កីឡាជាតិ
ជាតិ
ក្រោយ​បង្ហាញ​វត្តមាន​កីឡាករ​កូ​ឡុំ​ប៊ី Andres Nieto ភ្នំពេញ​ក្រោ​ន​នាំចូល​យុវជន​៥​រូប​
27, Dec 2019 , 7:59 am        
រូបភាព
កីឡាករយុវជនទាំង៥រូប ដែលភ្នំពេញក្រោនទើបនាំចូល, រូបភាពពីក្លិបភ្នំពេញក្រោន
កីឡាករយុវជនទាំង៥រូប ដែលភ្នំពេញក្រោនទើបនាំចូល, រូបភាពពីក្លិបភ្នំពេញក្រោន
ដោយ:
​ក្រោយ​ចុះកិច្ចសន្យា​នាំចូល​ខ្សែបម្រើ​ប្រយុទ្ធ​កូ​ឡុំ​ប៊ី Andres Nieto ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​នាំចូល​យុវជន​ចំនួន​៥​រូប ដែល​មកពី​ក្លិប​ពាក់កណ្តាល​អាជីព​នៅ​ខេត្តកំពង់ស្ពឺ និង CMAC FC ដោយ​ពួកគេ​មាន​អាយុ​ចន្លោះ​ពី​១៩​ទៅ​២០​ឆ្នាំ​។ ជាមួយគ្នានេះ ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​មួយចំនួន​ផងដែរ​។

 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​រដូវ​កាល​ឆ្នាំ​២០២០ ក្លិប​ភ្នំពេញ​ក្រោ​ន​បាន​នាំចូល​កីឡាករ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៩ ពួកគេ​បាន​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​យុវជន​៥​រូប ដែល​ភាគច្រើន​ជា​កីឡាករ​លេង​នៅ​ក្លិប​ពាក់កណ្តាល​អាជីព​។ កីឡាករ​ទាំងនេះ​រួមមាន ពៅ គីម​ណាន់​, ឃុន សុខ​ម៉េង​, អ៊ី​ម សំ​អូន និង ណុប សុ​ផា​នុ ដោយ​ពួកគេ​ទាំង​បួន​មកពី​ក្លិប​ពាក់កណ្តាល​អាជីព Kompong Speu United និង​កីឡាករ សំណាង រិទ្ធី មកពី​ក្លិប CMAC FC​។ ពួកគេ​ទាំង​៥​មាន​អាយុ​ចន្លោះ​ពី​១៩​ទៅ​២០​ឆ្នាំ​។​
 
​ទោះបី​ពួកគេ​ជា​កីឡាករ​ឡើង​មកពី​ក្លិប​ពាក់កណ្តាល​អាជីព តែ​គ្រូបង្វឹក​លោក ស៊ុំ វណ្ណា បានដាក់​ពួកគេ​ឲ្យ​លេង​ក្នុង​ក្រុម​ឈុត​ធំ​របស់​ភ្នំពេញ​ក្រោ​ន​។ ការដាក់​បែបនេះ គឺ​ដើ​ម្ប​ផ្តល់ឱកាស​ឲ្យ​ពួកគេ​អភិវឌ្ឍ​ខ្លួន​ឈានទៅរក​កម្រិត​អាជីព ក៏ដូចជា​រួមចំណែក​ជួយ​អភិវឌ្ឍ​ធនធាន​កីឡាករ​នៅ​កម្ពុជា​។ 
 
​ពីរ​ថ្ងៃមុន​នាំចូល​យុវជន​ទាំងនេះ ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ បាន​នាំចូល​ខ្សែបម្រើ​ប្រយុទ្ធ​កូ​ឡុំ​ប៊ី Andres Nieto ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​អាជីព​របស់​កូ​ឡុំ​ប៊ី Deportes Tolima​។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​ចេញទៅ​ប្រកប​អាជីព​ក្រៅ​ស្រុក​លើកដំបូង​ដោយ​លេង​ឲ្យ​ក្លិប Real Frontera របស់​វេ​ណេ​ស៊ុយ​អេ​ឡា មុន​ផ្ទេរ​ទៅកាន់​ក្លិប Club 6 de Febrero, Atlético San Francisco និង O&M FC នៅ​សាធារណរដ្ឋ​ដូ​មី​នី​កែន​។ 
 
​រូបគេ​ជា​កីឡាករ​កូ​ឡុំ​ប៊ី​ដំបូង​គេ ដែល​មក​ប្រកប​អាជីព​នៅ​កម្ពុជា ហើយ​រូបគេ​ជា​កីឡាករ​បរទេស​ទី​២​របស់​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ក្លិប​នេះ​បាន​នាំចូល​កីឡាករ Esoh Omogba ដែល​បាន​ចែកផ្លូវ​ជាមួយ​ណាហ្គា​វើ​លដ៍​។ បន្ថែម​លើ​នេះ​ក្លិប​បាន​នាំចូល​អ្នកចាំទី អ៊ុំ វិចិត្រ និង​ខ្សែការពារ​ខ្មែរ​-​បារាំង កុក បូរី​ស ក្រោយ​កីឡាករ​រូបនេះ​បាន​ចែកផ្លូវ​ជាមួយ​ភ្នំពេញ​ក្រោ​ន​បាន​ពីរ​រដូវ​កាល​។    
 
​ជាមួយគ្នានេះ ក្លិប​រហស្សនាម​សិង្ហ​ក្រហម ក៏បាន​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស និង​ខ្មែរ​មួយចំនួន​ផងដែរ​។ កីឡាករ​ទាំងនេះ​រួមមាន Dzarma Bata, វ៉ា សុខ​ថន​, Shane Booysen និង Mustafa Zazai៕ 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  Andres Nieto
© រក្សាសិទ្ធិដោយ thmeythmey.com