ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ត្រៀម​សាងសង់​«​ផ្សារ​ព្រំដែន​»​ពីរ​ទៀត នៅ​ខេត្តកំពត និង​ស្វាយរៀង​
24, Dec 2019 , 10:46 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល គ្រោង​សាងសង់​«​ផ្សារ​គំរូ​» ចំនួន​២​ទៀត នៅក្នុង​ខេត្តកំពត និង​ខេត្តស្វាយរៀង​។ សម្ដេច ហ៊ុន សែន អះអាង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ផ្សារ​ដោះដូរ​ទំនិញ​កម្ពុជា​-​វៀតណាម​(​ផ្សារ​គំរូ​ព្រំដែន កម្ពុជា​) នៅ​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​នេះ​។​



សម្តេច ហ៊ុន សែន បានស្នើ​ទៅ​វៀតណាម​រួចហើយ ចំពោះគោលបំណងសាងសង់«ផ្សារគំរូព្រំដែន»នេះ តែ​វៀតណាម​មិនទាន់​ឆ្លើយតប​វិញ​។ តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា អះអាងថា រដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកាជាតិ ក្នុងការ​សាងសង់​ផ្សារ​ព្រំដែន​ទាំងពីរ​នេះ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​២​លាន​ដុល្លារ សម្រាប់​ផ្សារ​នីមួយៗ​។​
 
​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​ទាំងពីរ​នេះ សិក្សា​លើ​ទីតាំង​សាងសង់​ផ្សារ​គំរូ ឱ្យបាន​សមរម្យ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ប្រជាពលរដ្ឋ នៅតាម​តំបន់​ព្រំដែន​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការរៀបចំ​ផ្សារ​គំរូ​នៅតាម​ព្រំដែន​នេះ គឺ​ដើម្បី​ថែរក្សា​ស្ថិរភាព និង​សុវត្ថិភាព​ជូន​ពលរដ្ឋ​។​
 
​នៅ​ព្រឹក​ថ្ងៃទី​២៤ ធ្នូ​នេះ រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​បើក​ឱ្យ​ដំណើរការ «​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​» ឬ «​ផ្សារ​ដារ​» ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា​រី​ត្បូងឃ្មុំ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើ​ផ្ទៃដី​ទំហំ​ប្រមាណ​២​ហិកតា ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ព្រំប្រទល់​ជាមួយ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ ផ្សារ​នេះ​សាងសង់ឡើង ដោយ​ចំណាយ​ទឹកប្រាក់​ជិត​២​លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។​
 
​ផ្សារ​គំរូ​ព្រំដែន​កម្ពុជា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់លក់​តែ​ផលិតផល​របស់​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតឱ្យ​លក់​ផលិត​ប្រទេស​ដទៃ​នោះឡើយ​។ នេះ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំពឹងថា សក្ដានុពល​នៃ​ផ្សារ​គំរូ​ព្រំដែន​នេះ នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ភាគី​ទាំងពីរ​ឱ្យដល់​៥​ពាន់​ដុល្លារ​អាមេរិក តាម​ការគ្រោងទុក​៕​

Tag:
 ហ៊ុន សែន
  ផ្សារ​គំរូ​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com