ភ្នំពេញ៖ មន្ត្រីគយ និងអន្តោប្រវេសន៍ មិនត្រូវរំខានដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ នៅផ្សារគំរូព្រំដែនកម្ពុជានោះទេ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម(ផ្សារគំរូព្រំដែន កម្ពុជា) នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ធ្នូ។
សម្ដេច ហ៊ុន សែន បាននិយាយថា រាល់ការត្រួតពិនិត្យទំនិញ និងឆ្លងដែនចេញចូលកម្ពុជា គឺត្រូវឆ្លងកាត់មន្ត្រីគយ និងអន្តោប្រវេសន៍ ដូច្នេះមន្ត្រីទាំងអស់មិនត្រូវបង្កឧបសគ្គដល់ពលរដ្ឋរកស៊ីនៅ«ផ្សារគំរូព្រំដែន»នោះឡើយ។ ពាក្យ«ឧបសគ្គ »នេះ គឺសម្ដេច ហ៊ុន សែន ចង់សំដៅទៅលើការយកលុយឬពន្ធទំនិញ នាំចេញ-ចូលផ្សារគំរូ ពីពលរដ្ឋ។ មូលហេតុដែលសម្ដេច ហ៊ុន សែន មិនចង់ឱ្យមានការរំខានដល់ពលរដ្ឋរកស៊ីនៅផ្សារគំរូព្រំដែននេះ ព្រោះដើម្បីទប់ស្កាត់ការដោះដូរទំនិញតាមច្រករបៀងផ្សេងៗទៀត។
ថ្លែងចំពោះមុខមន្ត្រី និងអាជ្ញាធរខេត្តត្បូងឃ្មុំ លោកនាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖«នៅតាមច្រកព្រំដែនទាំងអស់អត់មានកាំកុងត្រូលទៀតទេ មានតែមន្ត្រីគយ និងនគរបាលអន្តោប្រវេសន៍ប៉ុណ្ណោះ (ដូច្នេះ) មិនត្រូវធ្វើការរំខានណាមួយទៅដល់ប្រជាជន ក្នុងការរកស៊ីនៅតំបន់(ផ្សារគំរូព្រំដែន)នេះទេ។ ប្រសិនជាមានការណាមួយ នៅក្នុងតំបន់នេះ ប្រជាពលរដ្ឋនឹងបង្កើតច្រករបៀងរកស៊ីដោយខ្លួនឯង។ នោះហើយជាបញ្ហា ដែលគ្រប់គ្រងអត់បាន។ ហើយពេលយើងគ្រប់គ្រងអត់បាន ពួកឧក្រិដ្ឋជនគ្រឿងញៀន និងការធ្វើឧក្រិដ្ឋកម្មផ្សេងៗ នឹងឆ្លៀតប្រើច្រករបៀងទាំងនោះ។ ដូច្នេះបានជាខ្ញុំស្នើឱ្យធ្វើការនេះ ឱ្យបានហ្មតចត់»។
ប្រមុខរដ្ឋាភិបាលក៏ឆ្លៀតព្រមានអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ្ឌ ឱ្យយកចិត្តទុកដាក់គ្រប់គ្រងផ្សារគំរូមួយផងដែរ បើសិនជាមិនចង់បាត់បង់តំណែង។ «ផ្សារនេះ ជាផ្សារគំរូ។ បើសិនផ្សារនេះបរាជ័យ ផ្សារដទៃផ្សេងទៀត ដែលយើងត្រៀមបង្កើតឡើង វាគ្មានវឌ្ឍនភាពទេ។ អ៊ីចឹងអភិបាលខេត្តនៅកន្លែងនេះ ត្រូវឱ្យច្បាស់នៅកន្លែងហ្នឹង។បើផ្សារហ្នឹងបរាជ័យ លោកឯងក៏អត់អាចធ្វើចៅហ្វាយខេត្តបានដែរ ខ្ញុំដកចេញចោល»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
រដ្ឋាភិបាល គ្រោងសាងសង់«ផ្សារគំរូ» ចំនួន២ទៀត នៅក្នុងខេត្តកំពត និងខេត្តស្វាយរៀង។សម្តេច ហ៊ុន សែន បានស្នើទៅវៀតណាមរួចហើយ ចំពោះគោលបំណងសាងសង់«ផ្សារគំរូព្រំដែន»នេះ តែវៀតណាមមិនទាន់ឆ្លើយតបវិញ។ តែយ៉ាងណាលោកនាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ ក្នុងការសាងសង់ផ្សារព្រំដែនទាំងពីរនេះ ដែលត្រូវចំណាយថវិកាប្រមាណជា២លានដុល្លារ សម្រាប់ផ្សារនីមួយៗ។
សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តទាំងពីរនេះ សិក្សាលើទីតាំងសាងសង់ផ្សារគំរូ ឱ្យបានសមរម្យ ដើម្បីផ្ដល់ភាពងាយស្រួលប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន។ បើតាមប្រមុខរដ្ឋាភិបាល ការរៀបចំផ្សារគំរូនៅតាមព្រំដែននេះ គឺដើម្បីថែរក្សាស្ថិរភាព និងសុវត្ថិភាពជូនពលរដ្ឋ។
«ផ្សារគំរូព្រំដែនកម្ពុជា» ឬ «ផ្សារដារ» ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំប្រមាណ២ហិកតា ចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម។ ផ្សារនេះសាងសង់ឡើង ដោយចំណាយទឹកប្រាក់ជិត២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។
ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាមប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរំពឹងថា សក្ដានុពលនៃផ្សារគំរូព្រំដែននេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មភាគីទាំងពីរឱ្យដល់៥ពាន់ដុល្លារអាមេរិក តាមការគ្រោងទុក៕