អន្តរជាតិ
លោក ត្រាំ ឌឺ លោក គីម ជុំវិញ​អំណោយ​ថ្ងៃបុណ្យ​ណូអែល​
25, Dec 2019 , 2:11 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​ឌឺដង ដាក់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជុំវិញ​បញ្ហា​អំណោយ​ថ្ងៃបុណ្យ​ណូអែល​។ បើតាម​លោក ដូ​ណា​ល់ ត្រាំ អាមេរិក នឹង​ចាំ​មើលថា​តើ​មានរឿង​អ្វី​កើតឡើង ហើយ​អាមេរិក នឹង​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បាន​ជោគជ័យ​។ អ្វីដែល​គេ​រំពឹង គឺ​កូរ៉េខាងជើង អាច​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ឆ្ងាយ​។


 
​ប្រាប់​អ្នកកាសែត​នា​កន្លែង​សម្រាក​លំហែកាយ Mar-a-Lago លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « យើង​នឹង​រង់​ចាំមើល ថា​តើ​មាន​អ្វីដែល​ភ្ញាក់ផ្អើល​កើតឡើង ហើយ​យើង​នឹង​ដោះស្រាយ​វា​ឲ្យ​បាន​ជោគជ័យ​»​។ ការលើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ ចំៗ​បែបនេះ គឺ​ដើម្បី​ឌឺដង​ដាក់​កូរ៉េខាងជើង ដែល​បាន​ព្រមាន​ថា ខ្លួន​នឹង​ផ្តល់​ការដូ​ដ៏​សាក​សមនៅ​ថ្ងៃបុណ្យ​ណូអែល តាម​អ្វីដែល​អាមេរិក​ចង់បាន​។ 
 
​ជាមួយគ្នានេះ លោក ត្រាំ បាន​បន្តទៀតថា អាមេរិក​ជឿថា វា គឺជា​អំណោយ​ដ៏​ល្អ​មួយ ដែល​ទីក្រុង​ព្យុងយ៉ាង​ចង់​ឲ្យ ហើយ​សង្ឃឹមថា ទីក្រុង​ព្យុងយ៉ាង នឹងមិន​ផ្តល់​អំណោយ​ជាការ​សាកល្បង​មី​ស៊ី​ល​ទៅ​ចុះ​។ យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​កាដូ​បុណ្យ​ណូអែល​របស់​កូរ៉េខាងជើង គឺជា​អ្វី​ទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មេដឹកនាំ​កូរ៉េខាងជើង បាន​ជំរុញ​ឲ្យ​អាមេរិក ផ្លាស់ប្តូរ​របៀបវារៈ​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ចេញ ដើម្បី​ផ្តល់​សម្បទាន​ដល់​កូរ៉េខាងជើង​ឲ្យ​ច្រើនជាង​មុន​។ កូរ៉េខាងជើង​ព្រមាន​ថា បើ​អាមេរិក មិន​ផ្លាស់ប្តូរ​របៀបវារៈ​ចេញ​ទេ ទីក្រុង​ព្យុងយ៉ាង នឹង​ផ្តល់​អំណោយ​ដ៏​សក្តិសម​។ តាម​កត់សម្គាល់​ពី​អ្នកជំនាញ ក៏ដូចជា​មេបញ្ជាការ​យោធា​អាមេរិក កូរ៉េខាងជើង​ទំនងជា​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ចម្ងាយ​ឆ្ងាយ​។ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​មើល​សិន​ថា​តើ កូរ៉េខាងជើង​ពិតជា​សាកល្បង​មី​ស៊ី​ល​មែនឬ​អត់ ហើយ​ជា​ប្រភេទ​អ្វី​។ 
 
​ថ្មីៗ​នេះ លោក គីម  បាន​ដឹកនាំ​កិច្ចប្រជុំ​យោធា​ជាន់ខ្ពស់​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព និង​ជជែក​លើ​បញ្ហាសំខាន់​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ខណៈពេល​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត បក្ស​ពលករ​កូរ៉េ នឹង​បើក​កិច្ចប្រជុំ​របស់ខ្លួន​ដើម្បី​ពិភាក្សា​ពី​បញ្ហា​នានា និង​ដាក់​ទិសដៅ​ឆ្នាំ​ថ្មី​។ អ្វីដែល​គេ​រំពឹង​នោះ គឺ​កូរ៉េខាងជើង​អាច​ប្រកាស​បញ្ចប់​ការផ្អាក​ការសាកល្បង​នុយក្លេអ៊ែរ​របស់ខ្លួន​ផងដែរ​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com