លោក Sylvain Julienne អ្នកថតរូបសារព័ត៌មានជនជាតិបារាំង បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុង Evreux តំបន់ Normandie ប្រទេសបារាំង ដែលជាទីកំណើតរបស់លោកផងដែរ។ នេះបើតាមការផ្សាយរបស់គេហទំព័រ L’Oeil de la Photographie ។ លោក Sylvain ជាអ្នកប្រមាញ់រូបថតដ៏ល្បីល្បាញក្នុងសម័យសង្គ្រាម ជាពិសេសនាសម័យខ្មែរក្រហមផងដែរ។
ក្នុងអាយុ២១ឆ្នាំ លោក Sylvain Julienne បានផ្សាយរូបថតដំបូងៗរបស់ខ្លួននៅលើសារព័ត៌មាន The Village Voice ពេលដែលលោកទៅរស់នៅក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រោយមក លោកបានត្រឡប់ទៅរស់នៅប្រទេសបារាំងវិញ ដើម្បីបម្រើការឲ្យ Life Magazine។
បេសកកម្មដ៏ធំលើកដំបូងរបស់លោក Sylvain គឺចេញទៅថតរូបក្នុងព្រឹត្តិការណ៍ជម្លោះនយោបាយនៅអៀរឡង់ខាងជើង កាលពីអំឡុងឆ្នាំ១៩៦៨។ បន្ទាប់មកទៀត លោកបានទៅចូលរួមជាមួយភ្នាក់ងារសារព័ត៌មានបារាំង Gamma ហើយទៅបំពេញបេសកកម្មនាអំឡុងរដ្ឋប្រហារនៅស៊ីលី អស់រយៈពេលជាច្រើនខែក្នុងឆ្នាំ១៩៧៣។
នាអំឡុងឆ្នាំ១៩៧៤ លោកបានប្តូរទៅបម្រើការនៅភ្នាក់ងារថតរូបសារព័ត៌មាន Sygma ក្រោមការគ្រប់គ្រងរបស់លោក Hubert Henrotte។ លោក Sylvain បានមកកាន់កម្ពុជា ហើយប្រឈមគ្រោះថ្នាក់ដល់ជីវិតជាច្រើនលើកច្រើនសារ។
លោក Sylvain ស្ថិតក្នុងចំណោមសាក្សីម្នាក់ ដែលបានមើលឃើញព្រឹត្តិការណ៍កាន់កាប់ក្រុងភ្នំពេញ នាខែមេសា ឆ្នាំ១៩៧៥ ដោយពួកខ្មែរក្រហម ហើយលោកក៏ស្ថិតក្នុងចំណោមមនុស្សដែលបានជាប់ឃុំអស់រយៈពេល១៥ថ្ងៃក្នុងស្ថានទូតបារាំងទៀតផង។
នៅកម្ពុជា លោក Sylvain ក៏បានធ្វើការងារមនុស្សធម៌មួយចំនួនផងដែរ ជាពិសេសការប្រឹងជួយដល់កុមារ២រូបតែជាអកុសលកុមារី ផល្លាអាយុ២ឆ្នាំ បានស្លាប់ដោយសារខ្សោះជាតិទឹក រីឯកុមារា ផល្លី អាចរស់រានមានជីវិត ដោយលោករៀបចំឯកសារធានាយករូបគេទៅចិញ្ចឹមនៅបារាំង។
៣ខែមុនមរណភាព លោក Sylvain បានផ្តល់បទសម្ភាសដ៏វែងមួយជាមួយសារព័ត៌មាន La Depeche ហើយបានរៀបរាប់ពីដំណើរជីវិតរបស់លោក មុនពេលសម្រេចទៅរស់នៅស្រុកកំណើតវិញ។ លោកបានលើកឡើងថា៖ «ខ្ញុំពិតជាបានធ្វើកំហុសឆ្គងជាច្រើនកាលពីជាតិមុនៗ ដូច្នេះការបញ្ចប់ជីវិតនៅទីដែលអ្នកបានកើត ក្រោយធ្វើដំណើរជុំវិញពិភពលោកពី២០ ទៅ៣០លើក ក៏ដូចជាការលាងបាប និងការទទួលពិន័យយ៉ាងដូច្នោះដែរ»។
ដំណើរជីវិតឯកជនរបស់លោក មិនត្រូវបានបញ្ចេញជាសាធារណៈឡើយ ប៉ុន្តែក្នុងបទសម្ភាសជាមួយ La Depeche លោក Sylvain បង្ហាញពីអារម្មណ៍ឯកោ នៅពេលដែលកូនប្រុសតែមួយរបស់លោក [ប្រហែលជាកូនចិញ្ចឹមពីកម្ពុជា] ចាកចេញទៅបន្តការសិក្សានៅ Rouen។ នៅ Evreux លោក Sylvain បានបើកហាងលក់ទំនិញដែលលក់ផលិតពីថៃ និងឥណ្ឌូណេស៊ី។
ក្រៅពីអៀរឡង់ខាងជើង ស៊ីលី និងកម្ពុចា លោក Sylvain ក៏បានទៅយកព័ត៌មានក្នុងព្រឹត្តិការណ៍នយោបាយក្តៅគគុក និងសង្គ្រាមនៅភូមា ព័រទុយហ្គាល់ អ៊ីរ៉ង់ លីបង់ អាហ្សង់ទីន តួកគី និងបណ្តាប្រទេសមួយចំនួនទៀត។
លោកបានឃើញមិត្តរួមអាជីពជាច្រើនរបួស និងស្លាប់ ប៉ុន្តែខ្លួនគាត់ផ្ទាល់មិនដែលមានបញ្ហារបួសស្នាមឡើយ ដោយគ្រាន់តែធ្លាប់មានប្រវត្តិជាប់ឃុំនៅទូតបារាំងក្នុងប្រទេសកម្ពុជារយៈពេល១៥ថ្ងៃ និងត្រូវបានចាប់ឃុំដោយតួកគីនៅក្រុង Adana មួយឆ្នាំ៕