សង្គមអន្តរជាតិ
អន្តរជាតិ
ថៃគ្រោងស្នើដាក់ «បុណ្យសង្ក្រាន្ត» និង «តុមយ៉ាំ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទិដ្ឋភាពអបអរសង្ក្រាន្តនៅបាងកក កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។ រូបថត AFP
× ក្រសួងវប្បធម៌ថៃ បានសម្រេចចិត្តជ្រើសយកពិធីបុណ្យ «សង្ក្រាន្ត» ដើម្បីដាក់បញ្ចូលក្នុងបញ្ជីកេរ្តិ៍មរតកអរូបីរបស់មនុស្សជាតិ របស់អង្គការយូណេស្កូ។ បន្ថែមពីបុណ្យប្រពៃណីថៃនេះ អាហារថៃមួយប្រភេទទៀត គឺស៊ុបតុមយ៉ាំ ក៏ត្រៀមដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូណេស្កូនេះផងដែរ។
ក្រសួងវប្បធម៌ថៃ កំពុងរៀបចំឯកសារដើម្បីសុំការអនុម័តពីគណៈរដ្ឋមន្ត្រីនាខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ ដើម្បីសុំចុះបញ្ជីបុណ្យចូលឆ្នាំប្រពៃណីថៃ ដែលត្រូវបានស្គាល់ជាទូទៅថា បុណ្យចូលសង្ក្រាន្ត ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត៍ ដោយដកស្រង់សម្តីរបស់រដ្ឋមន្ត្រីវប្បធម៌ថៃ។
ជាមួយគ្នានេះដែរ ស៊ុបតុមយ៉ាំឆ្នាំងភ្លើង (Tom Yam Kung) ក៏នឹងជ្រើសរើសដោយក្រសួងវប្បធម៌ថៃដើម្បីដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបីផងដែរ។ នេះបើតាមប្រភពព័ត៌មានថៃដដែល។ អង្គការយូនេស្កូ រំពឹងនឹងប្រកាសពីការសម្រេចចិត្តខ្លួនលើការជ្រើសរើសទាំងពីររបស់ក្រសួងវប្បធម៌ថៃនេះនាឆ្នាំ ២០២២ ខាងមុខ។
គួររម្លឹកផងដែរថា នៅជំនួបកាលពីថ្មីៗនេះក្នុងរដ្ឋធានីបូហ្គោតា នៃប្រទេសកូឡុំប៊ី ពីថ្ងៃទី០៩ ដល់ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអន្តរជាតិរបស់អង្គការយូនេស្កូ បានសម្រេចអនុម័ត ម៉ាស្សាថៃ (Nuad Thai) សម្រាប់ការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។ ម្យ៉ាងវិញទៀត របាំល្ខោននរាហ៍ (Nora) មកពីភាគខាងត្បូង កំពុងរង់ចាំការអនុម័តសម្រាប់ការដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌរបស់យូនេស្កូ នាឆ្នាំ២០២១ ខាងមុខផងដែរ៕
Tag:
ថៃ
សង្ក្រាន្ត
បេតិកភណ្ឌពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com