ជាតិ
​ក្រសួង​ដែនដី​៖ កម្ពុជា​នាំមុខ​នៅ​អាស៊ី​លើ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​
26, Dec 2019 , 8:39 pm        
រូបភាព
ផ្ទះជនជាតិដើម​ភាគតិច​គ្រឹ​ង នៅ​ភូមិ​ល្អក់ ឃុំល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី
ផ្ទះជនជាតិដើម​ភាគតិច​គ្រឹ​ង នៅ​ភូមិ​ល្អក់ ឃុំល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី
​ភ្នំពេញ​៖ កម្ពុជា ឈរ​លំដាប់ថ្នាក់​លេខ​១ នៅ​តំបន់​អាស៊ី លើ​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច ក្នុង​គោលដៅ​រក្សា​ការពារ​វប្បធម៌ ប្រពៃណី និង ទំនៀមទម្លាប់​ល្អ​របស់​ជនជាតិដើម​ភាគតិច​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ដែល​ចេញផ្សាយ​ក្រោយ​បញ្ចប់​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៩​។


 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​ដែនដី បាន​ប្តេជ្ញា​ថា នឹង​បន្ត​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ឲ្យ​បាន​យ៉ាងតិច​១០​សហគមន៍ ក្នុង​មួយឆ្នាំ​។ ក្រសួង អះអាងថា មកដល់​បច្ចុប្បន្ន ដី​សហគមន៍​ជនជាតិដើម​ភាគតិច​៣០​ហើយ ដែលមាន​ជាង​៣​ពាន់​គ្រួសារ និង​មាន​ទំហំ​ជាង​២,៨​ម៉ឺន​ហិកតា ទទួលបាន​ការចុះបញ្ជី​។  
 
​ក្រៅពី​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិភាគតិច ក្រសួង ក៏បាន​បង្ហាញ​ពី​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ ក្រសួង កំណត់ថា នឹង​ចុះបញ្ជី​ដីធ្លី​ឲ្យ​បាន​៩៤​ភាគរយ នៅ​ឆ្នាំ​២០២០ និង​ឈាន​សម្រេចបាន​១០០​ភាគរយ​នៅ​ឆ្នាំ​២០២១ នៃ​ក្បាលដី​សរុប​ប្រមាណ​៧​លាន​ក្បាលដី​។ ក្នុងចំណោម​៧​លាន​ក្បាលដី​នោះ ក្រសួង ចុះបញ្ជី​បាន​ជាង​៨០​ភាគរយ​ហើយ​។  
 
​ជាមួយគ្នានេះ នៅ​ឆ្នាំ​២០២០ ក្រសួង មាន​ទិសដៅ​ព​ន្លឿ​ន​ការដោះស្រាយ​វិវាទ​ដីធ្លី​ដែល​នៅ​សេសសល់ ដើម្បី​ធានា​ភាពសុខដុមរមនា​ក្នុងសង្គម​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៩​នេះ ក្រសួង ទទួល​ពាក្យបណ្ដឹង​ជាង​១,២​ម៉ឺន​ករណី ដោយ​ក្នុងនោះ បាន​ដោះស្រាយ​រួចរាល់​ជាង​១​ម៉ឺន​ករណី និង​កំពុង​បន្ត​ដោះស្រាយ​ជាង​២,៤​ពាន់​ករណី​។ 
 
​លើសពីនេះ ក្រសួង មាន​ទិសដៅ​បន្ត​អនុវត្ត​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច ដើម្បី​ចែក​ដី​ដល់​ពលរដ្ឋ​ដែល​ខ្វះខាត​ដី ឲ្យ​បាន​យ៉ាងតិច​៥០០​គ្រួសារ ក្នុង​មួយឆ្នាំ ហើយ​បន្ត​ចែក​ដី​និង​ផ្ទះ ដល់​គ្រួសារ​កងកម្លាំង ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន ឲ្យ​បាន​យ៉ាងតិច​៥០០​ខ្នង ក្នុង​មួយឆ្នាំ​។ បច្ចុប្បន្ន ក្រសួង បាន​ចែក​ដី​ជាង​១,៣​លាន​ហិកតា និង​ផ្ទះ​ជាង​៧​ពាន់​ខ្នង​ហើយ ដល់​កងកម្លាំង និង​ពលរដ្ឋ​ទូទៅ​ជាង​៤,៨​សែន​គ្រួសារ​៕ 

Tag:
 ចុះបញ្ជី​ដីធ្លី​
  ជនជាតិដើម​ភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com