ជាតិ
CDC សម្រេច​ឲ្យ​ក្រុមហ៊ុន​៩ បោះទុន​ជិត​២០០០​លាន​ដុល្លារ លើ​វិស័យ​អគ្គិសនី និង​សណ្ឋាគារ
26, Dec 2019 , 10:19 pm        
រូបភាព
ទីតាំងគម្រោង ដែលក្រុមហ៊ុនវិនិយោគ (រូបភាពពី CDC)
ទីតាំងគម្រោង ដែលក្រុមហ៊ុនវិនិយោគ (រូបភាពពី CDC)
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៩ បោះទុន​ជិត​២០០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​អគ្គិសនី ផ្សារ និង​សណ្ឋាគារ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៥ ធ្នូ ឆ្នាំ​២០១៩​។ ក្រុមហ៊ុន​ទាំង​៩​នេះ នឹង​ជួយ​បង្កើន​ការងារ​បាន​ជាង​១,១​ម៉ឺន​កន្លែង​។

 
​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ក្រុមហ៊ុន​ទាំង​៩ ដែល​ទទួលបាន​សិទ្ធ​អនុញ្ញាត​នោះ រួមមាន ក្រុមហ៊ុន SCHNEITEC POWER CO., LTD គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៧១​លាន​ដុល្លារ​អាមេរិក ។ រីឯ​ក្រុមហ៊ុន SCHNEITEC INFINITE CO., LTD គ្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ កម្លាំង​៣០​មេ​ហ្គា​វ៉ា​ត់ ក្នុង​ទុនវិនិយោគ​២៩​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ 
 
​ចំណែក​ក្រុមហ៊ុន DE HEUS TMH CO., LTD នឹង​បង្កើត​រោងចក្រ​ផលិត​ចំណី​សត្វ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥១ ភូមិ​ក្បាល​អូរ ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ដ្តុ​ង្គ ខេត្តកំពង់ស្ពឺ​។ គម្រោង​នេះ មាន​ទុនវិនិយោគ​ប្រមាណ ១១,២ លាន​ដុល្លារ​អាមេរិក ។ ដោយឡែក​ក្រុមហ៊ុន MILLPLAN INDUSTRIES (CAMBODIA) CO.,LTD. គ្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ អេឡិចត្រូនិក ក្នុង​ទំហំ​ទឹកប្រាក់​៧​លាន​ដុល្លារ​អាមេរិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ប្លុក I-J ផ្លូវជាតិ​លេខ​៤១ ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ 


ទីតាំងគម្រោង ដែលក្រុមហ៊ុនវិនិយោគ (រូបភាពពី CDC)
 
CDC បានបញ្ជាក់​ទៀតថា ក្រុមហ៊ុន FHL INDUSTRIES CO., LTD នឹង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​បរិក្ខា​អគ្គិសនី និង​គ្រឿង អេឡិចត្រូនិក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្ត​កំ​ព​ង៉​ស្ពឺ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក ។ ជាមួយគ្នានេះ​ក្រុមហ៊ុន CXD INDUSTRY CO.,LTD. ដែល​បោះទុន​៦​លាន​ដុល្លារ​នោះ គ្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើងរថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​ម៉ាស៊ីន សម្ភារៈ​បរិក្ខា​ផ្សេងៗ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ភ្នៅ រាជធានី​ភ្នំពេញ​។ 
 
​បន្ថែម​ពីនេះ​ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD. គ្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​តា​ឡុង​៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ២៨៩,៦ លាន​ដុល្លារ​អាមេរិក ។ ចំណែក​ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD. នឹង​សាងសង់​អាជីវកម្ម​សណ្ឋាគា​រ​ថ្នាក់​ផ្កាយ​៥ ចំនួន​១៥០០​បន្ទប់ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ៣៣១,៥​លាន​ដុល្លារ​អាមេរិក ។​
 
​ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD. គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៥០០​បន្ទប់​, Service Hotel Apartment ថ្នាក់​ផ្កាយ​៤ ចំនួន ១៦០០ units និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ “​លើ​កោះ​ពេជ្រ​” ។ ក្រុមហ៊ុន​នេះ មាន​ទុនវិនិយោគ​ប្រមាណ ១១៨១​លាន​ដុល្លារ​អាមេរិក ។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​បន្ថែមថា ក្រុមហ៊ុន​ទាំង​៩​នេះ បានផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាង​១​ម៉ឺន​កន្លែង​៕

ទីតាំងគម្រោង ដែលក្រុមហ៊ុនវិនិយោគ (រូបភាពពី CDC)៖















Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com