ជាតិ
សង្គមជាតិ
មន្ទីរ​កសិកម្ម​បាត់ដំបង​ស្នើ​កសិករ​ដាំ​មុខ​ដំណាំ​ឲ្យ​ច្បាស់លាស់ កុំ​ដាំ​តែមួយ​មុខ ពេល​តែមួយ​
27, Dec 2019 , 8:56 am        
រូបភាព
មន្រី្តកសិកម្មនិងសភាពាណិជ្ជកម្មចុះទៅសិក្សាស្រាវជ្រាវនិងពិភាក្សាជាមួយលោក សុភ័ក្រ កាលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៩ ។ (រូបភាពពីលោក សុភ័ក្រ)
មន្រី្តកសិកម្មនិងសភាពាណិជ្ជកម្មចុះទៅសិក្សាស្រាវជ្រាវនិងពិភាក្សាជាមួយលោក សុភ័ក្រ កាលថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៩ ។ (រូបភាពពីលោក សុភ័ក្រ)
ការដាំដុះ​ដំណាំ​គួរតែមាន​ផែនការ​ច្បាស់លាស់ ជៀសវាង​ការដាំ​ដំណាំ​តែមួយ​មុខ និង​ពេលវេលា​តែមួយ ដែល​ធ្វើ​ឲ្យ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​ជា​គំហុក​។ នេះ​ជាការ​ណែនាំ​របស់​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង ក្នុង​លិខិត​បំភ្លឺ​មួយ តប​ទៅនឹង​ករណី​កសិករ​ម្នាក់​ដែល​បាន​ហៅ​អ្នកភូមិ​ទៅ​កាត់​យក​ស្ពៃជើងទា​របស់ខ្លួន​ដោយ​ឥតគិតថ្លៃ ដោយសារ​បញ្ហា​តម្លៃ​ធ្លាក់ចុះ​នៅលើ​ទីផ្សារ​។​



​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ធ្នូ ឆ្នាំ​២០១៩ ថា មន្ត្រី​ជំនាញ និង​ស្ថាន​ប័ន​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន កំពុង​យកចិត្តទុកដាក់​តាមដាន​ជាប្រចាំ​នូវ​តម្លៃ និង​ទីផ្សារ​កសិផល​របស់​ប្រជាកសិករ​។ ជាមួយគ្នា​ដែរ មន្ទីរ​កសិកម្ម​ស្នើ​ឲ្យ​កសិករ​គួរតែ​ធ្វើការ​រៀបចំ​ផែនការ​មុន​ដាំ​ដំណាំ ជៀសវាង​ការដាំដុះ​ដំណាំ​តែមួយ​មុខ ក្នុងពេល​តែមួយ ដែល​នាំ​ឲ្យ​តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​យ៉ាងគំហុក​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ទីរ​កសិកម្ម បាន​លើ​ពី​ករណី​ជាក់ស្ដែង​នៃ​ផលិតផល​ស្ពៃ​គ្មាន​ទីផ្សារ​។

​ចំពោះ​ករណី​ស្ពៃ​គ្មាន​ទីផ្សារ​នេះ មន្ទីរ​កសិកម្ម​បានបញ្ជាក់​ថា មន្ទីរ​បាន​ចា​ត់ម​ន្រី្ត​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ​ភ្លាមៗ ជាមួយ​កសិករ​ដែល​ដាំ​ស្ពៃ​នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល លោក អ៊ឹម សុ​ភ័​ក្រ ជា​ម្ចាស់​ចម្ការ​ដែល​លក់​ស្ពៃ​បាន​៧០​ភាគរយ ហើយ​នៅសល់​៣០​ភាគរយ​។ ស្ពៃជើងទា​របស់លោក សុ​ភ័​ក្រ នៅសល់​៣០​ភាគរយ​ស្មើរ​នឹង​ជាង​១០​តោន​នេះ មានតម្លៃ​ត្រឹមតែ​៣០០​រៀល ក្នុង​គីឡូក្រាម​។

​បើតាម​មន្ទីរ​កសិកម្ម មូលហេតុ​ដែល​លោក សុ​ភ័​ក្រ ចែកចាយ​ស្ពៃ​របស់ខ្លួន​ទៅ​អ្នកភូមិ គឺ​ដោយសារតែ​ស្ពៃ​គាត់​មាន​ជំងឺ​ធ្លាក់​គុណភាព គាត់​ត្រូវ​ការដាំដុះ​ដំណាំ​បន្ត តម្លៃ​ធ្លាក់ចុះ​ស្ទើរ​គ្មាន​អ្នកទិញ ហើយ​ម្យ៉ាងទៀត​កសិករ​រូបនេះ ចង់​ចែកចាយ​ដើម្បី​ជាការ​ធ្វើបុណ្យ​។ មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បាន​បន្ថែមថា ឆ្នាំនេះ កសិករ​នាំគ្នា​ដាំ​ស្ពៃជើងទា​ស្ទើរ​គ្រប់​ទីកន្លែង នាំ​ឲ្យ​ការប្រមូល​ផល​មាន​បរិមាណ​ច្រើន​លើសពី​តម្រូវការ​។ ជាមួយគ្នា​ដែរ មន្ទីរ​កសិកម្ម បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដល់ លោក អ៊ឹម សុ​ភ័​ក្រ​។



ទន្ទឹមនឹងនេះ មន្ទីរ​កសិកម្ម​ច្រានចោល​ព័ត៌មាន​ដែលថា មន្ត្រី​របស់ខ្លួន​ហាក់​គ្មាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​កសិករ តាមរយៈ​ការពន្យល់ កន្លងមក​ថា ស្ថាប័ន​ខ្លួន បាន​ណែនាំ និង​គាំទ្រ ដល់​លោក អ៊ឹម សុ​ភ័​ក្រ ពី​ការដាំ​ស្លឹក​ខ្ទឹម ការចិញ្ចឹម​ឃ្មុំ ការចិញ្ចឹម​មាន់ និង​ការ​ចងក្រង​ជា​សហគមន៍​ជាដើម​។​

​ចំពោះ​បញ្ហា​ផ្សេងៗ​របស់​កសិករ ដូចជា​បញ្ហា​បច្ចេកទេស ទីផ្សារ និង​ការងារ​អន្តរាគមន៍​នានា មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ស្នើ​ឲ្យ​កសិករ​ទាំងអស់​ទាក់ទង​ទៅ​ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​៕


© រក្សាសិទ្ធិដោយ thmeythmey.com