ជាតិ
សង្គមជាតិ
«​ដី​សើម​បឹង​ស្នេហ៍​» នៅ​ខេត្តព្រៃវែង នឹងត្រូវ​ស្នើ​ប​ញ្ចូល​ទៅជា​តំបន់ការពារធម្មជាតិ​
26, Dec 2019 , 2:56 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថិតនៅ​ភូមិ​បឹង​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង «​តំបន់ដីសើម​បឹង​ស្នេហ៍​»  ជា​ប្រភពទឹក​សម្រាប់​ពលរដ្ឋ​នៅ​ជុំវិញ​ប្រមាណ​១៤​ឃុំ ហើយក៏​ជា​ជម្រក​នៃ​ប្រភេទ​សត្វ​ស្លាប​ដែល​ជិត​ផុត​ពូជ  និង​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក​។ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែធ្នូ ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ខេត្តព្រៃវែង បាន​បើក​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្តីពី​ការដាក់បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​នេះ ជា​តំបន់ការពារធម្មជាតិ​។​

 
​លោក ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និយាយថា តំបន់ដីសើម​បឹង​ស្នេហ៍ ជា​ជម្រក​នៃ​ប្រភេទ​សត្វ​ស្លាប​មួយចំនួន​ដែល​ជិត​ផុត​ពូជ និង​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក ដូចជា​ស្មោញ ទុង​ប្រផេះ រនាល​ណ៍ ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច និង​ជាពិសេស​ប្រភេទ ចង្កៀលខ្យង ដែល​កំពុង​បន្ត​ពូជ​ពង​កូន​រាប់ពាន់​ក្បាល នៅ​ចំណុច​ទួល​ពាន់តា​ឡី​។ 
 
​លោក​បាន​គូសបញ្ជាក់ថា ការដាក់បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍ ទៅជា​តំបន់ការពារធម្មជាតិ គឺ​ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន ក៏ដូចជា​ការប្រើប្រាស់​ដោ​យ​ឈ្លាសវៃ និង​និរន្ត​ភាព​នូវ​ធនធាន​តំបន់ដីសើម​នេះ​។ លោក​រំពឹងថា​៖ «​តាមរយៈ​ការងារ​នេះ សក្តានុពល​តំបន់​បឹង​ស្នេហ៍ នឹង​ទទួលបាន​ការចូលរួម​ការពារ​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សហគមន៍​មូលដ្ឋាន​»​។ 
 
​ជាមួយគ្នា​នោះដែរ លោកស្រី លៀង ស្រី​ម៉ុ​ល អភិបាលរង​ខេត្ត បានលើកឡើង​ពី​តួនាទី​ដ៏​សំខាន់​នៃ​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​តំបន់​បឹង​ស្នេហ៍ ដែលជា​ប្រភពទឹក​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ប្រមាណ​ជាង​១៤​ឃុំ​សម្រាប់​ការស្រោចស្រព​ដំណាំ​ស្រូវប្រាំង​ជាង​រាប់ម៉ឺន​ហិកតា​៕








រូបទាំងអស់​ផ្តល់ដោយ ក្រសួងបរិស្ថាន

Tag:
 បរិស្ថាន​
  ដី​សើម​បឹង​ស្នេហ៍
© រក្សាសិទ្ធិដោយ thmeythmey.com