អន្តរជាតិ
សម្ដេចប៉ាបបន្ទាប់ អាចជាជនជាតិហ្វីលីពីន? សម្ដេចប៉ាបហ្វ្រង់ស៊ីស (ស្ដាំ) និងកាឌីណាល់ហ្វីលីពីន Luis Antonio Tagle (ឆ្វេង)។ រូបភាព AFP
× សម្ដេចប៉ាបលើកក្រោយអាចជាជនជាតិហ្វីលីពីន? នេះជាសំណួរដែលលេចឡើងបន្ទាប់ពីកាឌីណាល់ (Cardinal) ជនជាតិហ្វីលីពីន Luis Antonio Tagle ត្រូវបានតែងតាំងដោយសម្ដេចប៉ាបហ្វ្រង់ស៊ីសឲ្យកាន់តំណែងខ្ពស់នៅបុរីវ៉ាទីកង់។ ការកាន់តំណែងខ្ពស់នេះ ត្រូវបានគេមើលឃើញថា ជាការលុតដំសមត្ថភាពរបស់កាឌីណាល់រូបនេះ ហើយដែលអាចស្នងតំណែងបន្តពីប្រមុខសាសនាគ្រិស្តកាតូលិកបច្ចុប្បន្នដែលជាជនជាតិអាហ្សង់ទីន។
សម្ដេចប៉ាបហ្វ្រង់ស៊ីស (Pope Francis) បានតែងតាំងកាឌីណាល់ហ្វីលីពីន Luis Antonio Tagle ជាប្រមុខការិយាល័យ Congregation for the Evangelization of Peoples កាលពីថ្ងៃទី៨ ខែធ្នូ។ ទទួលបន្ទុកផ្សព្វផ្សាយគោលការណ៍គ្រិស្តសាសនានៅជុំវិញពិភពលោក ការិយាល័យនេះ ស្ថិតក្នុងចំណោមការិយាល័យទាំង៩ ដែលត្រូវបានចាត់ទុកជាគណៈរដ្ឋមន្ត្រីរបស់សម្ដេចប៉ាបផ្ទាល់។ ការណ៍នេះ ធ្វើឲ្យបព្វជិតហ្វីលីពីនរូបនេះ មានតួនាទីធំក្នុងក្បាលម៉ាស៊ីនបុរីវ៉ាទីកង់។
ជាងនេះទៅទៀត សម្ដេចប៉ាប ក៏កំពុងធ្វើកំណែទម្រង់ការិយាធិបតេយ្យនៅក្នុងបុរីវា់ទីកង់ ដ្បិតកន្លងមករងការរិះគន់ខ្លាំងរឿងពុករលួយ និងការដណ្ដើមអំណាចរវាងមន្ត្រីជាន់ខ្ពស់។ ក្នុងការកែទម្រង់នេះ ការិយាល័យរបស់កាឌីណាល់ Tagle នឹងត្រូវច្របាច់បញ្ចូលជាមួយការិយាល័យមួយទៀត ហើយឈរពីលើការិយាល័យ Congregation for the Doctrine of the Faith ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានហ្វីលីពីន Rappler ។
ដោយសារកំណែទម្រង់នេះ ការិយាល័យរបស់កាឌីណាល់ Tagle នឹងឈរលំដាប់ទីពីរបន្ទាប់ពីលេខាធិការដ្ឋានបុរីវា់ទីកង់។ ប្រមុខលេខាធិការដ្ឋាននេះ ជាដៃស្ដាំរបស់សម្ដេចប៉ាប ហើយក៏ជានាយករដ្ឋមន្ត្រីរបស់វ៉ាទីកង់ផងដែរ។ បានន័យថា កាឌីណាល់ហ្វីលីពីន កាន់តំណែងជាន់ខ្ពស់បំផុតមួយក្នុងបុរីវ៉ាទីកង់ដែលគ្រប់គ្រង់អ្នកប្រតិបត្តិសាសនាគ្រិស្តរាប់រយលាននាក់នៅទូទាំងពិភពលោក។
នៅពេលតំណែងសម្ដេចប៉ាបទំនេរស្ថាពរ សម្ដេចប៉ាបថ្មី នឹងត្រូវជ្រើសរើសដោយក្រុមកាឌីណាល់ជាន់ខ្ពស់ដែលជាសមាជិក College of Cardinals ។ បច្ចុប្បន្ន បព្វជិតដែលមានឋានៈជាកាឌីណាល់ មានប្រហែល២០០នាក់។ ក្នុងដំណើការជ្រើសរើសប្រមុខវិហារកាតូលិកថ្មី សមាជិក College of Cardinals ទាំងអស់ ដែលធ្វើដំណើរមកពីគ្រប់ទិសទី ត្រូវជួបជុំគ្នានៅទីសម្ងាត់បំផុតរហូតទាល់តែជ្រើសរើសសម្ដេចប៉ាបថ្មីបាន៕
Tag:
ហ្វីលីពីន
សម្ដេចប៉ាប
Tagle
© រក្សាសិទ្ធិដោយ thmeythmey.com