ជាតិ
ក្រោយ​គ្មាន​តម្លៃ​ទីផ្សារ លោក សុ​ភ័​ក្រ ប្រាប់​ឱ្យ​ពលរដ្ឋ ទៅ​ប្រមូលយក​ស្ពៃជើងទា​របស់ខ្លួន ដោយ​ឥតគិតថ្លៃ
25, Dec 2019 , 4:24 pm        
រូបភាព
ចម្ការស្ពៃជើងទា (រូបភាពពីទំព័រហ្វេសប៊ុករបស់ លោក សុភ័ក្រ)
ចម្ការស្ពៃជើងទា (រូបភាពពីទំព័រហ្វេសប៊ុករបស់ លោក សុភ័ក្រ)
​ភ្នំពេញ​៖ លោក អ៊ឹម សុ​ភ័​ក្រ ជា​កសិករ​ដាំ​ស្ពៃជើងទា នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ប្រកាស​ចែក​ស្ពៃ​ជើង​ទា​ជាង​១០​តោន ឲ្យ​ពលរដ្ឋ​ដែលមាន​បំណង​ចង់បាន ដោយ​ឥតគិតថ្លៃ ចាប់​ថ្ងៃទី​២៥ ដល់​២៧ ធ្នូ ឆ្នាំ​២០១៩​។ លោក សុ​ភ័​ក្រ ប្រកាស​ចែក​ស្ពៃ​នេះ ដោយសារតែ​តម្លៃ​ទាប​ពេក ហើយ​មិនសូវមាន​អ្នកទិញ ។​

 
​កសិករ​វ័យ​៤០​ឆ្នាំ​រូបនេះ បាន​ដាំ​ស្ពៃជើងទា​លើ​ផ្ទៃដី​២​ហិកតា ដែល​ទទួលបាន​ផល​ប្រមាណ​ជិត​៥០​តោន ។ លោក​បាន​កាត់​ស្ពៃជើងទា​លក់​អស់​មួយចំនួនធំ ក្នុងតម្លៃ​៤០០​ទៅ​៥០០​រៀល នៅ​អំឡុង​ថ្ងៃទី​១០​ដល់​ថ្ងៃទី​២០ ធ្នូ នេះ​។ លុះដល់​ថ្ងៃ​២៥ ធ្នូ​នេះ លោក សុ​ភ័​ក្រ បានសម្រេច​ចិត្ត​ចែក​ស្ពៃ​ដែល​នៅសល់​ជាង​១០​តោន ឲ្យ​ពលរដ្ឋ​មក​កាត់​យក​ដោយ​ខ្លួនឯង​។ ហើយ​បើ​គ្មាន​អ្នកយក​ស្ពៃ​ទាំងនេះ​ទេ លោក សុ​ភ័​ក្រ នឹង​ភ្ជួរ​(​ឈូសឆាយ​)​ស្ពៃ​ចោល ក្រោយ​ថ្ងៃទី​២៧ ធ្នូ  ព្រោះ​វា​ដល់​អាយុកាល ដូច្នេះ​បើ​មិន​ភ្ជួរ​ចោល វា​ក៏​រលួយ​ដែរ​។​
 
«​ខ្ញុំ​មិន​ចង់​លក់​ស្ពៃ​ទាំងនេះ​ទេ ដោយសារ​តម្លៃ​ទាប​ពេក​ត្រឹម​៣០០​រៀល ហើយ​អ្នកទិញ ទិញ​ចំនួន​តិចៗ (​ទិញ​យកទៅ​បរិភោគ ឬ​លក់​ខ្លះ​) មិនមែន​ម៉ៅ​ទិញ​ទាំងអស់​ផង​។ អ៊ីចឹង ខ្ញុំ​សម្រេចចិត្ត​ឲ្យ​ពលរដ្ឋ​នៅក្នុង​ស្រុក​ដែល​ចង់​បានមក​កាត់​យក​»​។ នេះ​បើតាម​ការអះអាង​របស់​លោក សុ​ភ័​ក្រ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៥ ធ្នូ ឆ្នាំ​២០១៩​។​
 
​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ កសិករ​រូបនេះ បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​និង​រក​ទីផ្សារ​សម្រាប់​គាត់ ខណៈ​ស្ពៃ​ជាច្រើន​តោន​កំពុង​ប្រឈមមុខ​នឹង​ការខូចខាត ដោយសារ​គ្មាន​អ្នកបញ្ជា​ទិញ​។ ក្រោយ​ការអំពាវនាវ​នេះ មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង និង​ប្រធាន​កសិកម្ម​ស្រុក​រតនមណ្ឌល បាន​ចុះទៅពិនិត្យ និង​ណែនាំ​ដល់ លោក សុ​ភ័​ក្រ អំពី​ផែនការ​នៃ​ការដាំដុះ​។

«​មន្ទីរ​កសិកម្ម​បាន​ចុះ​មើល ស្ពៃ​ដែល​បាន​ដាំ​ដុះ​លើដី​ខ្ញុំ ហើយ​ថា​មន្ទីរ​ក៏​មិនដឹង​ធ្វើ​យ៉ាង​ដែរ ព្រោះស្ពៃ​ដល់ពេល​កាត់​ហើយ​។ មន្ទីរ​ថា នឹង​ជួយ​រក​ទីផ្សារ​ឲ្យ ហើយ​ពេល​ហ្នឹង ខ្ញុំ​ក៏​សុំ​ឲ្យ​មន្ទីរ​ជួយ​បង្រៀន​ពី​បច្ចេកទេស​នៃ​ដាំ​បន្លែ​និង​ប្រើប្រាស់​ថ្នាំ​ផងដែរ​»​។ នេះ​ជា​លើកឡើង​របស់លោក សុ​ភ័​ក្រ ដោយ​បន្ថែមថា ខាង​មន្ទីរ​សន្យា​នឹង​ចុះមក​ណែនាំ​ពី​គម្រោង «​អេ​ម​» ដល់​ពលរដ្ឋ​នៅ​ភូមិ​គីឡូ​៣៨ ឃុំ​ត្រែង ដែល​លោក​រស់នៅ ឲ្យ​មាន​ផែនការ​ក្នុង​ការដាំដុះ​ក្នុង​វិស័យ​កសិកម្ម នៅ​ថ្ងៃទី​៣០ ធ្នូ​នេះ ៕

Tag:
 ស្ពៃជើងទា
© រក្សាសិទ្ធិដោយ thmeythmey.com