អន្តរជាតិ
មិនធម្មតា​! អាមេរិក​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​បួន​គ្រឿង​ព្រម​គ្នា​ហោះ​លើ​ឧបទ្វីប​កូរ៉េ​
25, Dec 2019 , 9:19 pm        
រូបភាព
​កងទ័ព​អាមេរិក បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ដល់​ទៅ​បួន​គ្រឿង​ហោះ​ពីលើ​ឧបទ្វីប​កូរ៉េ​ព្រម​គ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​វេ​សាយ​តាមដាន​ការហោះហើរ​នៅ​ថ្ងៃទី​២៥ ខែធ្នូ​។ វត្តមាន​ដ៏​កម្រ​នៃ​យន្តហោះ​យកការណ៍​ម្ដង​បួន​បែបនេះ កើតឡើង​ស្របពេល​មានការ​បារម្ភ​ថា កូរ៉េខាងជើង​អាច​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ណាមួយ ជា​អំណោយ​ថ្ងៃបុណ្យ​គ្រិស្ត​ម៉ាស​ឲ្យ​អាមេរិក​។ នេះ​ក៏​បង្ហាញថា វ៉ាស៊ីនតោន​តាន​ដាន​ឥត​ប៉ប្រិចភ្នែក​ផែនការ​របស់​ព្យុងយ៉ាង​។​

 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ អាមេរិក​បាន​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ឲ្យ​ហោះ​ពីលើ​ឧបទ្វីប​កូរ៉េ​ជា​បន្តបន្ទាប់​ដើម្បី​តាមដាន​សកម្មភាព​កូរ៉េខាងជើង​។ អាច​ថា​ជា​រឿង​មិនធម្មតា​មួយ យន្តហោះ​ស៊ើបការណ៍​អាមេរិក​ដល់​ទៅ​បួន​គ្រឿង បាន​ហោះ​ក្នុងពេល​តែមួយ​ពីលើ និង​ជុំវិញ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃទី​២៤ និង​ទី​២៥ ខែធ្នូ​។ 
 
​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ Aircraft Spots ដែល​តាមដាន​ចរាចរណ៍​ផ្លូវអាកាស យន្តហោះ​ស៊ើបការណ៍​ទាំង​បួន​មាន RC-135W Rivet Joint, E-8C, RQ-4 Global Hawk និង RC-135S Cobra Ball ។ បេសកកម្ម​របស់​យន្ត​ហោះ​យកការណ៍​ទាំង​បួន គឺ​តាមដាន​សកម្ម​ភាពខុស​ប្លែក​ពី​ធម្មតា​ណាមួយ​របស់​កូរ៉េខាងជើង ដែល​បាន​គំរាម​ឲ្យ​អំណោយ​គាប់ចិត្ត​សម្រាប់​អាមេរិក​អំឡុង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​គ្រិស្ត​ម៉ាស​។  
 
​យន្តហោះ RC-135W និង E-8C ហោះ​លើ​កម្ពស់​ជិត​៩,៥​គីឡូម៉ែត្រ ខណៈ​យន្តហោះ RQ-4 Global Hawk ហោះ​លើ​កម្ពស់​១៦​គីឡូម៉ែត្រ​។ យន្តហោះ RC-135S Cobra Ball ធ្វើដំណើ​មកពី​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​នៅ​ជប៉ុន Kadena ហើយ​ធ្វើ​បេសកកម្ម​នៅ​ពីលើ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap យន្តហោះ​ចាក់​សាំង KC-135R ក៏​ហោះ​ពីលើ​សមុទ្រ​ខាងកើត​នេះដែរ​។ 
 
​វត្តមាន​យន្តហោះ​ស៊ើបការណ៍​ព្រម​គ្នា​បែបនេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​អាមេរិក​លើស​ភាព​ការណ៍​នៅ​ឧបទ្វីប​កូរ៉េ ស្របពេល​កូរ៉េខាងជើង​ប្រុង​ធ្វើ​សកម្មភាព​គឃ្លើន​ម្ដងទៀត​។ ការ​គំរាម​ផ្ដល់​អំណោយ​ថ្ងៃ​គ្រិស្ត​ម៉ាស ត្រូវបាន​គេ​មើលឃើញថា ជា​សញ្ញា​នៃ​ការចាប់ផ្ដើម​ឡើងវិញ​ការសាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ខណៈ​ឱសានវាទ​របស់​កូរ៉េខាងជើង​ឲ្យ​អាមេរិក​ផ្លាស់ប្ដូរ​គោលនយោបាយ​ចរចា​នោះ ខិត​កៀក​មែនទែន​ទៅហើយ​។​
 
​យន្តហោះ​អាមេរិក ទំនង​ប្រមូល​ព័ត៌មាន​ទាក់ទង​សកម្មភាព​កូរ៉េខាងជើង​ដែល​ទាក់ទង​ការបាញ់​មី​ស៊ី​ល ឬក៏​ការវិវត្ត​ណាមួយ​នៅ​ទីតាំង​បាញ់​មី​ស៊ី​ល​របស់​ព្យុងយ៉ាង​។ មជ្ឈមណ្ឌល​បាញ់​ផ្កាយរណប Sohae អាចជា​គោលដៅ​របស់​របស់​យន្ត​ហោះ​អាមេរិក ព្រោះ​ទីនោះ កូរ៉េខាងជើង​បានប្រកាស​ពី​ជោគជ័យ​លើ​ការសាកល្បង​ដ៏​សំខាន់​ចំនួន​ពីរ ដែល​គេ​ជឿថា ជាការ​សាកល្បង​ម៉ាស៊ីន​បាញ់​រ៉ុក្កែត​។ បើ​មាន​ការបាញ់​មី​ស៊ី​ល​មែន​នោះ Sohae អាចជា​ជើង​ទ​ម្រើ​មិន​ខាន​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com