ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ាន់ រិទ្ធី បារម្ភ «​សូម្បីតែ​ក្មេង​តូចៗ​ក៏​មើល​ទូរ​សព្ទ​ច្រើន​ដែរ​»
25, Dec 2019 , 8:39 pm        
រូបភាព
ដោយ:
​លោក ប៉ាន់ រិទ្ធី ហាក់​មិន​ស្ងប់ចិត្ត​ឡើយ ដោយ​សង្កេតឃើញ​មនុស្ស​វ័យក្មេង​នៅ​កម្ពុជា រាប់​ចាប់ពី​កុមារ​អាយុ​ប្រាំ ប្រាំមួយ​ឆ្នាំ​ឡើង កាន់​ទូរ​សព្ទ​ចុច​លេង និង​មើល​វី​ឌី​អូ​ផ្សេងៗ​។ បើតាម​ចំណេះ​របស់លោក ការមើល​បែបនេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ពីរ​ផ្នែក​។ ទី​១ ផ្នែក​រូប​កាយ គឺ​ភ្នែក និង​ខួរក្បាល​ជាដើម​។ លោក​ជំរុញ​ឲ្យ​អាណាព្យាបាល​ស្វែងរក​ការពន្យល់​ពី​វេជ្ជបណ្ឌិត បើ​ចង់ដឹងថា​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​កម្រិតណា​។ ទី​២ គឺ​ផ្នែក​សតិអារម្មណ៍ គឺ​សំដៅ​ខ្លឹមសារ​ដែល​ចេញពី​រូបភាព វី​ឌី​អូ ទាំងនោះ ដូចជា​ខ្លឹមសារ​បែប​អំពើហិង្សា​ជាដើម ដែល​វា​ជ្រាប​ចូលក្នុង​សតិអារម្មណ៍​កុមារ​។ ផ្នែក​ទី​២​នេះ គឺ​ចំ​ជំនាញ​របស់លោក ប៉ាន់ រិទ្ធី តែម្ដង ព្រោះ​លោក​ជា​ផលិតករ​ភាពយន្ត ហើយ​លោក​យល់ដឹង​ទូលំទូលាយ​ទាក់ទង​នឹង​រូបភាព វី​ឌី​អូ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​


 
​សូម​ស្ដាប់​ការសន្ទនា​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ប៉ាន់ រិទ្ធី ផលិតករ​ភាពយន្ត ដូចតទៅ​នេះ​៖



 
«​វា​(​ក្មេងៗ​)​មិនទាន់​ចេះ​ជ្រើសរើស​ទេ ឲ្យ​វា​មើល​ផ្ដេសផ្ដាស​វា​ទៅហើយ ហើយ​ពួគ​(​វី​ឌី​អូ​..)​ធ្វើ​ផ្ដេសផ្ដាស ខ្វះ​អី​? មួយ​គំនរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ាន់ រិទ្ធី មុននឹង​លោក​បន្ត​ដូច្នេះ​ថា​៖«​ការអប់រំ​ទូទៅ គេ​ឲ្យ​ឳ​ពុក​ម្ដាយ​ដឹង សាលា​ដឹង ឲ្យ​គ្រូពេទ្យ​ទៅ​ពន្យល់​ទៅ​តើ​វា​រំខាន​ខួរក្បាល ភ្នែក កូន​របស់​អ្នក​យ៉ាងណា​?»​។​
 
​តែ​អាណាព្យាបាល​ថា​ពិបាក មិនដឹង​មាន​អ្វី​ផ្សេង​ឲ្យ​ក្មេង​លេង​ជំនួស​ទូរ​សព្ទ​?
 
​លោក ប៉ាន់ រិទ្ធី ឆ្លើយតប​ដូច្នេះ​ថា​៖«​ចុះ​ពី​ដើម​ខ្ញុំ​លេង​ជាមួយ​ដីឥដ្ឋ​ផង មាន​ឧបករណ៍​ខ្លះ​លេង​ទៅ​អប់រំ​កូនចៅ​យើង តែ​ខ្លះទៀត​អត់​បានការ​អី​ទេ ខូច​ភ្នែក​ជាដើម​ផង​។ មិនមែន​ថា​មិន​ឲ្យ​លេង​សោះ​ទេ ឲ្យ​វា​លេង​មាន​ម៉ោង​ផង ឯណា​បើ​គ្រាន់​ទៅ​ហូប​គុយទាវ ឲ្យ​កូន​មើល​ដែរ មកពី​យើង​បណ្ដោយ​ឲ្យ​ក្មេង​លេង​»​។  
 
​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ព្រួយបារម្ភ​ដែរ ហើយ​គេ​បារម្ភ​មុន​ទៅទៀត ព្រោះ​ប្រទេស​គេ​ជឿនលឿន​មុន តែ​គេ​រឹតត្បិត​ការលេង​ទូរ​សព្ទ​របស់​ក្មេង ទាំង​នៅផ្ទះ និង​មិន​អនុញ្ញាត​ក្នុង​សាលារៀន​ឡើយ​។ នេះ​បើតាម​លោក ប៉ាន រិទ្ធី ។​
 
​ជា​ដំណោះស្រាយ​មួយចំនួនទៀត គឺ​ការអប់រំ​ក្នុង​សាលា មាន​វេជ្ជបណ្ឌិត​ទៅប្រាប់​ពី​ហា​នី​ភ័យ​សុខភាព​ចំពោះ​ការលេង​ទូរ​សព្ទ​។ ការបង្រៀន​ឲ្យ​កុមារ និង​យុវវ័យ ចេះ​មើល​ភាពយន្ត ឬ​វី​ឌី​អូ​ល្អៗ ជា​ប្រយោជន៍​។ លោក​និយាយថា​នៅ​ប្រទេស​ខ្លះ​គ្រូ​មើល​ភាពយន្ត​ជាមួយ​សិស្ស ហើយ​វែកញែក​អ្វី​ល្អ អ្វី​អាក្រក់ ក្នុង​ថ្នាក់រៀន​។ លោក​បន្ថែមថា កម្ពុជា​ត្រូវ​ផលិត​ខ្លឹមសារ​ល្អៗ​បញ្ចូល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សព្វថ្ងៃ ដើម្បី​ឲ្យ​អ្នកមើល​មាន​ជម្រើស និង​បញ្ជ្រាប​នូវ​អ្វី​ដែលជា​របស់​ជាតិ​ខ្លួន ចៀសវាង​មើល​ខ្លឹមសារ​របស់​បរទេស​ច្រើនពេក​៕

Tag:
 ប៉ាន់ រិទ្ធី​
  ទូរ​សព្ទ​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com