សកម្មជន​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​លុបបំបាត់​អាពាហ៍ពិពាហ៍​កុមារ​នៅ​សហរដ្ឋអាមេរិក​
អន្តរជាតិ
សកម្មជន​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​លុបបំបាត់​អាពាហ៍ពិពាហ៍​កុមារ​នៅ​សហរដ្ឋអាមេរិក​
24, Dec 2019 , 1:39 pm        
រូបភាព
រូប​ឯកសារ៖ អ្នកស្រី Fraidy Reis (រូប​កណ្តាល) ដែល​ជា​ស្ថាបនិក និង​នាយកប្រតិបត្តិ​របស់​អង្គការ Unchained at Last ធ្វើ​ការ​បង្ហាញ​ជាមួយ​ច្រវ៉ាក់​នៅ​នឹង​ដៃ នៅ​ក្នុង​ក្រុង Albany រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
រូប​ឯកសារ៖ អ្នកស្រី Fraidy Reis (រូប​កណ្តាល) ដែល​ជា​ស្ថាបនិក និង​នាយកប្រតិបត្តិ​របស់​អង្គការ Unchained at Last ធ្វើ​ការ​បង្ហាញ​ជាមួយ​ច្រវ៉ាក់​នៅ​នឹង​ដៃ នៅ​ក្នុង​ក្រុង Albany រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។
ដោយ: VOA
​វ៉ាស៊ីនតោន ៖ អ្នកស្រី Fraidy Reiss ដែល​ធំ​ដឹងក្ដី​នៅក្នុង​សហគមន៍​ជ្វី​ហ្វ​ដែល​ប្រកាន់​វិន័យ​តឹងរ៉ឹង​ក្នុង​ទីក្រុង Brooklyn រដ្ឋ New York សហរដ្ឋអាមេរិក បាន​រៀបរាប់​ការរស់នៅ​រយៈ​ពេល ១៥ ឆ្នាំ របស់​អ្នកស្រី​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែល​ឪពុកម្ដាយ​ផ្សំផ្គុំ​ឲ្យ ថា​ដូចជា «​ការ​ក្បត់​នៅក្នុង​គ្រួសារ​ខ្លួនឯង​» អញ្ចឹង​។

 
​បន្ទាប់ពី​ព្យាយាម​លែងលះ​មិនបាន​សម្រេច និង​បន្ទាប់ពី​ទទួលបាន​សញ្ញាបត្រ​ក្រោយពី​ប្រឹងប្រែង​ឆ្លងកាត់​ឧបសគ្គ​គ្រប់ជំពូក និង​សន្សំ​បាន​ថវិកា​មួយចំនួន​មក អ្នកស្រី Reiss បាន​នាំ​កូនស្រី​ពីរ​នាក់​របស់​អ្នកស្រី​រត់គេច​។​
 
​អ្នកស្រី Reiss និយាយថា​៖ «​គ្រួសារ និង​សហគមន៍​របស់ខ្ញុំ​នៅតែ​គិតថា​ខ្ញុំ​បាន​ស្លាប់​បាត់ទៅហើយ អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លងមកនេះ​»​។​
 
​បទពិសោធន៍​របស់​អ្នកស្រី​បានធ្វើ​ឲ្យ​អ្នកស្រី​ក្លាយជា​សកម្មជន​មួយរូប​ដែល​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​អាពាហ៍ពិពាហ៍​ដោយ​ការផ្សំផ្គុំ អាពាហ៍ពិពាហ៍​ដោយ​ការបង្ខំ និង​អាពាហ៍ពិពាហ៍​កុមារ​។ អ្នកស្រី​បាន​បង្កើត​អង្គការ Unchained At Last ដែលជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​នៅក្នុង​រដ្ឋ New Jersey ដើម្បី​ជួយ​ជនរងគ្រោះ​ដោយសារ​បញ្ហា​អាពាហ៍ពិពាហ៍​កុមារ​។​
 
​តាំងពី​ឆ្នាំ ២០១១ មក មនុស្ស​ជាង ៥៥០ នាក់ អាច​រត់គេច​ចេញពី​អាពាហ៍ពិពាហ៍​ដូចនេះ ដោយសារ​តែមាន​ការជួយ​ជ្រោមជ្រែង​ពី​អ្នកស្រី Reiss​។ ការប្រឹងប្រែង​របស់​អ្នកស្រី Reiss បានធ្វើ​ឲ្យ​រដ្ឋ New Jersey ក្លាយជា​រដ្ឋ​មួយ​ក្នុងចំណោម​រដ្ឋ​តែ​ពីរ​តែប៉ុណ្ណោះ​នៅក្នុង​សហរដ្ឋអាមេរិក ដែល​ហាមឃាត់​ដោយ​ស្របច្បាប់​នូវ​ការរៀប​អាពាហ៍ពិពាហ៍​របស់​មនុស្ស​អាយុ​ក្រោម ១៨ ឆ្នាំ​។​
 
​អ្នកស្រី Reiss បញ្ជាក់ថា​៖ «​វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​។ នៅពេលដែល​ខ្ញុំ​បានចាប់ផ្ដើម​ធ្វើ​រឿងនេះ​ដំបូង ការរៀប​ការ​អាយុ​ក្រោម ១៨ ឆ្នាំ គឺជា​រឿង​ស្របច្បាប់​នៅក្នុង​រដ្ឋ​ទាំង ៥០ នៅក្នុង​សហរដ្ឋអាមេរិក​។ មូលហេតុ​ដែល​អាយុ ១៨ ឆ្នាំ សំខាន់ គឺ​ដោយសារតែ​មុនពេល​អាយុ ១៨ ឆ្នាំ គឺ​យើង​គ្មាន​សិទ្ធិ​ដែល​យើង​ត្រូវការ​ដើម្បី​ការពារ​ខ្លួន​យើង​ពី​ការចាប់​បង្ខំ​ឲ្យ​រៀបការ​បានទេ​»​។​
 
​នៅក្នុង​រដ្ឋ​ភាគច្រើន​ក្នុង​សហរដ្ឋអាមេរិក កុមារ​អាយុ ១៦ ឆ្នាំ អាច​រៀបការ​ដោយ​ស្របច្បាប់​បាន​។ រដ្ឋ​ពីរ​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​រៀបការ​បាន​នៅ​អាយុ ១៤ ឆ្នាំ ហើយ​សម្រាប់​រដ្ឋ​ចំនួន ១៣ ផ្សេងទៀត មិនមាន​លក្ខខណ្ឌ​កំណត់​អាយុ​សម្រាប់​ការ​រៀបការ​ស្របច្បាប់​នោះទេ​។​
 
​រដ្ឋ Idaho ជា​រដ្ឋ​ដែលមាន​អត្រា​អាពាហ៍ពិពាហ៍​កុមារ​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​សហរដ្ឋអាមេរិក ដោយមាន​អាពាហ៍ពិពាហ៍​បែបនេះ​ចំនួន​ជាង ៤ សែន​ករណី​នៅ​រវាង​ឆ្នាំ ២០០០ និង​ឆ្នាំ ២០១០​។​
 
​នៅក្នុង​ឆ្នាំ ២០១៩ អ្នកស្រី Melissa Wintrow សមាជិក​រដ្ឋសភា​រប​ស់រ​ដ្ឋ Idaho ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ព្យាយាម​កំណត់​យកអាយុ ១៦ ឆ្នាំ​ជា​អាយុ​អប្បបរមា​ដែល​អាច​រៀបការ​បាន ប៉ុន្តែ​បាន​បរាជ័យ​។​
 
​អ្នកស្រី Wintrow និយាយថា​៖ «​ដោយសារតែ​ប្រវត្តិសាស្ត្រ និង​លក្ខណៈ​បែប​អភិរក្សនិយម​របស់រ​ដ្ឋ​នេះ ខ្ញុំ​បានស្នើ​ឡើង​នូវ​អ្វីដែល​ខ្ញុំ​គិតថា​ជាការ​សម្របសម្រួល​ដ៏​សម​ហេតុ​សម​ផល​បំផុត ដោយ​ស្នើ​ឲ្យ​កំណត់​អាយុ​ទាប​បំផុត​ត្រឹម​អាយុ ១៦ ឆ្នាំ ដែល​ស៊ីគ្នា​ជាមួយនឹង​អាយុ​កំណត់​សម្រាប់​ការព្រមព្រៀង​បាន​ដោយ​ខ្លួនឯង និង​ច្បាប់​ស្ដីពី​ការរំលោភ​សេពសន្ថវៈ​។ ច្បាប់​នាពេល​បច្ចុប្បន្ននេះ​បញ្ជាក់ថា កុមារ​អាច​រៀប​ការបា​ន​ដោយ​គ្រាន់តែ​មានការ​អនុញ្ញាត​ពី​តុលាការ​តែប៉ុណ្ណោះ ប្រសិនបើ​ការរៀប​ការ​នេះ​មិន​ប៉ះពាល់​ដល់​សង្គម​។ ករណីនេះ​គឺជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​នៅពេល​បច្ចុប្បន្ននេះ​ពី​គុណ​តម្លៃ​ដែល​ហួស​សម័យ​»​។​
 
​នៅក្នុង​ឆ្នាំ ២០១៩ រដ្ឋ Louisiana បាន​បង្កើន​អាយុ​កំណត់​អប្បបរមា​រហូតដល់​អាយុ ១៦ ឆ្នាំ និង​គម្លាត​អាយុ​ខុសគ្នា​រវាង​ដៃគូ​ជីវិត​មិន​ឲ្យ​លើសពី ៣ ឆ្នាំ នៅពេលដែល​ភាគី​ម្ខាង​ជា​អនីតិជន​។​
 
​អង្គការ Louisiana Family Forum គឺជា​អង្គការ​មួយ​ដែល​ប្រឆាំង​ទៅនឹង​ការផ្លាស់ប្ដូរ​នេះ​។​
 
​អ្នកស្រី Kathleen Benfield នៃ​អង្គការ Louisiana Family Forum នេះ និយាយថា​៖ «​នៅក្នុង​រដ្ឋ Louisiana យើង​ឲ្យ​តម្លៃ​ខ្លាំង​លើ​ការរៀប​អាពាហ៍ពិពាហ៍ ហើយ​យើង​ជឿថា​អាពាហ៍ពិពាហ៍​គឺជា​ទំនៀមទម្លាប់​ដ៏​សំខាន់​មួយ​។ វា​គឺជា​គ្រឹះ​របស់​ប្រទេស វប្បធម៌ និង​សង្គម​។ វា​ធានា និង​ជួយ​គាំទ្រ​ចិញ្ចឹម​បណ្ដុះបណ្ដាល​កុមារ​ឲ្យ​ធំ​លូតលាស់​ឡើង ដូច្នេះ​យើង​គិតថា អាពាហ៍ពិពាហ៍​គឺជា​ទំនៀមទម្លាប់​ដ៏​សំខាន់​ខ្លាំង​បំផុត​។ ការជជែក​ដេញដោល​អំពី​អាយុ​អប្បបរមា​ដែល​អាច​រៀបការ​បាន​គឺ​កាន់តែ​តានតឹង​ឡើង​នៅក្នុង​លក្ខណៈ​ដែល​ហាក់ដូចជា​មិន​ឲ្យ​តម្លៃ​ដល់​អាពាហ៍ពិពាហ៍​ដូច្នេះ​ដែរ​»​។​
 
​សមាជិកសភា និង​សកម្មជន​ដែល​ប្រឆាំងនឹង​អាពាហ៍ពិពាហ៍​កុមារ បាន​និយាយថា បញ្ហា​នេះ​គឺមាន​លក្ខណៈ​ស៊ីជម្រៅ​ជាង​ការជជែក​ដេញដោល​តែ​អំពី​អ្វីដែល​បង្កើត​ឲ្យ​មាន​ជា​ក្រុមគ្រួសារ​មួយ​មុខ​នោះ​។​
 
​អ្នកស្រី Wintrow ថ្លែងថា​៖ «​ប្រសិនបើ​យើង​ក្រឡេកមើល​លើក​ត្តា​ប្រជាសាស្ត្រ​នៃ​កុមារ​ដែល​រៀបការ យើង​ឃើញថា​ពួកគេ​គឺជា​ជនជាតិ​ស្បែ​កស និង​ជា​អ្នក​ស្ថិតក្នុង​គ្រួសារ​ដែលមាន​ជីវភាព​សមរម្យ​។ នេះ​គឺជា​បញ្ហា​របស់​ពួកយើង ហើយ​បញ្ហា​នេះ​ចាក់ឫស​ចាក់​គល់​យ៉ាងជ្រៅ​នៅក្នុង​ប្រវត្តិ​រើសអើង​ជាពិសេស​លើ​ស្ត្រី​នៅក្នុង​សហរដ្ឋអាមេរិក​។ ខ្ញុំ​គិតថា វាស​បញ្ជាក់​យ៉ាងច្បាស់​ថា​នេះ​គឺជា​ការរំលោភ​សិទ្ធិមនុស្ស ដោយសារតែ​ការស្រាវជ្រាវ​ពី​ការវិវឌ្ឍ​ខួរក្បាល​បានបង្ហាញ​ថា កុមារ​នៅ​មិនទាន់​អាចធ្វើ​ការសម្រេចចិត្តរ​យៈ​ពេល​វែង​នៅក្នុង​ជីវិត​អំពី​អនាគត​របស់​ពួកគេ​បាន​នៅឡើយ​ទេ​»​។​
 
​សម្រាប់​អ្នកស្រី Reiss វិញ អ្នកស្រី​បានបញ្ជាក់​ថា បញ្ហា​អាពាហ៍ពិពាហ៍​កុមារ​នេះ​គឺ​គួរតែ​ត្រូវ​ហាមឃាត់​ទាំងស្រុង ដោយ​មិនបាច់​ធ្វើ​ការជជែក​ដេញដោល​អ្វី​ទៀត​នោះទេ ដោយសារតែ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ថ្កោលទោស​ប្រពៃណី​បែបនេះ​ដែល​នៅ​អនុវត្ត​នៅតាម​ប្រទេស​ផ្សេងទៀត ដោយ​ហៅ​ការធ្វើ​បែបនេះ​ថា​ជាការ​រំលោភ​សិទ្ធិមនុស្ស​។​
 
​បើ​យោងតាម​ទិន្នន័យ​ដែល​អង្គការ Unchained At Last ប្រមូលបាន កុមារ​ជាង ២ សែន ៥ ម៉ឺន​នាក់​បាន​រៀបការ​ពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១០ ដែល​ភាគច្រើន​ជា​ក្មេងស្រី​អនីតិជន​រៀបការ​ជាមួយនឹង​បុរស​វ័យ​ចំណាស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com