ជាតិ
សង្គមជាតិ
ឆ្នាំ២០១៩ រដ្ឋ ចែកដីជាង១លានហិកតា ជូនប្រជាជន
25, Dec 2019 , 11:40 pm        
រូបភាព
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែន ឡើងថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ (រូបពីក្រសួងដែនដី)
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែន ឡើងថ្លែងក្នុងសន្និបាតប្រចាំឆ្នាំ (រូបពីក្រសួងដែនដី)
ភ្នំពេញ៖ គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩  ដីមិនតិចជាង១លានហិកតាទេ ដែលរដ្ឋាភិបាល បានបែកចែកឲ្យប្រជាពលរដ្ឋនិងអតីតយុទ្ធជន។ នេះបើតាមរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយក្នុងសន្និបាតប្រចំាឆ្នាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩។



របាយការណ៍ បានឲ្យដឹងថា ដីសម្បទានសង្គមកិច្ចជាង៤,៦ពាន់ហិកតា និងផ្ទះជាង១,៦ពាន់ខ្នង ត្រូវបានចែកជូនដល់គ្រួសារអតីតយុទ្ធជន៣,៥ពាន់គ្រួសារ ក្នុងខេត្តគោលដៅ១២ រួមមាន កំពង់ស្ពឺ ក្រចេះ បាត់ដំបង កំពត កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ព្រះសីហនុ ស្ទឹងត្រែង រតនគិរី កោះកុង និង ស្វាយរៀង។

របាយការណ៍ បង្ហាញទៀតថា រដ្ឋ បានប្រគល់ដីសម្បទានសង្គមកិច្ចជាង១,១សែនហិកតា ដល់ប្រជាពលរដ្ឋក្រីក្រស៊ីវិលជាង៥,៨ម៉ឺនគ្រួសារ។ លើសពីនេះ រដ្ឋ នៅបានធ្វើប្រទានកម្មដីគ្រប់ប្រភេទជាង១,២លានហិកតាទៀត ជូនដល់ប្រជាពលរដ្ឋប្រមាណ៤សែនគ្រួសារ។

រីឯ ដីសម្បទានសង្គមកិច្ចក្នុងគម្រោងអភិវឌ្ឍតាមបណ្តោយព្រំដែន ដែលមានទំហំដី១,២ម៉ឺនហិកតា ត្រូវរដ្ឋផ្តល់ឲ្យប្រជាពលរដ្ឋជាង១,៤ម៉ឺនគ្រួសារ និងសាងសង់ផ្ទះបានជាង៥,៥ពាន់ខ្នង នៅខេត្តមួយចំនួន រួមមាន ព្រះវិហារ ឧត្តរមានជ័យ ស្វាយរៀង និង ស្ទឹងត្រែង។  ដោយឡែក ដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)  រដ្ឋាភិបាល បានផ្តល់ឲ្យប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ក្នុងទំហំផ្ទៃដីជាង១,៦ម៉ឺនហិកតា៕

Tag:
 ដីសម្បទានសង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com