ONE Championship
កីឡាជាតិ
ជាតិ
Rodtang ប្តេជ្ញា​បង្កើត​កំណត់ត្រា​អស្ចារ្យ​ថែមទៀត​នៅ​ឆ្នាំ ២០២០
25, Dec 2019 , 9:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កំពូល​កីឡាករ​ថៃ Rodtang Jitmuangnon រហស្សនាម​ថា «The Iron Man» បង្កើត​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​កម្មវិធី​ប្រកួត ONE Super Series កាល​ឆ្នាំមុន​។ បន្ទាប់មក រូបគេ​ក៏​បន្ត​សាង​ភាព​អស្ចារ្យ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ ២០១៩​។ ឆ្នាំ​២០១៩ ដែល​ខិតជិត​មកដល់​ទីបញ្ចប់​នេះ Rodtang ឆក់​បាន​ឱកាស​ថ្មីៗ​ជាច្រើន និង​ដាក់​គោលដៅ​ស្វែងរក​លទ្ធផល​ល្អ​តទៅទៀត​នៅ​ឆ្នាំ​២០២០​។


 
​បុរស​ជើង​ខ្លាំង​វ័យ ២២ ឆ្នាំ មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទាល់តែសោះ​ក្នុងការ​ប្រកួត  ONE Super Series ដោយ​រូបគេ​ឈ្នះ​៥​លើក​ជាប់​គ្នា​ទល់នឹង​កីឡាករ​លំដាប់​ខ្ពស់ និង ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទៀតផង​។ «The Iron Man» ទទួលស្គាល់ថា​ជ័យជម្នះ​ឥតឈប់ឈរ​នៅលើ​សង្វៀន​ឆ្នាំ ២០១៩ ក៏មាន​ការរួមចំណែក​លើកទឹកចិត្ត​ទាំង​លក្ខណៈ​អាជីព​និង​លក្ខណៈ​ផ្ទាល់ខ្លួន​។ 

 
 
Rodtang លើកឡើង​បែបនេះ​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​អភិវឌ្ឍ​ខ្លួន​ច្រើន​ក្នុងនាម​ជា​មនុស្សលោក និង ជា​កីឡាករ​នៅ​ឆ្នាំនេះ​។ ខ្ញុំ​បាន​ផ្លាស់​ប្ដូរជីវិត​។ ខ្ញុំ​រីកចម្រើន ហើយ​ខ្ញុំ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ខ្លួនឯង និង គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​មិន​ដើរលេង​ច្រើន ហើយ​ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ​ខុស​ពីមុន​ឆ្ងាយ​ណាស់​។ ទាក់ទង​នឹង​លុយកាក់ ខ្ញុំ​ក៏បាន​សន្សំ​ច្រើនជាង​មុន​ដែរ​»​។ 
 
Rodtang ឈ្នះ​ការប្រកួត​នៅ​សង្វៀន​លំដាប់​ពិភពលោក​ជា​ហូរហែ ប៉ុន្តែ​អ្វីដែល​ចាំ​មិន​ភ្លេច​គឺ​នៅក្នុង​កម្មវិធី ONE: DAWN OF HEROES នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​កាល​ខែ សីហា កន្លងទៅ​។ 
 
​គ្រានោះ Rodtang ដណ្ដើមបាន​ខ្សែក្រវាត់ ONE Flyweight Muay Thai World Title ពី​កីឡាករ​ចក្រភព​អង់គ្លេស Jonathan Haggerty  ពេល​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នៅលើ​សង្វៀន Mall Of Asia Arena ដ៏​អ៊ូអរ​។  ការ​ឈ្នះ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship គឺ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ខំប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់គេ​ក្រោយ​ចូល​ហាត់​ប្រដាល់​តាំងពី​អាយុ ៨ ឆ្នាំ​មកម្ល៉េះ​។ 
 
«​រឿងរ៉ាវ​ដែល​ពេញចិត្ត​បំផុត គឺ ឈ្នះ​ខ្សែក្រវាត់ ក្នុងឆ្នាំនេះ​។ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ដែល​ខ្ញុំ​បានធ្វើ​កន្លងមក​ដើម្បី​នាំយក​ខ្សែក្រវាត់​មកកាន់​ទឹកដី​កំណត់​របស់ខ្ញុំ គឺ ប្រទេស​ថៃ​។ នេះ​ជា​រឿង​ខ្ញុំ​ចងចាំ​ក្នុង​បេះដូង​»​។ កីឡាករ​ដែលមាន​រហ​ស្សនាម​មនុស្ស​ដែក​រៀបរាប់​ដោយ​ដាក់​អារម្មណ៍​បែបនេះ​។ 
 
Rodtang បានធ្វើ​ឲ្យ​ទាក់ភ្នែក​ដល់​កីឡាការិនី​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ពីរ​ស្ថាប័ន គឺ Stamp Fairtex ។ Rodtang និង Stamp បាន​ណាត់​ជួបគ្នា​កាល​ខែ មេសា​។ ជីវិត​ជា​អ្នក​ក្បាច់គុន​គឺ​ពោរពេញ​ដោយ​ការតស៊ូ ការគោរពវិន័យ និង បង្កើន​សមត្ថភាព​ទៅកាន់​កម្រិត​ពិភពលោក​។ ពួកគេ​ទាំង​ពីរបាន​យល់​អំពី​គ្នា​ទៅវិញទៅមក​។ ដៃគូ​ទាំងពីរ​ត្រូវបាន​គេ​ដាក់ឈ្មោះថា «RodStamp» ហើយ​មិន​ត្រឹមតែ​ពង្រឹងគុណភាព​ក្បាច់គុន​ទៅវិញទៅមក​ទេ ប៉ុន្តែ​ថែមទាំង​គាំទ្រ​គ្នា​ទៅវិញទៅមក​ផងដែរ​។ 


 
Rodtang គូសបញ្ជាក់ថា​៖«Stamp អបអរសាទរ​ដល់​ខ្ញុំ​ហើយ នាង [Stamp] តែងតែ​ជជែក​ជាមួយ​ខ្ញុំ ក្នុងនាម​ជា​អ្នក​ប្រដាល់​ដូចគ្នា​។ Stamp ក៏​យល់​ចំពោះ​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ផងដែរ​។ ទាំង​ខ្ញុំ និង Stamp មាន​ភារកិច្ច​រៀងៗ​ខ្លួន​ដើម្បី​ផ្ដោតលើ​ការងារ​នោះ​។  Stamp បាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​និង​ក្លៀវក្លា​។ គេ​ជាម​នុស្ស​ល្អ​ខ្លាំងណាស់​ហើយ​ចូលចិត្ត​លេងសើច​ថែមទៀត​។ គេ​នឹង​សើច​ពី​ព្រឹក​ដល់​យប់​»​។ 
 
​បន្ទាប់ពី​ជោគជ័យ​នៅ​ឆ្នាំ ២០១៩ Rodtang ត្រៀមខ្លួន​រួចរាល់​ដើម្បី​បន្ថែម​សមិទ្ធផល​នៅ​ឆ្នាំ ២០២០​ខាងមុខ​។ វីរបុរស​ថៃ​រូបនេះ​ចាប់ផ្ដើម​ឆ្នាំ​២០២០​ដោយ​ឡើង​ការពារ​ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទល់នឹង​អតីត​ម្ចាស់​ខ្សែក្រវាត់ Haggerty ក្នុងការ​ប្រកួត​សងសឹក​នៅក្នុង​កម្មវិធី ONE: A NEW TOMORROW នៅ​ថ្ងៃ​សុក្រ​ទី ១០ ខែ មករា ខាងមុខ​។ 
 
«The Iron Man» បានដាក់​ក្ដី​រំពឹងថា​នឹង​ការពារ​ខ្សែក្រវាត់​បានសម្រេច​លើក​ទី​២ និង​ជា​ជ័យជម្នះ​ដំបូង​នៅ​ឆ្នាំ​២០២០​។ មនុស្ស​ដែក​តាំងចិត្ត​ថា ៖«​គោលដៅ​ដំបូង​របស់ខ្ញុំ​គឺ ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ និង រក្សា​វា​ឲ្យ​បានយូរ​បំផុត​តាមតែ​អាចធ្វើ​បាន​។ ក្រៅពីនោះ​ខ្ញុំ​ក៏​ចង់​ប្រកួត​ខ្សែក្រវាត់ Flyweight World Kickboxing Title ផងដែរ​។ ពីមុន​ខ្ញុំ​ធ្លាប់​ប្រកួត kickboxing ហើយ​វា​មិន​បញ្ហា​ទេ​សម្រាប់​ខ្ញុំ​។ ជា​កីឡាករ​មួយ​ថៃ ខ្ញុំ​មិន​ខ្លាច​អ្នកណា​ទាំងអស់​។ កីឡាករ​រូប​ណា​ក៏ត្រូវ​ប្រកួត​ដែរ​ឲ្យ​តែ​គេ​រៀបចំ​ឲ្យ​ប្រកួត​»​។ 
 
​បើសិនជា​អាចទៅរួច Rodtang អាច​នឹង​ជួប​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Ilias Ennahachi ។ កីឡាករ​ថៃ​រូបនេះ​មានការ​តាំងចិត្ត​ខ្ពស់​ហើយ​អ្វីៗ​មិនទាន់​ហួសពេល​នោះទេ​សម្រាប់​ឆ្នាំ​ថ្មី​។
 
Rodtang សង្កត់ធ្ងន់​ទៀតថា​៖«​ខ្ញុំ​តែងតែមាន​ឧបសគ្គ​ដើម្បី​ជម្នះ​វាយ​។ នេះ​គឺជា​ជីវិត​។ ខ្ញុំ​មាន​មនុស្ស​ជាច្រើន​ដើម្បី​មើលថែ​។ ដូច្នេះ​ខ្ញុំ​ត្រូវតែមាន​ការលើកទឹកចិត្ត​ខ្លួនឯង​។ គំនិត​របស់ខ្ញុំ​តែមួយគត់​គឺ​ប្រកួត​ដើម្បី​អ្វីដែល​ខ្ញុំ​ត្រូវធ្វើ​។ បើ​ខ្ញុំ​មិន​ធ្វើ​ការងារ​ខ្លាំង ខ្ញុំ​ក៏​មិនអាច​ជោគជ័យ​បានដែរ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: A NEW TOMORROW នៅ​ថ្ងៃទី ១០ ខែ មករា ចាប់ពី​វេលា​ម៉ោង ៧ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕



© រក្សាសិទ្ធិដោយ thmeythmey.com