របបអាហារសុខភាពល្អចាំបាច់ដើម្បីរក្សាសុខភាពរាងកាយចៀសផុតបញ្ហាផ្សេងៗ! ធ្លាប់ដឹងទេថាការទទួលទានត្រីសាលម៉ុនអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពទប់ស្កាត់ជំងឺ?
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការរួមបញ្ចូលត្រីសាលម៉ុនក្នុងរបបអាហារប្រចាំថ្ងៃ ៖
១. បង្កើនសុខភាពភ្នែក
មិនត្រឹមតែវីតាមីន A ប៉ុណ្ណោះទេដែលល្អសម្រាប់សុខភាពភ្នែក ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ចាំបាច់ណាស់ផងដែរ។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយទប់ស្កាត់បញ្ហាភ្នែកមើលលែងច្បាស់ ឬខ្សោយភ្នែកទាក់ទងនឹងវ័យ។ ហើយប្រភពដ៏ប្រសើរបំផុតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺត្រីសាលម៉ុន។
២. សាច់ដុំកាន់តែធំនិងរឹងមាំ
នោះក៏ព្រោះតែត្រីសម្បូរខ្លាញ់ជាប្រភពនៃប្រូតេអ៊ីនគុណភាពខ្ពស់ដែលចាំបាច់សម្រាប់សុខភាពសាច់ដុំ។ ដូច្នេះកុំភ្លេចរួមបញ្ចូលត្រីសាលម៉ុនក្នុងរបបអាហារពេលយប់។
៣. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ត្រីសាលម៉ុនមានផ្ទុកជាតិខ្លាញ់ឆ្អែតនិងកូឡេស្តេរ៉ូលមិនល្អទាប ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។ ការទទួលទានត្រីសាលម៉ុនក៏ជួយបញ្ចុះសម្ពាធឈាមដែលឡើងខ្ពស់ទប់ស្កាត់ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងគាំងបេះដូងផងដែរ។
៤. លើកកម្ពស់អារម្មណ៍ល្អប្រសើរ
ត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់សុខភាពរាងកាយ រួមទាំងអារម្មណ៍។ ត្រីសាលម៉ុនក៏អាចបង្កើនកម្រិតអ័រម៉ូនរីករាយ serotonin នៃខួរក្បាលដែលប្រយុទ្ធប្រឆាំងនឹងភាពស្ត្រេស។
៥. បង្កើនសុខភាពខួរក្បាល
នោះក៏ព្រោះតែត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ដែលចាំបាច់ណាស់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ និង អូមេហ្គា ៦ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសរសៃប្រសាទផងដែរ។ ការទទួលទានត្រីសាលម៉ុនថែមទាំងអាចជួយសម្រួលអារម្មណ៍និងអាចធ្វើអោយខួរក្បាលស្ងប់ទៀតផង។
៦. បំបាត់អាការៈឈឺសន្លាក់
នោះក៏ព្រោះតែត្រីសាលម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយទប់ស្កាត់ការឈឺចាប់និងហើមសន្លាក់។ ដូច្នេះប្រសិនបើអ្នកចង់រក្សាសុខភាពសន្លាក់ល្អរឹងមាំ កុំភ្លេចទទួលទានត្រីសាលម៉ុននៅពេលយប់៕
ត្រួតពិនិត្យដោយ www.health.com.kh