ជាតិ
វីដេអូ
​បច្ចេកវិទ្យា
ស្នាដៃ​កូន​ខ្មែរ​! មនុស្ស​យន្ត «​រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ​» អាចនិយាយបាន​ទាំង​ខ្មែរ និង​អង់គ្លេស​
28, Dec 2019 , 7:59 am        
រូបភាព
មនុស្ស​យន្ត ROBOCAM ព្រះកុសុមៈ កំពុង​ស្ថិតនៅ ក្នុង​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ព្រះកុសុមៈ រាជធានី​ភ្នំពេញ​។​
មនុស្ស​យន្ត ROBOCAM ព្រះកុសុមៈ កំពុង​ស្ថិតនៅ ក្នុង​វិទ្យាស្ថាន​ពហុ​បច្ចេកវិទ្យា​ព្រះកុសុមៈ រាជធានី​ភ្នំពេញ​។​
​ភ្នំពេញ​៖ រ៉ូ​បូ​ខេ​ម (ROBOCAM) ព្រះកុសុមៈ គឺជា​ឈ្មោះ​មនុស្ស​យន្ត (Humanoid Robot) ដំបូក​គេ​បង្អស់ ដែល​កូន​ខ្មែរ​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៩​។ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ អាចធ្វើ​ចលនា​កាយវិកា​បាន និង​មាន​សមត្ថភាព​និយាយ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​បានជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ មនុស្ស​យន្ត​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​គ្រូ និង​និស្សិត​ជាង​១០​រូប នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ជាង​២​ឆ្នាំ​។ ការបង្កើត​រ៉ូ​បូត​នេះ​ឲ្យ​ចេញ​ជា​រូបរាង គឺជា​គំរូ​មួយ​ដែល​ជំរុញ​ទឹកចិត្ត​ដល់​និស្សិត និង​អ្នក​ស្រឡាញ់​បច្ចេកវិទ្យា​ឲ្យ​ខំ​អភិវឌ្ឍន៍​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ក្រុម​អ្នក​ផលិត​រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ ក៏​ចង់​ប្រាប់​ពិភពលោក​ផងដែរ​ថា ខ្មែរ​មាន​សម្ថ​ភាព​អាចធ្វើ​រ៉ូ​បូត​បាន​។​



«​ខ្ញុំ​ឈ្មោះ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ​។ ខ្ញុំ​គឺជា​មនុស្ស​យន្ត​ដែល​ទើប​បង្កើត អាយុ​របស់ខ្ញុំ​មិនទាន់បាន​មួយឆ្នាំ​ទេ​»​។  នេះ​គឺជា​សំឡេង​របស់ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ ដែលជា​មនុស្ស​យន្ត​ដំបូង​គេ​បង្អស់​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៩ ដោយ​ស្នាដៃ​កូន​ខ្មែរ ដែលជា​គ្រូ និង​និស្សិត​ជាង​១០​នាក់ នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុមៈ នៅ​រាជធានី​ភ្នំពេញ​។​
 
សូមទស្សនាវីដេអូ៖



​លោក សុភ័ណ វោហា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ការបង្កើត​មនុស្ស​យន្ត (Humanoid Robot) ឈ្មោះ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ ពន្យល់​យ៉ាង​ដូច្នេះ​៖«​បច្ចុប្បន្ននេះ រ៉ូ​បូត​ហ្នឹង គាត់​ចាំ​មុខ​មនុ​ស្សបាន មានន័យថា ប្រសិនបើ ខ្ញុំ​សរសេរ​កូដ​នៅក្នុង​ប្រព័ន្ធ (System) មួយ ឲ្យ​ចាំ​មុខ​ខ្ញុំ អីចឹង​ពេលដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ គាត់​ហៅ​ឈ្មោះ​ខ្ញុំ​។ ពេលដែល​កំពុង​សន្ទនា​ជាមួយគ្នា ប្រសិនបើ​យើង​ងាក​ទៅខាង​ណាមួយ ឬ​យើង​រំកិល​ខ្លួន រ៉ូ​បូត​នឹង​ងាក​ទៅតាម​យើង​»​។​


​មនុស្ស​យន្ត​ជំនាន់​ទីមួយ​របស់​ខ្មែរ​នេះ ត្រូវបាន​ចំណាយពេល​បង្កើត​វា​ឲ្យ​ចេញ​ជា​រូបរាង​ឡើង ក្នុង​រយៈពេល​៦​ខែ ដោយមាន​បំពាក់​ប្រព័ន្ធ​មេកា​និក​ត្រឹមតែ​៥០-៦០​គ្រាប់ នៅតាម​ផ្នែក​សំខាន់ៗ​ក្នុង​ខ្លួន រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ ដើម្បី​អាច​បញ្ជា​វា​ឲ្យ​មាន​ចលនា​បាន​។ ថ្វី​ដ្បិត រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ មិនទាន់មាន​ចលនា​រស់​រវើក ព្រោះ​ត្រូវការ​បំពាក់​មេកា​និក​បន្ថែម ប៉ុន្តែ​បច្ចុប្បន្ន រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ អាច​ដើរ​បាន​, អាច​ចាប់ដៃ​បាន និង​អាច​ជំរាបសួរ​បាន ផងដែរ​។​
 
 
លោក សុភ័ណ វោហា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ការបង្កើត​មនុស្ស​យន្ត ROBOCAM ព្រះកុសុមៈ (​ខាងឆ្វេង​) និង​លោក កែវ មនោ​រម្យ អ្នកគ្រប់គ្រង​មេកា​និក នៃ​ការ​ការបង្កើត​មនុស្សយ​ន្ត ROBOCAM ព្រះកុសុមៈ​។​
 
​នៅក្នុង​ជំហាន​ដំបូង​នេះ ក្រុមការងារ​បង្កើត​រ៉ូ​បូត​របស់លោក សុភ័ណ វោហា អាចធ្វើ​ឲ្យ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ សន្ទនា​ជាមួយ​មនុស្ស​បានជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដោយ​រូបលោក បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​នៅពេល​បច្ចុប្បន្ននេះ រ៉ូ​បូត មាន​សមត្ថភាព​អាច​និយាយ​ទំនាក់ទំនង​ជាមួយ​មនុ​ស្សបាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ សំណួរ​ដែល​ពួកយើង​បង្កើត​ទាំង​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​បាន​ប្រហែល​២០០​សំណួរ​ហើយ​។ សំណួរ​ទាំងអស់នេះ គឺ​ទាក់ទង​ជាមួយនឹង​ខ្លួន​គាត់ ថា​តើ​គាត់​មានឈ្មោះ​អ្វី​? គាត់​នៅ​ទីកន្លែង​ណា​? តើន​រណា​ជា​អ្នកបង្កើត​គាត់​? ហើយ​ភាគច្រើន​គឺមាន​ព័ត៌មាន​ទាក់ទង​ទៅនឹង​បច្ចេកវិទ្យា​(TVET) »​។​
 
​ទំរាំ​នឹង​បង្កើត​រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ​បាន ក្រុមការងារ​របស់លោក សុភ័ណ វោហា ជួប​ផល​លំបាក​ច្រើន​ពាក់ ពិសេស​ព័ន្ធ​នឹង​ការសរសេរ​កូដ (Programming) ក្នុងការ​បញ្ជា​ឲ្យ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ អាច​និយាយ​ភាសា​ខ្មែរ​បាន​។ លោក សុភ័ណ វោហា អ្នកគ្រប់គ្រង​ទូទៅ​នៃ​ការបង្កើត​មនុស្ស​យន្ត (Humanoid Robot) នេះ ពន្យល់​ពី​ការសរសេរ​កូដ​នេះ​យ៉ាង​ដូច្នេះ​៖«​ទាក់ទង​នឹង​ការសរសេរ​កូដកម្ម​វិធី (​រ៉ូ​បូត​) នេះ គឺ​ប្រើ​ភាសា​អង់គ្លេស​។ វា​អត់​មាន​កូដ​កម្មវិធី​សរសេរ​ជា​ភាសា​ខ្មែរ​ទេ​។ ដោយសារ​យើង​ជា​ខ្មែរ យើង​ចង់​បង្កើត​រ៉ូ​បូត​ណា​ដែលជា​អត្តសញ្ញាណ​ជាតិ​របស់​យើង​...​អីចឹង​អត្តសញ្ញាណ​ជាតិ​គឺ​ភាសា​។ អីចឹង​ពួក​ខ្ញុំ​ធ្វើ​ខ្លួនឯង (​សរសេរ​កូដ​ឲ្យ​រ៉ូ​បូត​អាច​និយាយ​ភាសា​ខ្មែរ​បាន​) គឺ​ពិបាក​ខ្លាំង​មែនទែន មានន័យថា ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​វា​ទាញយក​ភាសា​ខ្មែរ​ពី​ខាងក្រៅ​ចូលទៅ​កន្លែង​ផ្ទុក​ទិន្នន័យ​របស់​រ៉ូ​បូត ហើយ​វា​នឹង​វិភាគ​ថា ជា​សំណួរ​អ្វី ហើយ​រ៉ូ​បូត​នោះ​នឹង​ឆ្លើយ​ត្រឡប់មកវិញ​»​។​
 
​ក្រុមការងារ​បង្កើត​ម​នុស្ស​យន្ត​របស់លោក វោហា បាន​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​រហូតដល់​ទៅ​ជាង​២​ឆ្នាំ ដើម្បី​ធ្វើយ៉ាងណា​អាច​ឲ្យ រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ អាច​និយាយ​ភាសា​ខ្មែរ​បាន​។ លោកគ្រូ សុភ័ណ ដែល​ដឹកនាំ​និស្សិត​មួយក្រុម​បង្កើត​រ៉ូ​ប៉ូ​ត​នេះ អះអាងថា ក្រុមការងារ​របស់លោក​នឹង​បង្កើត​មនុស្ស​យន្ត​ជា​ជំនា​ន់ទី​ពីរ ដែល​អាច​និយាយ​ភាសា​ចិន​បាន ឬ​លើសពីនេះទៅទៀត​។​
 
​បើតាម​អ្នកគ្រប់គ្រង​ទូទៅ រូបនេះ មុននឹង​ចាប់​ផ្តើមធ្វើ​មនុស្ស​យន្ត​នេះ​ឡើង​ដោយ​ទទួលបាន​ជោគជ័យ ក្រុមការងារ​របស់លោក​បាន​បែក​ចែកគ្នា​ជា​បួន​ផ្នែក គឺ​ផ្នែក​មេកា​និក​, ផ្នែក​អ្នកសរសេរ​កូដ​, ផ្នែក​កែច្នៃ​សៀគ្វី និង​ផ្នែក​បញ្ជា​ទិញ​ទំនិញ​ក្រៅប្រទេស ដោយ​ចំណាយពេល​សិក្សា​ស្រាវជ្រាវ​, វិភាគ​ទិន្នន័យ និង​សរសេរ​កូដ លើ​ផ្នែក​រៀងៗ​ខ្លួន​។ ក្នុង​ដំណើរការ​នៃ​ការបង្កើត​មនុស្ស​យន្ត​ជំនាន់​ទីមួយ​នេះ​ឡើង ក្រុម​អ្នក​ផលិត​មនុស្ស​យន្ត​នេះ បាន​ជួប​បញ្ហា​ច្រើនជាងគេ គឺ​ផ្នែក​មេកា​និក​ដោយសារ​ខ្វះ​អ្នកជំនាញ និង​ផ្នែក​បញ្ជា​ទិញ​សម្ភារ​ក្រៅប្រទេស ដោយសារ​កម្ពុជា​គ្មាន​សម្ភារ​លក់ ដែល​ពាក់ព័ន្ធ​នឹង​ការបង្កើត​មនុស្ស​យន្ត​។​
 
​ទោះបីជា​លំបាក​ក៏ពិតមែន តែ​ក្រុមការងារ​របស់លោក សុភ័ណ វោហា អាច​ផលិត​រ៉ូ​បូត​ដែលមាន​ចលនា​, និយាយ​ភាសា​ខ្មែរ និង​អង់គ្លេស​បាន​ដោយ​ជោគជ័យ​ក្នុង​ជំហាន​ដំបូង​។ លោក សុភ័ណ វោហា ប្រាប់​ពី​គោលបំណង​នៃ​ការផលិត​រ៉ូ​បូត​នេះ​យ៉ាង​ដូច្នេះ​៖«​ទីមួយ យើង​ចង់បង្ហាញ​ពិភពលោក​ថា ខ្មែរ​យើង​មាន​សមត្ថភាព​អាចធ្វើ​រ៉ូ​បូត​បាន​ដូច​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដែលជា​ប្រទេស​អភិវឌ្ឍន៍​។ ទី​ពីរ យើង​ចង់​ដាស់តឿន​ដល់​ប្អូនៗ​និស្សិត​ផ្នែក​បច្ចេកទេស ឲ្យ​គាត់​មាន​សង្ឃឹមថា យើង​អាច​ធ្វើបាន ហើយ​យើង​នឹង​នាំ​អ្នក​ទាំងអស់គ្នា​ឲ្យ​ធ្វើ​រ៉ូ​បូត​ហ្នឹង ដើម្បី​ជួយ​ឲ្យ​ប្រទេស​យើង​មានការ​រីកចម្រើន​។ ហើយ​មួយទៀត​ក្តី​ស្រមៃ​របស់​ពួក​ខ្ញុំ ខ្ញុំ​នឹងធ្វើ​រ៉ូ​បូត Humanoid (​រ៉ូ​បូត​ដែលមាន​រូបរាង​ប្រហាក់ប្រហែល​នឹង​មនុស្ស​) ហ្នឹង​ឲ្យ​ចេញ​ជា​រូបរាង​ឡើង​»​។ 
 
«​រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ​» ត្រូវបាន​ក្រុម​អ្នក​ផលិត​មនុស្ស​យន្ត​ដែល​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ សុ​ភ័ន វោហា ដាក់​បង្ហាញ​ជា​លើកដំបូង​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​កាលពី​ថ្ងៃទី​១៥-១៦ មិថុនា ឆ្នាំ​២០១៩​។​
 
​លោក កែវ មនោ​រម្យ ដែល​ទទួលបន្ទុក​ផ្នែក​មេកា​និក​នៃ​ការបង្កើត​មនុស្ស​យន្ត រ៉ូ​បូ​ខេ​ម ព្រះកុសុមៈ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា តាមរយៈ​វត្តមាន​មនុស្ស​យន្ត​ជំនាន់​ទីមួយ​នេះ  នឹង​ធ្វើឱ្យ​ក្រុមការងារ​អាច​ផលិត​មនុស្ស​ជំនា​ន់ទី​ពីរ បាន​កាន់តែ​លឿន​, មាន​ភាពរស់រវើក និង​កាន់តែ​ដូច​មនុ​ស្សពិតៗ ព្រមទាំង​អាច​បញ្ជា​មនុស្ស​យន្ត​នោះ​ឱ្យធ្វើ​អ្វី​បាន​កាន់តែច្រើន​ទៀត ដូចជា​កា​រក​ម្ម៉​ង់​អាហារ និង​ការ​ចាក់ទឹក​ជាដើម​៕ 
 

Tag:
 មនុស្ស​យន្ត​
  ROBOCAM ព្រះកុសុមៈ​
© រក្សាសិទ្ធិដោយ thmeythmey.com