អន្តរជាតិ
ការ​បូម​ខ្សាច់​នៅតែ​បន្ត​បំផ្លិចបំផ្លាញ​ទន្លេមេគង្គ​
26, Dec 2019 , 9:19 pm        
រូបភាព
​បញ្ហា​ជាច្រើន បន្ត​កើតមាន​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ​នៅពេលដែល​ច្រាំងទន្លេ​នៅតែ​បន្ត​ដួលរលំ និង​ប្រជាជន​ប្រមាណ​ជា​កន្លះ​លាន​នាក់​ទៀត​អាច​នឹង​បាត់បង់​លំនៅដ្ឋាន​របស់ខ្លួន​។ នេះ​បើតាម​ការដកស្រង់​ចេញពី​សារព័ត៌មាន BBC របស់​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី​១៩ ខែធ្នូ​។​

 
​ស្ថានប្រព័ន្ធ​ធម្មជាតិ​របស់​ទន្លេ​នៅក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៌ កំពុង​រង​ការបំផ្លិចបំផ្លាញ​ដោយសារតែ​តម្រូវការ​ខ្សាច់​ទន្លេ​ទៅកាន់​ពិភពលោក​សម្រាប់​ការសាងសង់​សំណង់​នានា​។ ខ្សាច់​គឺជា​ធនធាន​មួយ​ដែលមាន​តម្រូវការ​ខ្ពស់ ដោយ​ក្នុង​មួយឆ្នាំៗ ៥០​ពាន់​លាន​តោន​នៃ​ធនធានធម្មជាតិ​មួយ​នេះ​ត្រូវបាន​គេ​គាស់កកាយ​យកមក​ដើម្បី​ធ្វើ​សំណង់​។ 
 
«​សកម្មភាព​បូម​ខ្សាច់​នេះ​មានការ​កើនឡើង​រហ័ស​ខ្លាំងណាស់​។ វា​ជា​ឧស្សាហកម្ម​មួយ​ដែលមាន​ទំហំ​លើសពី​ការរំពឹងទុក​»​។ នេះ​ជាការ​លើកឡើង​របស់លោក Stephen Darby ដែលជា​អ្នកវិទ្យាសាស្ត្រ​សិក្សា​ខាង​ផ្នែក​ទន្លេ​នៃ​សកលវិទ្យា​ល័យ Southampton នៃ​ប្រទេស​អង់គ្លេស​។ ការសិក្សា​របស់លោក​បាន​បញ្ចា​ក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ កម្ពស់​បាតទន្លេ​មេគង្គ​បាន​ធ្លាក់ចុះ​ប្រមាណ​ជា​២​ទៅ​៣​ម៉ែត្រ ពេលខ្លះ​លើ​ផ្ទៃ​ទឹក​រហូត​ទៅដល់​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​។​


 
​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុះ​ក្រោយនេះ តម្រូវការ​នៃ​ខ្សាច់​ក្នុង​ពិភពលោក​បាន​កើនឡើង​រហូត​ទៅដល់​បី​ដង​។ បើតាម​ការលើកឡើងរ​បស់​អង្គការសហប្រជាជាតិ​។ រវាង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ ប្រទេស​ចិន​បាន​ប្រើប្រាស់​ខ្សាច់​ច្រើនជាង​សហរដ្ឋអាមេរិក​ប្រើប្រាស់​ក្នុង​សតវត្សរ៍​ទី​២០​ទៅទៀត​។ ខ្សាច់​ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​កោះ​ដូចជា​ប្រទេស​សិង្ហ​បុរី​មាន​ផ្ទៃដី​ធំៗ​ជាង​មុន​២០​ភាគរយ បើ​ប្រៀបធៀប​ជាមួយនឹង​ផ្ទៃដី​ដើម​ដែល​ខ្លួន​មាននៅ​ពេល​ទទួលបាន​ឯករាជ្យ​នៅក្នុង​ឆ្នាំ​១៩៦៥​មក​។​
 
​បើ​និយាយ​ពី​ខ្សាច់​ដែលមាន​វត្តមាន​នៅតាម​វាលលំហ​ខ្សាច់​វិញ​ដូចជា​នៅតាម​តំបន់ «​សាហា​រា​» ខ្សាច់​ទាំងនោះ​មាន​លក្ខណៈ​ជា​ផង់​តូច​ល្អិតៗ​ល្អ​ពេក​ដែល​គេ​ពិបាក​យកមក​ធ្វើជា​គ្រឿងផ្សំ​លាយ​សម្រាប់​សំណង់ ឬ​រំលាយ​ធ្វើ​ទៅជា​កញ្ចក់​។ ការ​បូម​ខ្សាច់​ពី​ទន្លេ​នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​ទៅកាន់​ប្រព័ន្ធ​ជីវចំរុះ​នៃ​សត្វ និង​មនុស្ស បង្ក​ឲ្យ​មាន​សំនឹក និង​បង្កើន​ជាតិ​ប្រៃ​ក្នុង​ទឹកសាប​។ ទន្លេមេគង្គ​គឺជា​ជង្រុក​ត្រី​ដ៏​ធំ​នៅក្នុង​តំបន់ និង​នៅក្នុង​ពិភពលោក ហើយក៏​ជា​ប្រភព​អាហារ​របស់​មនុស្ស​ប្រមាណ​ជា​៦០​លាន​នាក់​នៅ​ជុំវិញ​តំបន់​នេសាទ​។​
 
​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ទៅកាន់​ទន្លេ​ដោយសារ​ការ​បូម​ខ្សាច់​យ៉ាង​សន្ធឹកសន្ធាប់​នេះ អ្នកស្រាវជ្រាវ​មកពី​សកល​វិទ្យាល័យ Imperial College នៃ​ទីក្រុង​ឡុង​ដ៏​បានធ្វើការ​ពិសោធន៍​លើ​បច្ចេកវិទ្យា​ក្នុងការ​កែប្រែ​ខ្សាច់​ដែលជា​ផង់​តូច​ល្អិតៗ​ទាំងនោះ​ឲ្យ​ទៅជា​គ្រើម​គួរសម​ក្នុងការ​ប្រើប្រាស់​នៅតាម​ការដ្ឋាន​សំណង់​ដែល​គេ​ដាក់ឈ្មោះថា​«Finite»៕

© រក្សាសិទ្ធិដោយ thmeythmey.com