ជាតិ
ដោយ​គ្មាន​អ្នកទិញ អ្នកស្រី អេង តុលា បង្ខំចិត្ត​ដក​ស្ពៃក្រញាញ់​ចោល​អស់​ជិត​២​តោន​ហើយ​
26, Dec 2019 , 4:04 pm        
រូបភាព
​ភ្នំពេញ​៖ អ្នកស្រី អេង តុលា បង្ខំចិត្ត​ដក​ស្ពៃក្រញាញ់​របស់ខ្លួន​ចោល​អស់​ជិត​២​តោន ដោយសារតែ​ស្ពៃ​ថោក​ហើយ ថែមទាំង​គ្មាន​ទិញ​ទៀត​។  បច្ចុប្បន្ន​ស្ពៃ​ក្រ​ញាញ់​របស់​អ្នកស្រី តុលា មានតម្លៃ​ត្រឹមតែ​៣០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ផ្ទុយ​ពី​កន្លងមកៗ ដែល​អ្នកស្រី​លក់បាន​តម្លៃ​ពី​២០០០​ទៅ​៤០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​

 
​ស្ពៃក្រញាញ់ ដែល​ដាំ​ដុះ​នៅលើ​រោង​ស្វាយ​នីមួយៗ ក្នុង​ទំហំ​ផ្ទៃដី​ទទឹង​២០​ម៉ែត្រ​និង​បណ្តោយ​១០០​ម៉ែត្រ នៅ​ភូមិ​លាវ ឃុំ​ព្រែ​កលាវ ស្រុក​កងមាស ខេត្តកំពង់ចាម អាច​ផ្តល់​ទិន្នផល​ជាប្រចាំ​ខែ​ដល់​អ្នកស្រី​តុលា ជិត​៣​តោន  ប៉ុន្តែ​សម្រាប់​ចុង​វិច្ឆិកា និង​ខែធ្នូ ឆ្នាំ​២០១៩​នេះ អ្នកស្រី អេង តុលា បាន​ដក​ស្ពៃ​នោះ​ចោល​អស់​១,៨​តោន ព្រោះ​គ្មាន​ឈ្មួញកណ្តាល មក​បញ្ជា​ទិញ ដូច​សព្វដង​។​
 
«​ពេល​ស្ពៃក្រញាញ់​ថ្លៃ មាន​ឈ្មួញ​ដណ្តើម​គ្នា​ទិញ តែ​ពេល​ស្ពៃ​ថោក គ្មាន​ឈ្មួញ​មក​ទិញ​ទៅវិញ​។ បន្លែ​ត្រូវ​កាត់​រាប់រយ​គីឡូ តើ​ខ្ញុំ យកទៅលក់​នៅឯណា​អស់​»​។ នេះ​ជា​លើកឡើង​របស់​អ្នកស្រី អេង តុលា ដែល​បាន​បន្ថែម​ដូច្នេះ​៖«​ពេលនេះ ស្ពៃ​ហ្នឹង​កុំថាឡើយ​មួយ​គីឡូ​៥០០​រៀល តែមួយ​គីឡូ​៣០០​រៀល ក៏​ខ្ញុំ​កាត់​លក់​ឱ្យ​ដែរ ព្រោះ​ខ្ញុំ​មិនដឹង​យកទៅលក់​នៅ​ណា បើ​ស្ពៃ​យើង​ដល់​អាយុ​កាត់​លក់​ហើយ​។ ស្ពៃ​តម្លៃ​៣០០​រៀល ក្នុង​មួយ​គីឡូ​ហើយ វា​គ្មាន​អ្នកទិញ​ទៀត​... គឺ​ខាត​លែង​និយាយ​តែម្តង​»​។ 
 
​ឆ្លងកាត់​បទពិសោធន៍​ដាំ​ស្ពៃក្រញាញ់​អស់​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ អ្នកស្រី អេង តុលា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ ថា ជាទូទៅ​ស្ពៃក្រញាញ់ កសិករ​ចំណាយពេល​តែ​មួយខែ​ប៉ុណ្ណោះ ស្ពៃក្រញាញ់​នោះ​មាន​រូបរាង​ល្អ ហើយ​អាច​កាត់​លក់បាន​ហើយ ប៉ុន្តែ បើ​កសិករ​ទុក​ឈានដល់​រយៈពេល​ចាប់ពី​មួយខែ​៣​ថ្ងៃ ស្ពៃ​នោះ នឹង​ចាប់ផ្តើម​រោល និង​ហូប​លែងកើត​។ ដូច្នេះ បើ​គ្មាន​អ្នកទិញ ក្នុង​ចន្លោះពេល​វា​មាន​អាយុ​មួយខែ ស្ពៃ​នោះ​ត្រូវ​កាត់​ឬ​ដក​ចោល តែម្តង​។​
 
​បើតាម​កសិករ​វ័យ​២៧​ឆ្នាំ​រូបនេះ កន្លងមក​ស្ពៃក្រញាញ់​នេះ តែងតែ​ធា្ល​ក់​ចុះ​នៅពេល​បន្លែ​នៅលើ​ទីផ្សារ​ជន់ ប៉ុន្តែ​មិនដែល​ធា្ល​ក់​ថ្លៃ​ដូច​ក្នុង​រយៈពេល​២-៣​ខែ​ចុងក្រោយ​នេះឡើយ​។​
 
​សូមជម្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ ក្រៅពី​ស្ពៃក្រញាញ់​ធា្ល​ក់​ថ្លៃ​នោះ សូម្បីតែ​ត្រសក់ ស្ពៃជើងទា ស្រូវ និង​ពោត​ជាដើម ក៏​ធា្ល​ក់​ថ្លៃ​ថោក​ផងដែរ​៕ 

អត្ថបទទាក់ទង

 

Tag:
 បន្លែ​
  ស្ពៃក្រញាញ់​
© រក្សាសិទ្ធិដោយ thmeythmey.com