ការចោទប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​បង្ហាញ​ពី​ការ​បែកខ្ញែក​នយោបាយ​យ៉ាង​ស៊ីជម្រៅ​
អន្តរជាតិ
ការចោទប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​បង្ហាញ​ពី​ការ​បែកខ្ញែក​នយោបាយ​យ៉ាង​ស៊ីជម្រៅ​
26, Dec 2019 , 1:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លើយសំណួរពីអ្នកសារព័ត៌មាននៅកន្លែងសម្រាកលំហែកាយ Mar-a-Lago ក្នុងក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឆ្លើយសំណួរពីអ្នកសារព័ត៌មាននៅកន្លែងសម្រាកលំហែកាយ Mar-a-Lago ក្នុងក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
ដោយ: VOA
​វិមាន CAPITOL HILL ៖ ឆ្នាំ​២០១៩​នឹងត្រូវ​បានគេច​ង​ចាំ​ថា​ជា​ឆ្នាំ​មួយ​ដែល​រដ្ឋសភា​សហរដ្ឋអាមេរិក​ចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ម្នាក់​ពី​តំណែង​ជា​លើក​ទី​បី​នៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​។​

 
​ខណៈដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដែលមាន​សមាជិក​ភាគច្រើន​មកពី​គណបក្ស​សាធារណរដ្ឋ​មិន​ទំនងជា​នឹង​ដក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពី​តំណែង​នៅ​ឆ្នាំ​២០២០​ខាងមុខ​នោះទេ ជម្លោះ​របស់​អ្នកតំណាងរាស្ត្រ​ជុំវិញ​ការចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​បង្ហាញ​នូវ​ការ​បែកខ្ញែក​យ៉ាង​ស៊ីជម្រៅ ដែល​កំពុងតែ​ផ្លាស់ប្ដូរ​ការពិភាក្សា​អំពី​នយោបាយ​នៅក្នុង​សហរដ្ឋអាមេរិក​។​
 
​ការបោះឆ្នោត​ដ៏​សំខាន់បំផុត​ដែល​ប្រធានរដ្ឋសភា​សហរដ្ឋអាមេរិក​អាច​ប្រកា​សបាន គឺជា​ការបោះឆ្នោត​ដែល​ធ្លាប់​មានតែ​ប្រធានាធិបតី​អាមេរិក​មុន​លោក ដូ​ណា​ល់ ត្រាំ ចំនួន​ពីរ​នាក់​ប៉ុណ្ណោះ​បាន​ប្រឈម​។ 
 
​អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភា ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែងថា​៖ «​ការពិត​មិនអាច​ប្រកែក​បាន​។ លោក​ប្រធានាធិបតី​បាន​រំលោភបំពាន​អំណាច​របស់លោក​ដើម្បី​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន និង​ខូចខាត​ដល់​សន្ដិសុខ​ជាតិ​របស់​យើង ដោយ​លោក​បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​នៅ​សេត​វិមាន​របស់​ប្រធានាធិបតី ដើម្បី​ជា​ថ្នូរ​ទៅនឹង​ការប្រកាស​បើក​ការស៊ើបអង្កេត​ទៅលើ​គូប្រជែង​នយោបាយ​របស់​លោ​ក‍​»​។​
 
​ប៉ុន្តែ​ការពិត​នៃ​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​២៥ ខែកក្កដា រវាង​លោក ត្រាំ ជាមួយនឹង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelinskiy ដែល​បង្ក​ឲ្យ​រដ្ឋសភា​បើក​ការស៊ើបអង្កេត​រយៈពេល​បី​ខែ និង​ការផ្ដល់​សក្ខីកម្ម​ជា​សាធារណៈ​ចំនួន​៨០​ម៉ោង​នៅតែ​ត្រូវបាន​ជជែក​ដេញដោល​យ៉ាង​ខ្លាំងក្លា​។ នៅ​ទីបំផុត ក៏មាន​ការចោទប្រកាន់​លោក​ប្រធានាធិបតី ត្រាំ នូវ​បទ​ចោទ​ចំនួន​ពីរ ដែលថា លោក​បាន​បំពាន​អំណាច​ខ្លួនឯង និង​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋសភា​ក្នុង​ការបើក​ការស៊ើបអង្កេត​ទៅលើ​រូបលោក​។​
 
​លោក John Lewis អ្នកតំណាងរាស្ត្រ ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែងថា​៖ «​ប្រទេស​របស់​យើង​ត្រូវបាន​ស្ថាបនា​ឡើង​ក្រោម​គោលការណ៍​ដែលថា យើង​មិនមាន​ស្តេច​ទេ​។ យើង​មានតែ​ប្រធានាធិបតី​តែប៉ុណ្ណោះ​។ ហើយ​រដ្ឋធម្មនុញ្ញ​រប​ស់​យើង​គឺជា​ត្រីវិស័យ​ចង្អុលបង្ហាញ​ផ្លូវ​ដល់​យើង​។ នៅពេលដែល​យើង​មើលឃើញ​អ្វីមួយ​មិន​ត្រឹមត្រូវ មិន​យុត្តិធម៌ យើង​មាន​កាតព្វកិច្ច​ខាង​សីលធម៌​ក្នុង​ការនិយាយ​អ្វីមួយ ឬ​ធ្វើ​អ្វី​មួ​យ‍​»​។​
 
​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អះអាងថា លោក ត្រាំ ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រជាធិបតេយ្យ​របស់​អាមេរិក​តាមរយៈ​ការអនុញ្ញាត​ឲ្យ​បរទេស​មក​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ​២០២០​។ 
 
​លោក Adam Schiff អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មានប្រសាសន៍ថា​៖ «​នៅពេលដែល​លោក​ប្រធានាធិបតី​លះបង់​ផលប្រយោជន៍​របស់​យើង សន្ដិសុខ​ជាតិ​របស់​យើង ដើម្បី​ការបោះឆ្នោត​របស់លោក មានន័យថា លោក​កំពុងតែ​លះបង់​ប្រទេស​របស់​យើង​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់លោក​។ អ្វី​ដែលជា​ហានិភ័យ​នៅទីនេះ​គឺថា គំនិត​នៃ​អត្តសញ្ញាណ​របស់​អាមេរិក​តែម្តង ដែលថា យើង​ជា​ប្រជាជាតិ​នៃ​ច្បាប់ (​នីតិរដ្ឋ​) មិនមែន​ប្រជាជាតិ​របស់​បុគ្គល​ណា​ម្នាក់​នោះ​ទ‍េ​»​។ 
 
​សេត​វិមាន​បាន​បញ្ចេញ​សេចក្ដី​សង្ខេបនៃ​ការសន្ទនា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២៥ ខែកក្កដា របស់លោក ត្រាំ កាលពី​ចុងខែ​កញ្ញា កន្លងទៅនេះ ក្រោយពី​មាន​ពាក្យបណ្ដឹង​ពី​អ្នក​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ម្នាក់​អំពី​ការប្រព្រឹត្ត​របស់លោក​ប្រធានាធិបតី​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​មានការ​បកស្រាយ​ខុសគ្នា​យ៉ាងខ្លាំង​រវាង​សេត​វិមាន​និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​។​
 
​លោក​ប្រធានាធិបតី ត្រាំ បាន​និយាយថា​៖ «​ខ្ញុំ​ត្រូវ​ស៊ូទ្រាំ​ជាមួយនឹង​លោក Adam Schiff (​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​) ចំពោះ​រឿង​សន្ទនា​តាម​ទូរស័ព្ទ​ដ៏​ល្អឥតខ្ចោះ​មួយ​ទៅកាន់​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ វា​គឺជា​ការសន្ទនា​ដ៏​ល្អឥតខ្ចោះ​មួ​យ‍​»​។ 
 
​សមាជិក​គណបក្ស​សាធារណរដ្ឋ​ក៏បាន​តវ៉ា​ចំពោះ​របៀប​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បានធ្វើការ​ស៊ើបអង្កេត​នេះដែរ​។​
 
​សមាជិក​គណបក្ស​សាធារណរដ្ឋ​នៅតែ​មូលមតិ​គ្នា​ការពារ​ប្រធានាធិបតី​របស់​ពួកគេ ដោយ​អះអាងថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ព្យាយាម​កែប្រែ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០១៦​។​
 
​លោក Steve Scalise អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​និយាយថា​៖ «​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ស្អប់​ប្រជាពលរដ្ឋ​ទាំង​៦៣​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី​ត្រ‍ាំ​»​។​
 
​វោហារសាស្ត្រ​ធ្ងន់ៗ បង្ហាញ​នូវ​ចំណុច​របត់​មួយ​ដ៏​គួរ​ឲ្យ​បារម្ភ​នៅក្នុង​ការជជែក​ដេញដោល​នយោបាយ​របស់​សហរដ្ឋអាមេរិក​។​
 
​អ្នកស្រី Jennifer Victor នៃ​សាកលវិទ្យាល័យ George Mason បាន​ថ្លែងថា​៖ «​យើង​កំពុងស្ថិត​ក្នុងស្ថានភាព​មួយ​ដែល​មានការ​បែកខ្ញែក​តាម​និន្នាការ​គណបក្សនយោបាយ​ខ្លាំងណាស់​។ ការ​បែកខ្ញែក​គ្នា​នេះ​ពិតជា​ប៉ះពាល់​ដល់​អ្វីដែល​កំពុងតែ​កើតឡើង​ជាមួយនឹង​ការចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​។ ខ្ញុំ​គិតថា យើង​មិនដែល​ឃើញ​មានការ​បែកខ្ញែក​គ្នា​របៀបនេះ​នៅក្នុង​អំឡុងពេល​នៃ​ការចោទប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពីមុនៗ​ពី​តំណែង​ទេ សូម្បីតែ​ជាមួយនឹង​លោក Bill Clinton និង​លោក Richard Nixon ក៏ដោយ​(​ក៏​មិនមាន​ដែរ​)»​។​
 
​នៅ​ទីបំផុត ការជជែក​ដេញដោល​គ្នា​ខាង​នយោបាយ​នេះ មិនបាន​ផ្លាស់ប្ដូរ​គំនិត​របស់​អ្នកតំណាងរាស្ត្រ ឬ​មតិ​សាធារណជន​ប៉ុន្មាន​ទេ ដូចដែល​ការស្ទង់មតិ​បានបង្ហាញ​ស្រាប់​។ ការបោះឆ្នោត​សម្រេច​ចុងក្រោយ​ទៅលើ​ការចោទប្រកាន់​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ ធ្វើឡើង​ស្ទើរតែ​តាម​និន្នាការ​គណបក្សនយោបាយ​នីមួយៗ​ទាំងស្រុង​។ ស្ថានភាព​នេះ​នឹង​រៀបចំ​ឲ្យ​មាន​ស្ថានភាព​ជម្លោះ​នយោបាយ​កាន់តែ​ខ្លាំងក្លា​នៅ​ដើម​ឆ្នាំក្រោយ ទាក់ទិន​នឹង​សវនាការ​ជំនុំជម្រះ​លោក ត្រាំ នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com