ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​សាមញ្ញ​បាន​ត្រឹម​ឈរ​មើល ខណៈ​កម្ពុជា​ជាប់បំណុល​ចិន​ច្រើន​
26, Dec 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖​ ស្ត្រី​ជនជាតិ​ខ្មែរ​កាន់​ទង់​ជាតិ​ចិន​នៅ​ពេល​ដើរ​លើ​ស្ពាន​មិត្ត​ភាព​រវាង​កម្ពុជា​និង​ចិន​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​នេះ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី១៥ ខែសីហា។​ (AP Photo/Heng Sinith
រូបឯកសារ៖​ ស្ត្រី​ជនជាតិ​ខ្មែរ​កាន់​ទង់​ជាតិ​ចិន​នៅ​ពេល​ដើរ​លើ​ស្ពាន​មិត្ត​ភាព​រវាង​កម្ពុជា​និង​ចិន​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​នេះ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី១៥ ខែសីហា។​ (AP Photo/Heng Sinith
ដោយ: VOA
​ភូមិ​ក្ដុល​កណ្ដាល ខេត្ត​ត្បូងឃ្មុំ ៖ កាលពី​២​ឆ្នាំមុន ជីវិត​ប្រចាំថ្ងៃ​របស់​ក្រុមគ្រួសារ​លោក ប៉ោង ឡា​ត ផ្ដោតលើ​ការធ្វើ​ស្រែចម្ការ ការនេសាទ​ត្រី​ជាប្រចាំ និង​ការលក់ដូរ​នៅ​ផ្សារ​ក្នុងភូមិ និង​ម្ដងម្កាល ជា​អ្នកធ្វើការ​ស៊ីឈ្នួល​ឲ្យ​គេ​។​

 
​មាន​ទីតាំងនៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ ផ្ទះ​របស់​ពួកគេ​ស្ថិតក្នុង​ភូមិ​ក្ដុល​កណ្ដាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ​នៃ​ខេត្ត​ត្បូងឃ្មុំ ដែលជា​ខេត្ត​ថ្មី​ផ្ដាច់​ចេញពី​ខេត្តកំពង់ចាម​។ ការធ្វើដំណើរ​ពី​ផ្ទះ​របស់​ពួកគេ​ទៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ​ក្នុង​ទឹកដី​ខេត្តកំពង់ចាម គឺត្រូវធ្វើ​ដំណើរ​តាម​សាឡាង និង​ទូក​។​
 
​ប៉ុន្តែ​ជីវិត​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ ក្រោយ​ពេលដែល​ស្ពាន​ឆ្លងទន្លេ​មេគង្គ តម្លៃ​ប្រមាណ​៥៧​លាន​ដុល្លារ​អាមេរិក និង​មាន​ប្រវែង​ប្រហែល​១​គីឡូម៉ែត្រ ត្រូវបាន​ចាប់ផ្ដើម​សាងសង់ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោម​ជំនួយ​ថវិកា​របស់​រដ្ឋាភិបាល​ប្រទេស​ចិន​។ ទឹកប្រាក់​នេះ ជា​ផ្នែក​មួយ​នៃ​កម្ចី​របស់​ចិន​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​ផ្លូវ និង​ស្ពាន ដែល​ត្រូវបាន​ឯកភាព​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ក្នុងពេលដែល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៦​។​
 
​បាត់បង់​ដីធ្លី និង​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ចិន​
​លោក ប៉ោង ឡា​ត អាយុ​៦៦​ឆ្នាំ ដែលមាន​កូន​៦​នាក់ បាន​ថ្លែងប្រាប់ VOA ថា​ជីវិត​គ្រួសារ​របស់លោក​បាន​ផ្លាស់ប្ដូរ​យ៉ាង​លឿន ដោយសារ​ការស្ថាបនា​ស្ពាន​នេះ​។ លោក​ត្រូវបាន​បង្ខំ​ឲ្យ​ទទួលយក​សំណង​ប្រមាណ​២​ម៉ឺន​ដុល្លារ ដើម្បី​ចាកចេញ​ពី​ដី​របស់លោក​ដែល​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​ស្ថាបនា​ស្ពាន​នេះ​។ ប៉ុន្តែ​ក្រុមគ្រួសារ​របស់លោក ក៏​ទទួលបាន​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ចិន​ផងដែរ​។​
 
​កូនស្រី​របស់លោក​បាន​ក្លាយជា​ចុងភៅ​ម្នាក់ ធ្វើ​ម្ហូប​ឲ្យ​កម្មករ​ចិន ដោយ​ទទួលបាន​ប្រាក់ខែ​២០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។ ចំណែក​កូនប្រសា​របស់​លោក បាន​ឈប់​នេសាទ​ត្រី មក​ធ្វើជា​កម្មករសំណង់​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​រកចំណូលបាន​ប្រហែល​១២​ដុល្លារ​ក្នុង​មួយថ្ងៃ​។​
 
​លោក ប៉ោង ឡា​ត មានប្រសាសន៍ថា ស្ពាន​នេះ​នឹង​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ក្រុមគ្រួសារ និង​អ្នកភូមិ​ដោយ​មិនបាច់​ប្រើប្រាស់​សាឡាង និង​ធ្វើដំណើរ​ទៅ​ឆ្ងាយ​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​នៅផ្ទះ​របស់លោក​ថា​៖
 
«​យើង​ឆ្លងស្ពាន​ទៅដល់​ពេទ្យ​ស្ទឹងត្រង់​តែម្ដង​»​។​
 
​លោក​បន្តថា លោក​បាន​ស្វាគមន៍​ឱកាស​សម្រាប់​ការងារ​នៅ​ក្រុមហ៊ុន​ចិន ប៉ុន្តែ​មានការ​ផ្ដល់​សំណង​តិចតួច​សម្រាប់​ដី​របស់លោក​ដែល​បាន​បាត់បង់​។​
 
​ទោះជា​យ៉ាងណា លោក ប៉ោង ឡា​ត មិន​បានដឹង​តម្លៃ​របស់​ស្ពាន​នេះ​ទេ​។ លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​អត់​ដឹង​ទេ​(​តម្លៃ​ស្ពាន​) ដឹង​តែ​ចិន​ធ្វើ​។ គេ​ថ្នាក់លើ ស្រេច​តែ​គេ​ថ្នាក់លើ យើង​អត់​ដឹង​ទេ​។ យើង​ប្រជាជន (​អត់​ដឹង​ទេ​)​។ ទាល់​ខ្ចីលុយ​គេ​មក​ធ្វើ អញ្ចឹង​ទេវា​អត់​កើត​ទេ​»​។​
 
​កូនស្រី​របស់លោក ប៉ោង ឡា​ត គឺ​អ្នកស្រី ឡា​ត ស៊ា​ង​លី អាយុ​៣២​ឆ្នាំ ដែលមាន​កូន​៣​នាក់ មានប្រសាសន៍ថា ការចូល​មក​រប​ស់ក​ម្មករ​ចិន​បាន​ផ្លាស់ប្ដូរ​តំបន់​នេះ ប៉ុន្តែ​អ្នកស្រី​បារម្ភ​អំពី​អនាគត​។​
 
​អ្នកស្រី​ដែល​ធ្វើជា​ចុងភៅ​សម្រាប់​កម្មករ​ចិន មានប្រសាសន៍ថា​៖ «​មក​ច្រើនពេក មក​ចូល​ប្រទេស​ខ្មែរ​ច្រើនពេក យូរៗ​ទៅ ខ្មែរ​រក​កន្លែង​នៅ​គ្មានទេ​»​។​


លោក ប៉ោង ឡាត អាយុ៦៦ឆ្នាំ ពលរដ្ឋរស់នៅតាមបណ្តោយទន្លេមេគង្គ ក្បែរសំណង់ស្ពាន ដែលត្រូវបានផ្តល់ជំនួយដោយរដ្ឋាភិបាលចិន ក្នុងខេត្តត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer) 

​ប្ដី​របស់​អ្នកស្រី គឺ​លោក សឿន ស៊ា​ប ដែល​ធ្លាប់ជា​អ្នកនេសាទ​ត្រី បានធ្វើការ​ជា​កម្មករសំណង់​ឲ្យ​ក្រុមហ៊ុន​ចិន​។​
 
​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់តែ​ខិតជិត​ទៅ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ហើយ​គម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបាន​សាងសង់​នៅតាម​ជនបទ​ទូទាំងប្រទេស ក្រោម​កម្ចី​របស់​ចិន​។ ចំណែក​ការវិនិយោគ​ធំៗ​របស់​ចិន បាន​ហូរ​ចូលទៅក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ទីប្រជុំជន និង​ក្នុង​តំបន់​សមុទ្រ ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ​។​
 
​នៅក្នុង​ខេត្ត​ព្រះសីហនុ ក៏មាន​កំណើន​អ្នករកស៊ី​ចិន និង​ជនជាតិ​ចិន​យ៉ាងគំហុក​ផងដែរ​។ នៅក្នុង​ខេត្ត​មួយ​នេះ មានការ​រីកដុះដាល​យ៉ាងខ្លាំង​នូវ​សំណង់​អគារ​ចិន កាស៊ីណូ ភោជនីយដ្ឋាន ផ្សារ និង​ការរកស៊ី​ផ្សេងៗ​។​
 
​ស្ថានទូត​ចិន​កាលពី​ខែមេសា ឆ្នាំ​២០១៩ បាន​បង្ហោះ​សារ​នៅលើ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ សម្រាប់​ប្រទេស​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង​៣​ពាន់​គីឡូម៉ែត្រ​។ ប៉ុន្តែ​មិនបាន​បញ្ជាក់​អំពី​ទំហំ​បំណុល​សរុប​សម្រាប់​គម្រោង​ទាំង​នោះទេ​។​
 
​ក្នុងភូមិ​ក្ដុល​កណ្ដាល ប្រជាជន​រាប់ពាន់នាក់​បានទទួល​រង​ផលប៉ះពាល់​នៃ​គម្រោង​នេះ ដោយសារ​មានការ​ពិភាក្សា​យោបល់​តិចតួច ឬក៏​មិនមាន​ការពិភាក្សា​ទាល់តែសោះ​។ នេះ​បើ​យោងតាម​អ្នកភូមិ​។ ដូចគ្នា​ផងដែរ សាធារណជន​មិនមាន​ឥទ្ធិពល​ទៅលើ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល ក្នុងការ​ទទួលយក​ក​ម្ចី​រាប់ពាន់​លាន​ដុល្លារ​ពី​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍ​គម្រោង​នានា​នោះទេ​។​
 
​តួយ៉ាង​ដូច​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​កំពុង​រីកដុះដាល​ជាមួយ​ការវិនិយោគ​របស់​ចិន​យ៉ាង​សម្បើម កំពុង​ត្រូវបាន​សាងសង់ ដែលមាន​តម្លៃ​ទៅដល់​១,៩​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប្រជាជន​កម្ពុជា​រាប់សិប​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​នេះ បាន​តវ៉ា​ដើម្បី​ទាមទារ​សំណង​ល្អប្រសើរ​។​
 
​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ខ្ពស់​នៃ​បំណុល​ចិន​
​ការស្រាវជ្រាវ​មួយ​រកឃើញថា កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ខ្ចីបុល​របស់​ប្រទេស​ចិន​ច្រើនជាងគេ​មួយ​នៅ​ទូទាំង​ពិភពលោក ហើយ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ក្រីក្រ ដែល​បាន​បង្កើន​បំណុល​យ៉ាង​លឿន ដោយមាន​ការប្រាក់​ខ្ពស់ ឬក៏​លក្ខខណ្ឌ​កម្ចី​ដែល​មិនមាន​តម្លាភាព​។​
 
​របាយការណ៍​ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន Kiel Institute ក្នុងប្រទេស​អាល្លឺម៉ង់ កាលពី​ខែកក្កដា បាន​ប៉ាន់ប្រមាណ​ថា ប្រទេស​កម្ពុជា​ស្ថិតក្នុង​លំដាប់​ទី​៦​ក្នុងចំណោម​ប្រទេស​៥០ ដែល​ជំពាក់​បំណុល​ច្រើន​ទៅ​ប្រទេស​ចិន ដោយ​គិត​ទាំង​កម្ចី​ផ្លូវការ​រវាង​រដ្ឋ​និង​រដ្ឋ និង​បំណុល​ឯកជន​។ របាយការណ៍​បញ្ជាក់ថា ទីក្រុង​ភ្នំពេញ​បាន​ជំពាក់​បំណុល​ចិន​ប្រហែល​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប កាលពី​ឆ្នាំ​២០១៨ ដែលមាន​តម្លៃ​ប្រហែល​២៤,៤​ពាន់​លាន​ដុល្លារ​។​
 
​អ្នកស្រាវជ្រាវ​លើកឡើងថា ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​ទ្វីបអាស៊ី ដូចជា​ប្រទេស​ឡាវ និង​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន (Kyrgyzstan) មាន​សេដ្ឋកិច្ច​តូច​នៅឡើយ ហើយ​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​ជិត​ប្រទេស​ចិន ដែល​ងាយ​នឹងរង​គ្រោះ​ដោយសារ​បំណុល​ចិន​។​
 
​លោក អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ Occidental ទីក្រុង​Los Angeles​រដ្ឋ​California​សហរដ្ឋអាមេរិក ប៉ុន្តែ​មិនមែនជា​អ្នកស្រាវជ្រាវ​លើ​របាយការណ៍​នេះ​ទេ បាន​ថ្លែងប្រាប់​VOA​ថា​៖ «​វា​ជា​លុយ​ច្រើនណាស់​ដែល​ខ្ចី​ពី​ប្រទេសមួយ​។ ប្រទេស​ចិន​មាន​ឥទ្ធិពល​ច្រើនណាស់​»​។​
 
​លោក​បន្ថែមថា​៖ «​អ្នក​មិន​ចង់​ខ្ចីលុយ​ពី​ប្រទេសមួយ​ច្រើន​បែបនេះ​។ វា​ដូចជា​ការដាក់​ស៊ុត​ទាំងអស់​ចូលទៅក្នុង​កន្ត្រក​តែមួយ ឬក៏​ដូចជា​សុភាសិត​របស់​អាហ្វ្រិក​មួ​យ​និយាយថា ប្រសិនបើ​អ្នក​ពឹង​ផ្អែកលើ​ហោប៉ៅ​លុយ​របស់​អ្នកណាម្នាក់ អ្នក​ប្រាកដជា​ដើរ​តាមផ្លូវ​ណា ដែល​គេ​ដើរ​»​។​


សំណង់ស្ពានតម្លៃប្រមាណ៥៧លានដុល្លារ នៅលើដងទន្លេមេគង្គ តភ្ជាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តកំពង់ចាម។ (ស៊ុន ណារិន/VOA Khmer)
 
«​កម្ពុជា​អាច​ខ្ចី​បន្តទៀត​»
​យោងតាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​កម្ពុជា​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​ក្រៅប្រទេស​សរុប​ប្រមាណ​៧,២​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប្រហែល​៤៩​ភាគរយ គឺជា​បំណុល​ជំពាក់​ប្រទេស​ចិន​។ តាម​របាយការណ៍​នោះ កម្ពុជា​អាច​នឹង​បន្ត​ខ្ចី​បរទេស​ដល់​ប្រហែល​១២,៦​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៣​។​
 
​លោក ប៉ែន ធី​រ៉ុង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​គ្រប់គ្រង​បំណុល​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ថ្លែងប្រាប់​VOA​ថា ប្រទេស​កម្ពុជា​នៅមាន​លទ្ធភាព​ខ្ចី​បន្ថែមទៀត​។​
 
​លោក​មានប្រសាសន៍ថា​៖ «​វា​នៅ​ទំហំ​ជា space [​ចន្លោះ​] របស់​វា​នៅ​ធំ ដែល​យើង​អាច​ខ្ចី​បន្តទៀត​បាន ហើយ​អាច​ខ្ចី​ធំ​ជាង​មុន​ទៀត​បាន​សម្រាប់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ​វិស័យ​អាទិភាព​ទ្រទ្រង់​ចិ​រ​ភាព​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​»​។​
 
​លោក​បន្ថែមថា កម្ចី​ដែល​ជំពាក់​ចិន ជា​កម្ចី​រវាង​រដ្ឋ​និង​រដ្ឋ ដោយ​មិន​បញ្ចូល​កម្ចី​ឯកជន​នោះទេ​។ កម្ចី​នេះ​ស្ថិតក្នុង​ទំហំ​ប្រហែល​១៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា ដែល​លោក​ថា​អាច​គ្រប់គ្រង​បាន​។​
 
​ឆ្លើយតប​នឹង​ការស្រាវជ្រាវ​របស់​វិទ្យាស្ថាន Kiel Institute នៅ​ប្រទេស​អាល្លឺម៉ង់ មន្ត្រី​ជំនាញ​ខាង​បំណុល​រូបនោះ​មានប្រសាសន៍ថា​៖
 
«​តួលេខ​២៥​ភាគរយ​[​បំណុល​ធៀប​នឹង​ផលិតផល​ក្នុងស្រុក​សរុប​] ខ្ញុំ​មិនដឹងថា​គាត់​យកស្អី​ទៅ​ចែក​នឹង​ស្អី​ទេ​។ ប្រាកដ​ហើយ​ចែកជា​មួយ GDP ប៉ុន្តែ​មិនដឹងថា​បំណុល​ហ្នឹង បូក​ជាមួយ​វិស័យ​ឯកជន​ឬ​អត់ ប៉ុន្តែ​ដូច​ខ្ញុំ​ជម្រាប​ខាងដើម នៅក្នុង​ការគ្រប់គ្រង​បំណុល យើង​គ្រប់គ្រង​បំណុល​សាធារណៈ​»​។​
 
VOA មិនអាច​សុំ​ការឆ្លើយតប​ពី​អ្នកស្រាវជ្រាវ​នៃ​របាយការណ៍​នោះ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បានទេ​។​
 
​របាយការណ៍​បញ្ជាក់បន្ថែម​ថា កម្ចី​របស់​ប្រទេស​ចិន​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ ស្ថិតក្នុង​ភាព​លាក់បាំង ដោយសារ​កង្វះ​ព័ត៌មាន​។​
 
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ព្រមាន​ប្រទេស​នានា​ប្រឆាំងនឹង​ការ​ជំពាក់​បំណុល​ច្រើន​ទៅ​ប្រទេស​ចិន ក្រោម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្នាក់​តំបន់​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចិន​។​
 
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​និយាយថា យុទ្ធសាស្ត្រ​នេះ​គឺជា​អន្ទាក់​បំណុល ហើយ​អាច​នាំ​ឲ្យ​ប្រទេស​ទាំងនោះ បាត់បង់​នូវ​ការគ្រប់គ្រង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ដោយសារ​ម្ចាស់បំណុល​អាច​រឹបអូស​យ​ក ប្រសិនបើ​មិនអាច​សងបំណុល ដូចជា​ប្រទេស​ស្រីលង្កា ដែល​ក្រុង​ប៉េកាំង​បាន​គ្រប់គ្រង​ផែ​សំខាន់​របស់​ប្រទេស​នោះ​។​
 
​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា មិនបាន​ឆ្លើយតប​នឹង​សំណួរ​ដែល​VOA​បាន​សាកសួរ​តាមរយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​នោះទេ​។​
 
​ក្នុង​ខែកក្កដា កាសែត Wall Street Journal ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក បាន​ផ្សាយ​របាយការណ៍​មួយ​ថា​ប្រទេស​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​អាចមាន​លទ្ធភាព​ចូលទៅ​ប្រើប្រាស់​មូលដ្ឋានទ័ព​សមុទ្រ​រាម​របស់​កម្ពុជា​ក្នុង​ខេត្ត​ព្រះសីហនុ​។ រដ្ឋាភិបាល​អាមេរិក​ក៏បាន​បង្ហាញ​ក្តីបារម្ភ​លើ​បញ្ហា​នេះ​ផងដែរ​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា​មិនមាន​ការចុះ​កិច្ចព្រមព្រៀង​បែបនេះ​ឡើយ​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​បដិសេធថា​ខ្លួន​មិនមាន​បំណង​ប្រើប្រាស់​កម្ពុជា​សម្រាប់​មូលដ្ឋានទ័ព​នោះទេ​។​


ការដ្ឋាន​សំណង់​«មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន ត្បូងឃ្មុំ» ក្នុង​ខេត្ត​ត្បូងឃ្មុំ។ (ស៊ុន ណារិន/VOA Khmer)
 
​កម្ចី​ចិន​គ្មាន​លក្ខខណ្ឌ​ភ្ជាប់​ជាមួយ​
​ក្នុង​កម្ចី​បរទេស​នេះ លោក ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា ប្រទេស​ចិន​បានផ្ដល់​កម្ចី ឬ​ជំនួយ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ភ្ជាប់​នោះទេ​។ ចំណែក​ប្រទេស​លោកខាងលិច បានផ្ដល់​កម្ចី​តូចតាច តែ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ក្នុងការ​ចំណាយ​។​
 
​លោក ហ៊ុន សែន ក៏បាន​ថ្លែងថា កម្ពុជា​នឹងមិន​ធ្លាក់​ចូលក្នុង​អន្ទាក់​បំណុល​ចិន​ឡើយ​។​
 
​លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន កាលពី​ខែឧសភា​ថា​៖ «​ខ្ញុំ​អាច​បញ្ជាក់បាន​ថា មិន​ដល់​កម្រិត​នោះទេ​។ ប៉ុន្តែ​រឿង​ប្រទេស​ដទៃ មិនមែន​គ្រាន់តែ​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅដល់​២០០ ភាគរយ ៣០០ ភាគរយ ឬ​៥០០ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុក GDP ប៉ុន្តែ​មិនមែន​បាន​ជំពាក់​ចិន​ឯណា​។ វា​មិនមែនជា​អន្ទាក់​របស់​ចិន​ទេ​។ ប្រទេស​ខ្លះ​អត់​ទាំង​ជំពាក់​ចិន​ផង ប៉ុន្តែ​ជំពាក់​តាំងពី​មុនពេល​ដែល​ចិន​មាន​នយោបាយ​ផ្លូវ​និង​ខ្សែក្រវាត់​ឯណោះ​»​។​
 
​លោក​បន្ថែមថា​៖ «​យើង​រក្សាបាន​នូវ​អធិបតេយ្យ​របស់​យើង​នៅក្នុង​ការខ្ចី គឺ​យើងខ្ញុំ​ខ្ចី​ទៅតាម​គម្រោង​ដែល​យើងខ្ញុំ​ត្រូវការ​ប៉ុណ្ណោះ ហើយ​ចិន​គោរព​នូវ​ការសម្រេច​របស់​យើង​។ នេះ​គឺជា​ចំណុច​ទីមួយ​ដែល​ខ្ញុំ​សូម​គូសបញ្ជាក់ថា ចិន​មិនបាន​បង្ខំ​ឲ្យ​យើង​ធ្វើ​នេះ ឬ​ធ្វើ​នោះទេ​។ ប៉ុន្តែ​ចិន​បាន​គោរព​នូវ​ការសម្រេចចិត្ត​របស់​យើង តើ​ប្រើប្រាស់​ឥណទាន​ដែល​យើង​ខ្ចី​នេះ​យកទៅ​ធ្វើ​អ្វី​»​។​


រូបឯកសារ៖​ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
 
​បារម្ភ​ខ្លាច​សង​គេ​មិន​រួច​
​ប្រជាជន​ខ្លះ​នៅក្នុង​ភូមិ​ក្តុល​កណ្តាល បាន​និយាយថា ពួកគេ​បានដឹងថា​ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​កាន់តែច្រើន​ទៅ​ប្រទេស​ចិន ដើម្បី​យកមក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ស្ពាន​ដែល​នៅ​ជិត​ពួកគេ​។ ប៉ុន្តែ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន មិន​រិះគន់​រដ្ឋាភិបាល​នោះទេ​។​
 
​លោក ប៉ោង ឡា​ត បាន​ថ្លែងថា​៖ «​បារម្ភ​ដែរ មិនដឹង​ធ្វើ​ម៉េច​។ បារម្ភ​ចេះ​បារម្ភ​ហើយ យើង​ប្រជាពលរដ្ឋ ក្រោម​គេ​។ បារម្ភ​ខ្លាច​សង​គេ​មិន​រួច​វិញ​»​។​
 
​យុវជន​ម្នាក់ ឈ្មោះ ហួត ដាលីន អាយុ​២៦​ឆ្នាំ ដែល​រស់នៅ​ក្បែរ​ស្ពាន​នោះដែរ មានប្រសាសន៍ថា​លោក​បានធ្វើ​ជាជាង​ផ្សា​ដែក​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​រកបាន​ចំណូល​បាន​ជាង​៥០០​ដុល្លារ​ក្នុង​មួយខែ​។ លោក​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ចេញយោបល់​លើ​បញ្ហា​ទាក់ទង​នឹង​ប្រទេស​ចិន បើទោះជា​លោក​បានដឹង​ព័ត៌មាន​នៃ​កម្ចី​របស់​ចិន​នៅ​ប្រទេស​មួយចំនួន​ដែលមាន​ការលើក​ឡើងជា​ជា​«​អន្ទាក់​បំណុល​»​ហើយ​អាច​ជាការ​រឹបអូស​ទ្រព្យសម្បត្តិ​ណាមួយ ប្រសិនបើ​មិនអាច​សង​បាន​។​
 
​លោក ហួត ដាលីន ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ថ្លែងប្រាប់​VOA​នៅផ្ទះ​របស់លោក​ថា​៖ «​បង​ឯង​ដឹង​ស្រុក​យើង​ឥឡូវ​ហើយ​។ និយាយ​ទៅ​ខ្លាច​ខុស​»​។​
 
​លោក​បាន​ថ្លែង​បែបនេះ​នៅមុខ​ឪពុកម្តាយ​របស់លោក ដែល​ស្ងាត់ស្ងៀម មិន​ហ៊ាន​បញ្ចេញយោបល់​។​
 
​លោក​បន្ថែមថា​៖ «​ឃើញថា​ខ្ចីលុយ​ហ្នឹង គិតថា​ស្រួល​។ វា​មិន​ភ្លឺ​ទៅ​ឲ្យ​លុយ​យើង​ខ្ចី​ហើយ មិនបាន​ប្រយោជន៍​ទៅ​វា​វិញ​ទេ​»​។​
 
​ប៉ុន្តែ​ម្តាយ​របស់លោក គឺ​អ្នកស្រី ហ៊ា​ម គីម​សួរ អាយុ​៥០​ឆ្នាំ ដែលមាន​កូន​២​នាក់ ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ចិន យល់ថា​អ្នកស្រី​អាច​ពង្រីក​មុខរបរ​ប​ន្ថែ​ម ដូចជា​លក់​អាហារ និង​គ្រឿង​ចាប់ហួយ​តូច​មួយ​ខាងមុខផ្ទះ ក្រោយ​ស្ពាន​នេះ​សង់​ហើយ ដោយសារ​អាចមាន​មនុស្ស​ច្រើន​ឆ្លងកាត់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com