ជាតិ
សម្ដេច ហ៊ុន សែន រង់ចាំ​មើល​កាដូ​លោក គីម ផ្ដល់ឱ្យ​លោក ត្រាំ សម្រាប់​ឆ្នាំ​ថ្មី​
26, Dec 2019 , 9:57 am        
រូបភាព
​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា កំពុង​ចង់ដឹងថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុន​អ៊ុន នឹង​ផ្ដល់​កាដូ​អ្វី​ដល់​លោក ដូ​ណា​ល់ ត្រាំ និង​ពិភពលោក​សម្រាប់​ឆ្នាំនេះ​។ សម្ដេច ហ៊ុន សែន ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​នេះ​។​


 
​តើ​ជា​កាំជ្រួច​មី​ស៊ី​ល ឬ​ជា​អ្វី​ផ្សេង​? នេះ​ជា​សំនួរ​របស់​សម្ដេច ហ៊ុន សែន ដែល​សាក​ទស្ស​ទាយ​ថា មេដឹកនាំ​វ័យក្មេង​រូបនេះ ទំនងជា​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ដើម្បី​ផ្ដល់​ជា​កាដូ​ឱ្យ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ហើយក៏​សម្ញែង​ដល់​ពិភពលោក​ដែរ​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា​នេះ ធ្វើឡើង​ក្រោយពី​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង បាន​ផ្ញើ​សារ​ឌឺដង​ដាក់គ្នា ជុំវិញ​ការផ្ដល់​កាដូ​នៅ​ថ្ងៃបុណ្យ​ណូអែល ឬ​គ្រី​ស្ត​ម៉ាស​នេះ​។​
 
​កាលពី​ថ្ងៃទី​២៤ ធ្នូ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ឌឺដង ដាក់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ជុំវិញ​បញ្ហា​អំណោយ​ថ្ងៃបុណ្យ​ណូអែល​។​
 
​ប្រាប់​អ្នកកាសែត​នា​កន្លែង​សម្រាក​លំហែកាយ Mar-a-Lago លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « យើង​នឹង​រង់​ចាំមើល ថា​តើ​មាន​អ្វីដែល​ភ្ញាក់ផ្អើល​កើតឡើង ហើយ​យើង​នឹង​ដោះស្រាយ​វា​ឲ្យ​បាន​ជោគជ័យ​»​។ 
 
​ការលើកឡើង​របស់លោក ដូ​ណា​ល់ ត្រាំ ចំៗ​បែបនេះ គឺ​ដើម្បី​ឌឺដង​ដាក់​កូរ៉េខាងជើង ដែល​បាន​ព្រមាន​ថា ខ្លួន​នឹង​ផ្តល់​ការដូ​ដ៏​សាក​សមនៅ​ថ្ងៃបុណ្យ​ណូអែល តាម​អ្វីដែល​អាមេរិក​ចង់បាន​៕
 
 

Tag:
 ហ៊ុន សែន​
  គីម ជុន​អ៊ុន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com