ជាតិ
នាយករដ្ឋមន្ត្រី​កម្ពុជា ៖ ជំនួប​ចិន ជប៉ុន និង​កូរ៉េខាងត្បូង នឹង​កាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​
26, Dec 2019 , 5:02 pm        
រូបភាព
​ភ្នំពេញ​៖ ជំនួប​មេដឹកនាំ​ចិន ជប៉ុន និង​កូរ៉េខាងត្បូង នឹង​បន្ធូរបន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ពិភពលោក​។ នេះ​ជាការ​យល់ឃើញ​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច នៅ​ព្រឹក​ថ្ងៃទី​២៦ ធ្នូ​។


 
​សម្ដេច ហ៊ុន សែន យល់ឃើញថា ជំនួប​របស់​មេដឹកនាំ​ទាំង​៣​នេះ នឹង​ជះឥទ្ធិពល​វិជ្ជមាន សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។ «​បើ​បីនាក់​ហ្នឹង​ត្រូវរ៉ូវ​គ្នា ដែល​អនុវត្ត​នូវ​ព​ហ​ភាគី​និយម​បន្ត ក៏បាន​កាត់បន្ថយ​ការលំបាក​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ជាមួយនឹង​ចិន និង​រវាង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​មួយចំនួន​ផ្សេងទៀត​។ អ៊ីចឹង​បើ​ស្ថានភាព​ទំនាក់ទំនង​ដៃគូ​ទាំង​៣​នេះ​ល្អ គឺ​វា​ក៏​ល្អប្រសើរ មិនមែន​តែ​ប្រទេស​ទាំង​៣​នោះទេ ប៉ុន្តែ​សម្រាប់​តំបន់​យើង​តែម្ដង​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ជំនួប​មេដឹកនាំ​ទាំង​៣ ជា​ព័ត៌មាន​ល្អ​ចុងឆ្នាំ​២០១៩​នេះ​។​

​សូម​ស្ដាប់​សំឡេង​នាយករដ្ឋមន្ត្រី​៖



 
​កាលពី​ថ្ងៃទី​២៤ ធ្នូ លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ និង​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មូ​ន ចេ​អ៊ី​ន បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង Chengdu នៃ​ប្រទេស​ចិន​។ មេដឹកនាំ​ទាំង​៣ បាន​រំ​ឮ​ក​ការតាំង​ចិត្ត​ក្នុងការ​បញ្ចប់​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដោយ​ព្រម​ជួយ​ជំរុញ​កិច្ចសន្ទនា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ព្យុងយ៉ាង​។ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ក៏​នៅក្នុង​ជំនួប​នេះដែរ​៕
 

Tag:
 ​ហ៊ុន សែន​
  ស៊ី ជិន​ភីង​
  ស៊ិន ហ្ស៊ូ​អា​បេ​
  មូ​ន ចេ​អ៊ី​ន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com