ជាតិ
យុវតី​៤​រូប បង្កើត​គម្រោង «​ដុះស្លាប​» ដើម្បី​លើកកម្ពស់​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​ដល់​ស្ត្រី​
26, Dec 2019 , 8:59 am        
រូបភាព
រូបភាពពី​កញ្ញា ប៊ុន សៅសុភនាថ
រូបភាពពី​កញ្ញា ប៊ុន សៅសុភនាថ
​ភ្នំពេញ​៖ «​ដុះស្លាប​» ជា​វេទិកា​ម៉ា​ល់​ធី​មី​ឌៀ ដែលមាន​បំណង​លើកកម្ពស់​សុខុមាលភាព​របស់​យុវជន​កម្ពុជា ដោយ​ផ្ដោតលើ​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ ។ គម្រោង «​ដុះស្លាប​»​នេះ បង្កើត​ឡើង ដោយ​យុវតី​៤​រូប ដែលជា​និស្សិត​បញ្ចប់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ធុរកិច្ច​។ សហ​ស្ថាបនិក​នៃ​គម្រោង​ដុះស្លាប កញ្ញា ប៊ុន សៅ​សុភ​នាថ  បាន​និយាយថា គម្រោង​នេះ នឹងធ្វើ​ឲ្យ​ស្ត្រី​ហ៊ាន​និយាយ​ពី​បញ្ហា​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ​។​


 
​សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​កញ្ញា ប៊ុន សៅ​សុភ​នាថ សហ​ស្ថាបនិក​គម្រោង​ដុះស្លាប​ដូចតទៅ​៖ 



 
​កញ្ញា ប៊ុន សៅ​សុភ​នាថ សហ​ស្ថាបនិក​នៃ​គម្រោង​ដុះស្លាប បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖ «​គោលដៅ​របស់​ដុះស្លាប គឺ​ចង់​លើក​ចិត្ត​ឲ្យ​ស្ត្រី​និយាយ ជាពិសេស​ចែករំលែក​ពីបទ​ពិសោធន៍​ពី​បញ្ហា​ដែល​ស្ដ្រី​ជួបប្រទះ​»​។ ដុះស្លាប នឹង​ចែករំលែក​រឿងរ៉ាវ​ពី​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង YouTube​។ យុវតី​មួយក្រុម​នេះ នឹង​ផលិត​វីដេអូ ដែលមាន​លក្ខណៈ​ច្នៃប្រឌិត ផ្ដល់​ការអប់រំ និង​កម្សាន្ត​ដល់​អ្នកទស្សនា​។ 
 
​ជា​ជំហាន​ដំបូង ដុះស្លាប នឹងធ្វើ​ការ​លើ​សុខភាព​ផ្លូវភេទ​និង​បន្ត​ពូជ​។ វីដេអូ​ដែល​ដុះស្លាប​ផលិត គឺ​ផ្ដោត​សម្រាប់​ស្ត្រី​ដែលមាន​វ័យ​ពី​១៥​ឆ្នាំ ដល់​៣៥​ឆ្នាំ​។ ជាមួយគ្នានេះ គម្រោង «​ដុះស្លាប​» នឹង​ជួប​ជាមួយ​អ្នកជំនាញ និង​ការចែករំលែក​បទពិសោធ​ន៍​ដែល​ស្ត្រី​ជួបប្រទះ​លើ​បញ្ហា​ទាំងនេះ​៕

Tag:
 ស្ត្រី​
  សុខភាព​ផ្លូវភេទ​
  បន្ត​ពូជ​
© រក្សាសិទ្ធិដោយ thmeythmey.com