អន្តរជាតិ
ឥណ្ឌា​ពង្រឹង​សន្ដិសុខ​បន្ថែមទៀត ខណៈ​មានការ​ខឹងសម្បា​នឹង​ច្បាប់​ផ្ដល់​សញ្ជាតិ​ថ្មី​
25, Dec 2019 , 7:59 pm        
រូបភាព
ពលរដ្ឋ​ឥណ្ឌា​កាន់​ទង់ជាតិ​ និង​បដា​នោ​ក្នុង​ការ​តវ៉ា​មួយ​រៀបចំ​ដោយ​អង្គការ​កាន់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​ នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩។
ពលរដ្ឋ​ឥណ្ឌា​កាន់​ទង់ជាតិ​ និង​បដា​នោ​ក្នុង​ការ​តវ៉ា​មួយ​រៀបចំ​ដោយ​អង្គការ​កាន់​សាសនា​ឥស្លាម​ប្រឆាំង​នឹង​ច្បាប់​សញ្ជាតិ​ថ្មី​ នៅ​ក្នុង​ក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០១៩។
ដោយ: VOA
​អាជ្ញាធរ​ឥណ្ឌា​បាន​ពង្រឹង​សន្ដិសុខ​បន្ថែមទៀត និង​បាន​កាត់ផ្ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅតាម​តំបន់​មួយចំនួន​នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល​សមាជិក​គណ​បក្ស​កាន់អំណាច​មាន​គ​ម្រោ​ង​នឹង​រៀបចំ​ការដើរ​ដង្ហែ​ក្បួន​នានា​ដែល​គាំទ្រ​ដល់​ច្បាប់​ថ្មី​ស្ដីពី​ការទទួលបាន​សញ្ជាតិ​។ ប៉ុន្តែ​ការតវ៉ា​នៅ​ទូទាំងប្រទេស​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ​កំពុងតែ​ខ្លាំងក្លា​ឡើង​។​

 
​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​បាន​និយាយថា រដ្ឋាភិបាល​រំពឹងថា មន្ត្រី​សន្ដិសុខ​នៅក្នុង​រដ្ឋ​ទាំងអស់​នឹងត្រូវ​ធ្វើការ​នៅ​ថ្ងៃមុន​បុណ្យ​ណូអែល​និង​ពេញ​មួយ​សប្ដាហ៍​តែម្ដង​។​
 
​មន្ត្រី​សន្ដិសុខ​ជាន់ខ្ពស់​ម្នាក់​នៅក្នុង​ទីក្រុង​ញូ​វ​ដេលី បាន​និយាយថា​៖ «​យើង​ចង់ឱ្យ​ប៉ូលិស​ទប់ស្កាត់​ការផ្ទុះ​អំពើហិង្សា ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់ថា ស្ថានភាព​នេះ​អាច​អាក្រក់​រហូតដល់​ទប់ទល់​លែង​បាន ដូច្នេះ​កងកម្លាំង​យោធា​នឹង​ត្រូវដាក់​បញ្ឈរជើង​នៅតាម​ទីផ្សារ​និង​ទីសាធារណៈ​នា​ន‍ា​»​។​
 
​ការតវ៉ា​យ៉ាងហោចណាស់​ចំនួន​២០​ដែល​គាំទ្រ​ឬ​ប្រឆាំងនឹង​ច្បាប់​ថ្មី​នេះ​គ្រោង​នឹងធ្វើ​ឡើង​នៅតាម​ទីក្រុង​នានា​។ អ្នក​តវ៉ា​មកពី​ភាគី​ទាំងសងខាង​បាន​សរសេរ​សា​រលើ​បណ្ដាញ​សង្គម​ដើម្បី​ឲ្យ​មនុស្សម្នា​នាំគ្នា​ចេញមក​តវ៉ា​នៅ​ថ្ងៃបុណ្យ​ណូអែល​និង​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​។​
 
​ច្បាប់​វិសោធនកម្ម​សញ្ជាតិ​ហៅ​កាត់​ថា CAA មាន​គោលបំណង​ព​ន្លឿ​ន​ការផ្ដល់​សញ្ជាតិ​ដល់​អ្នក​កាន់សាសនា​ហិណ្ឌូ សាសនា​ប៉ា​ស៊ី សាសនា​ឥស្លាម​និកាយ Sikhs សាសនាព្រះពុទ្ធ សាសនា​គ្រិស្ត និង​សាសនា​ដទៃទៀត ដែល​បាន​មកដល់​ប្រទេស​ឥណ្ឌា​មុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ដែល​ពួកគេ​ទាំងនោះ​មកពី​ប្រទេស​សម្បូរ​អ្នក​កាន់សាសនា​ឥស្លាម គឺ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បង់​ក្លា​ដែ​ស និង​ប៉ា​គី​ស្ថាន​។ ច្បាប់​នេះ​ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃទី​១១ ខែធ្នូ និង​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​នៅក្នុង​រដ្ឋ Assam​។ អ្នក​តវ៉ា​ភ័យខ្លាច​ថា ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​អ្នកស្រុក​រស់នៅ​ដោយ​ស្របច្បាប់​មកពី​ប្រទេស​បង់​ក្លា​ដែ​ស​ក្លាយទៅជា​ជនអន្តោប្រវេសន៍​ខុសច្បាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com