណូ​ទាំងអស់​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ដែលជា​ចំណាត់ការ​មួយ ដែល​រដ្ឋាភិបាល​អះអាង​ថា ដើម្បី​បញ្ចប់​ឧក្រិដ្ឋកម្ម និង​ការលាង​លុយកខ្វក់​។ មន្ត្រី​ជំនាញ​ព្រមាន​ដក​អាជ្ញា​បណ្ណ ប្រសិនបើ​កាស៊ីណូ​បន្ត​ការរកស៊ី​ល្បែង​អន​ឡាញ​នេះ​។​

 
​មន្ត្រី​ជំនាញ​អះអាងថា អាជ្ញាធរ​នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង​គ្រប់​កាស៊ីណូ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ដើម្បី​ធានា​វិធានការ​បញ្ចប់​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅត្រឹម​ចុងឆ្នាំ​នេះ​។​
 
​កាលពី​ថ្ងៃទី​១៨ ខែសីហា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានចេញ​សារា​ចរណ៍​មួយ ដើម្បី​ចាត់វិធានការ​លើ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោយពេល​ដឹងថា ក្រុម​ឧក្រិដ្ឋជន​បរទេសមួយ​ចំនួន​បាន​ប្រើប្រាស់​ល្បែងភ្នាល់​នេះ​ដើម្បី​បោកប្រាស់​ជម្រិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​
 
​លោក រស់ ភា​រុណ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា មន្ត្រី​ជំនាញ​នឹង​តាម​ពិនិត្យ​ជាក់ស្តែង​តាម​កាស៊ីណូ ក្រោយ​ថ្ងៃ​បញ្ចប់​ឱសានវាទ​។ លោក​ព្រមាន​ដកហូត​អាជ្ញា​បណ្ណ​ពី​កាស៊ីណូ ក្នុងករណី​នៅមាន​ការបន្ត​ដំណើរកា​រ​ល្បែងស៊ីសង​អន​ឡាញ​។ លោក​បន្តថា​ល្បែងស៊ីសង​អន​ឡាញ​ជា​«​ប្រភេទ​បច្ចេកវិទ្យា​ថ្មី និង​ស្មុគស្មាញ​» ដែល​លោក​ថា​មាន​ហានិភ័យ​ខ្ពស់ ទើប​រដ្ឋាភិបាល​សម្រេច​មិន​បន្ត​ឲ្យ​មាន​ដំណើរការ​ទៅមុខទៀត​នៅ​កម្ពុជា​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖ «​វា​អាចមាន​ហានិភ័យ ព្រោះថា​ជា​ការងារ​ដែលមាន​បច្ចេក​វិទ្យា​ខ្ពស់ ហើយ​សមត្ថភាព​ជំនាញ​របស់​យើង​នៅមានកម្រិត​។ រួមទាំង​ជាពិសេស​ពាក់ព័ន្ធ​ជាមួយនឹង​វិស័យ​ធនាគារ​ជាដើម ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​គឺ​កំពុងតែ​ខិតខំ​ប្រយុទ្ធប្រឆាំង​ការសម្អាត​ប្រាក់​។ អញ្ចឹង​ហើយ​ដើម្បី​ចៀសវាង​ផ្លូវ​ដែល​គាត់​អាច​គឺ​យើង​បិទផ្លូវ​ហ្នឹង​ចោល​តែម្តង​»​។​
 
​លោក​បន្តថា​៖ «​ជាធម្មតា​ទេ​ថា ផលរបរ​ពេលដែល​បាន​កំពុងដំណើរការ​អញ្ចឹង​វា​តែងតែមាន​ចំណូល​។ ដល់ពេល​មាន​ចំណូល យើង​ទៅ​កាត់​ចំណូល​ហ្នឹង​វា​ប្រាកដជា​មានការ​ប៉ះពាល់​។ ក៏ប៉ុន្តែ​នៅក្នុង​ការប្រកប​ផលរបរ​ហ្នឹង ពេលខ្លះ​គេ​សុខចិត្ត​ឲ្យ​វា​ប៉ះពាល់ វា​ខាត​អា​បន្តិច​នឹង​ដើម្បី​ប្រយោជន៍​ស្អី​ផ្សេង​ទៅវិញ​»​។​
 
​បើតាម​លោក​រស់ ភា​រុណ មកទល់ពេលនេះ កាស៊ីណូ​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ចំនួន​២១៨ ដែល​ក្នុងនោះ​កាស៊ីណូ​ចំនួន​១៤១ កំពុងមាន​ដំណើរការ និង​ផ្សេងទៀត​មិនទាន់​ដំណើរការ​នៅឡើយ​។ លោក​បាន​បន្តថា នៅ​ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​ប្រមូលប្រាក់​ចំណូល​បាន​ជាង​៨០​លាន​ដុល្លារ​ពី​វិស័យ​កាស៊ីណូ​។​
 
​ក្នុង​ការបើក​ពិធីបុណ្យ​សមុទ្រ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា ចំណាត់ការ​លើ​ការបញ្ចប់​ល្បែង​អន​ឡាញ គឺ​ដើម្បី​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា​។​
 
​លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​តើ​អ្នក​ចង់បាន​អ្វី​ពិតប្រាកដ សម្រាប់​ខ្ញុំ ខ្ញុំ​សង្កេតឃើញថា បើ​សេដ្ឋកិច្ចកម្ពុជា​ពឹងពាក់​ទៅលើ​អន​ឡាញ កម្ពុជា​នឹង​ក្លាយជា​អ្នករងគ្រោះ​សម្រាប់​បញ្ហា​សន្តិសុខ​ជាតិ​របស់ខ្លួន​។ យើង​ស្ថិតនៅក្រោម​ការគំរាមកំហែង​នៃ​ក្រុម​ម៉ាហ្វីយ៉ា ដែល​ជ្រៀត​ចូលមក​ក្នុងប្រទេសរ​បស់​យើង​ដើម្បី​ធ្វើ​សកម្មភាព​។ យើង​ក៏​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​នឹង​ក្លាយទៅជា​ប្រទេស​នៃ​គោលដៅ​នៃ​ការលាង​លុយកខ្វក់​តាម​រយៈ​អន​ឡាញ​»​។​
 
 
​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ​បាន​ផ្លាស់ប្តូរ​ពី​តំបន់​ទេសចរណ៍​ស្ងប់ស្ងាត់​មួយ ទៅជា​តំបន់​ដែល​សម្បូរ​ទៅ​សំណង់​ខ្ពស់ៗ កាស៊ីណូ និង​ការរកស៊ី​របស់​ជនជាតិ​ចិន​។ កាស៊ីណូ​ទាំងនោះ ក៏​មានការ​ភ្នាល់​ល្បែង​តាម​អន​ឡាញ​ផងដែរ​។​
 
​ចំណាត់ការ​លើ​ល្បែង​អន​ឡាញ​នេះ បានធ្វើ​ឲ្យ​ជន​ជាតិចិន​រាប់ពាន់នាក់​ដែល​ធ្វើការ​លើ​វិស័យនេះ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ហើយ​បាន​ប៉ះពាល់​ដល់​ការជួល​ផ្ទះ និង​ការរកស៊ី​មួយចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​
 
​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ប្រាប់ VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្រោយ​ថ្ងៃ​ឱសានវាទ អាជ្ញាធរខេត្ត​ព្រះសីហនុ​នឹង​ចុះ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​បញ្ឈប់​ដំណើរការ​ល្បែងស៊ីសង​អន​ឡាញ​។​
 
«​នៅក្នុង​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​គឺមាន​ចែង​នូវ​ចំណុច​គោលៗ​សំខាន់ៗ ដែល​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​អនុវត្តតាម​។ អញ្ចឹង​ដូច​ថា អត់​មានអី​ដែល​ត្រូវ​ថា មិន​គោរព អនុវត្តតាម​ការកំណត់​នៃ​ច្បាប់​នៃ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ទេ​»​។​
 
​លោក មាស នី អ្នកសិក្សា​ការវិវត្ត​សង្គម បាន​លើកឡើងថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​នៅក្នុង​ការបិទ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អន​ឡាញ ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​លោក​បារម្ភ​ថា ការអនុវត្ត​ពី​សំណាក់​រដ្ឋាភិបាល​មាន​ចន្លោះប្រហោង​។​
 
«​តាមពិត​រឿង​ហ្នឹង​គឺជា រឿង​ត្រឹមត្រូវ​។ ក៏ប៉ុន្តែ​ទាក់ទិន​នឹង​ការអនុវត្ត​ច្បាប់ ថា​តើ​រដ្ឋាភិបាល​មានការ​រឹតបន្តឹង​ប៉ុណ្ណា​។ ប៉ុន្តែ​រដ្ឋាភិបាល​គ្រាន់តែ​ថា ហើយ​បណ្តោយ​ដូចជា ការអនុវត្ត​ទៅលើ​ច្បាប់​ដទៃទៀត អាហ្នឹង​បានត្រឹមតែ​ថា តែ​វា​មិនមាន​ប្រសិទ្ធភាព​។ នៅក្នុង​ប្រទេស​យើង​នេះ ចំណុចខ្សោយ​សំខាន់​របស់​រដ្ឋាភិបាល​នោះ​គឺ​ការខ្វះខាត​ចន្លោះប្រហោង​នៅក្នុង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com