ជាតិ
សង្គមជាតិ
តុលាការ​កំពុង​អនុវត្តតាម​ផ្លូវច្បាប់ លើ​ឧ​ត្ត​ម​សេនីយ៍​ទោ ទុន ដៀ​ត ដែល​ចាក់ដី​លុប​សមុទ្រ​នៅ​កោះកុង​
24, Dec 2019 , 11:30 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ឈឹម មករា អ្នករាយការណ៍របស់ទូរទស្សន៍បាយ័ន
រូបពីហ្វេសប៊ុកលោក ឈឹម មករា អ្នករាយការណ៍របស់ទូរទស្សន៍បាយ័ន
​ភ្នំពេញ​៖ លោក ទុន ដៀ​ត​ ដែល​បាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ ក្នុង​ទំហំ​ទទឹង​៣​ម៉ែត្រ និង​បណ្តោយ​ជាង​៤០​ម៉ែត្រ នៅ​ភូមិ​ស្មាច់​ង៉ា​ម សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបាន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង កំពុង​អនុវត្តតាម​និ​តី​វិធី​ផ្លូវច្បាប់​។ ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ខេត្តកោះកុង រកឃើញ លោក ទុន ដៀ​ត បាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​។​


​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នា​ព្រឹក​ថ្ងៃទី​២៤​ធ្នូ ថា​បច្ចុប្បន្ននេះ ទីតាំង​ឆ្នេរសមុទ្រ ដែល​លោក ទុន ដៀ​ត​បាន​ចាក់ដី​នោះ  ក្រៅពី​កាយ​ដី​ចេញពី​ឆ្នេរសមុទ្រ​វិញ អាជ្ញា​រធរ​ខេត្ត​បាន​ហាមឃាត់​ទីតាំង​នោះ មិន​ឱ្យមាន​សកម្មភាព​អ្វី​ឡើយ ព្រមទាំង​រឹបអូស​យក​គ្រឿងចក្រ​មួយចំនួន និង​បញ្ជា​ឱ្យ​ដកប​ង្កោ​ល​ដែល​បោះ​នៅក្នុង​សមុទ្រ​នោះ​ផងដែរ​។ 

 
​បើតាម​អភិបាលរង​រូបនេះ លោក ទុន ដៀ​ត​ បាន​បោះ​ប​ង្កោ​ល​នៅក្នុង​សមុទ្រ តាំងពី​ឆ្នាំ​២០០៩ មក​ម្លេះ​។ លោក សុខ សុ​ទ្ធី បាន​និយាយ​ដូច្នេះ​ថា​៖« រឿង​ដែល​បាន​កើតឡើង​ក្នុង​ទីតាំង​របស់គាត់​នេះ (​ទុន ដៀត​) គឺ​យើង​ធ្លាប់បាន​ដោះស្រាយ​ម្តង​រួចហើយ កាលពី​ឆ្នាំ​២០០៩​។ ទីតាំង​នេះ យើង​បានឱ្យ​គាត់​កាយ​ដី​ចេញ​ហើយ​ម្ដង​រួចមកហើយ ប៉ុន្តែ​ប​ង្កោ​ល​ដែល​គាត់​បោះ​ក្នុង​សមុទ្រ​នោះ គឺ​នៅ​ដដែល ទោះបីជា​យើង​បាន​ចុះ​ណែនាំ​គាត់​យ៉ាងម៉េច​ក៏ដោយ​។ ហើយ​រហូតដល់​ខែ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​យើង​ស្រាវជ្រាវ​រកឃើញថា គាត់​ចាក់ដី​លុប​សមុទ្រ ដែលមាន​ទទឹង​៣​ម៉ែត្រ និង​បណ្តោយ​៤៣​ម៉ែត្រ​នេះ​»​។ 

​លោក ទុន ដៀ​ត​ត្រូវបាន​គេ​ដឹងថា លោក​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​២​។ កាលពី​ថ្ងៃទី​២១​ធ្នូ ឆ្នាំ​២០១៩ សម្តេច ហ៊ុន សែន បាន​អះអាងថា ប្រសិនបើជា​រកឃើញ មាន​នាយទាហាន​រូប​ណា​ពាក់ព័ន្ធ​នឹង​ការចាក់ដី​ចូល​សមុទ្រ​មែន​នោះ សម្ដេច​នឹង​ដកតំណែង​នាយទាហាន​នោះ​ភ្លាម ។ ប្រមុខ​រដ្ឋាភិបាល បាន​ព្រមាន​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​បញ្ជាក់ជូន​ថា បើសិនជា​រកឃើញ​ករ​ណី​នេះ ខ្ញុំ​មិន​អនុញ្ញាតឱ្យ​ពួកគេ ស្ថិតនៅ​ជា​នាយទាហាន​កម្ពុជា​បន្ត​ទៀត​ទេ​។ បើ​ទុកឱ្យ​ពួកគេ​(​នាយទាហាន​ទាំងនោះ​)​នៅ​ធ្វើ​រឿង​យ៉ាង​ដូច្នេះ នោះ​ពួកគេ​ទាំងនោះ​នឹង​ក្លាយជា​អ្នក​កសាង​រដ្ឋ​នៅក្នុង​រដ្ឋ​ហើយ ។​ដូច្នេះ គឺ​មិន​អនុញ្ញាត​ឱ្យមាន​ករណីនេះ​ទេ​»​។​

​កាលពី​ព្រឹក​ថ្ងៃទី​២២​ធ្នូ សម្តេច បាន​ព្រមាន​ជាថ្មី ដល់​មន្ត្រី​ទាំងអស់ កុំឱ្យ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យសម្បត្តិ​រដ្ឋ​ធ្វើជា​របស់ខ្លួន​ដូចជា ការ​លុប​ដី​សមុទ្រ​នៅ​ខេត្តកោះកុង យក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជាដើម​៕


Tag:
 ទុន ឌៀត
 ចាក់ដី​លុប​សមុទ្រ​
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com