អន្តរជាតិ
ហេតុអ្វី​យន្តហោះ​ដឹក​អ្នកដំណើរ​មិន​ចង់​ហោះ​កាត់​ជួរ​ភ្នំ​ហិមាល័យ​?
28, Dec 2019 , 3:59 pm        
រូបភាព
​ការធ្វើដំណើរ​តាម​ជើងហោះហើរ​គឺជា​ពេលវេលា​មួយ​ដ៏​ធុញទ្រាន់ តែ​វា​ក៏​ជា​ពេលវេលា​មួយ​ដែល​រំភើប​ផងដែរ​ក្នុងការ​គយគន់​ទេសភាព​សណ្ឋាន​ដី​នៅ​ខាងក្រោម ដូចជា​ទីក្រុង ជួរ​ភ្នំ បឹង ទន្លេ ដោយ​លាយឡំ​ជាមួយនឹង​ពពក​។ ទោះបីជា​យ៉ាងនេះ​មែន​ក្តី ជើងយន្តហោះ​ដឹក​អ្នកដំណើរ​តែង​ចៀសវាង​ការហោះ​កាត់​ជួរ​ភ្នំ​ហិមាល័យ ដែលជា​ជួរ​ភ្នំ​មួយ​ល្បីល្បាញ​ជាងគេ​នៅក្នុង​ពិភពលោក​។ ខាងក្រោម​នេះ​គឺជា​ការពន្យល់​​ខ្លីៗ​មួយចំនួន​ដោយ​ដកស្រង់​ចេញពី​គេហទំព័រ Drive Spark ។

 
 
​ទី​១៖ ជាធម្មតា​យន្តហោះ​ដឹក​អ្នកដំណើរ​អាចធ្វើ​ដំណើរ​ឡើង​ទៅដល់​កម្ពស់​ជាង​៩​គីឡូម៉ែត្រ​នៅពេល​ហោះហើរ​។ ចំពោះ​ជួរ​ភ្នំ​ហិមាល័យ​វិញ​មាន​កម្ពស់​តែ​ប្រមាណ​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ជាមួយនឹង​កំពូលភ្នំ​ខ្ពស់​ជាងគេ​ដែលមាន​ឈ្មោះថា​កំពូលភ្នំ​«​អេ​វើ​រ៉េ​ស​»​ដែលមាន​កម្ពស់​រហូត​ទៅដល់​ជិត​៩​គីឡូម៉ែត្រ​។ ទោះបីជា​យន្តហោះ​អាច​ហោះ​ខ្ពស់​ពីលើ​ជួរ​ភ្នំ​ហិមាល័យ​ក៏ពិតមែន តែ​រយៈកម្ពស់​ត្រឹម​ពីរ​ទៅ​បី​គីឡូម៉ែត្រ​មិនអាច​នានា​សុ​វត្តិភាព​របស់​អ្នកធ្វើដំណើរ​នោះឡើយ​។ បើ​យន្តហោះ​ត្រូវ​នឹង​ហោះ​កាត់​ជួរ​ភ្នំ​ហិមាល័យ គេ​ត្រូវតែ​ធ្វើដំណើរ​កាន់តែ​ខ្ពស់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ការធ្វើដំណើរ​កាន់តែ​លំបាក​។ មួយវិញទៀត ចរន្ត​ខ្យល់​ដែលមាន​នៅតាម​ជួរ​ភ្នំ​ធំៗ​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ធ្វើ​ឲ្យ​អ្នកបើកបរ​យន្តហោះ​ពិបាក​ក្នុងការ​បើកបរ​។ 
 
​ទី​២៖ ទោះបីជា​ការហោះហើរ​កំពុង​តែមាន​ភាពជឿនលឿន​មែន​ក្តី​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បញ្ហា​បច្ចេកទេស​ដែល​កើតមាន​ពេល​កំពុង​ហោះហើរ​គឺជា​រឿង​មួយ​ដែល​មិនអាច​បង្ការ​បាន​។ នៅពេល​យន្តហោះ​មាន​បញ្ហា អ្នកបើកបរ​យន្តហោះ នឹង​ប្រកាស​ការចុះ​ចត​ជា​អាសន្ន​នៅតាម​អាកាស​យន្ត​ដ្ឋា​ន​ដែល​នៅ​ជិត​ជាងគេ​តាមតែ​អាចទៅរួច​។ តែ​នៅតាម​តំបន់ភ្នំ​ដែលជា​តំបន់​ខ្ពង់រាប អាកាស​យន្ត​ដ្ឋា​ន​ដែល​អាច​ទ្រទ្រង់​យន្តហោះ​ធំៗ​បាន​មិនមាន​ច្រើន​នោះទេ​។ ហេតុដូចនេះ យន្តហោះ​គួរ​ហោះហើរ​តាម​គន្លង​ផ្លូវអាកាស​ណា​ដែលមាន​អាកាស​យាន្ត​ដ្ឋា​ន​ច្រើន ជាពិសេស​នៅតាម​តំបន់​ផ្ទៃដី​រាប​។ 
 
​ទី​៣៖ នៅពេលដែល​យន្តហោះ​ដឹក​អ្នកដំណើរ​បាត់បង់​សម្ពាធ​ខ្យល់​នៅ​ខាងក្នុង​ដោយសារ​ហេតុ​ការ​ចៃដន្យ​ណាមួយ អ្នកដំណើរ​នឹងខ្វះ​បរិមាណ​ខ្យល់​អុកស៊ីសែន​ក្នុងការ​ដកដង្ហើម ដោយសារតែ​យន្តហោះ​ធ្វើដំណើរ​នៅក្នុង​រយៈកម្ពស់​ខ្ពស់​។ ម៉ាស​អុកស៊ីសែន​នៅក្នុង​យន្តហោះ​អាច​ទ្រទ្រង់​អ្នកដំណើរ​បានតែ​ប្រមាណ​២០​នាទី​ប៉ុណ្ណោះ​។ ហេតុដូចនេះ អ្នកបើកបរ​យន្តហោះ ត្រូវ​ចាំបាច់​បន្ទាប​រយៈកម្ពស់​យន្តហោះ​មក​នៅក្រោម ៣០០០​ម៉ែត្រ បើ​គិតពី​កម្ពស់​ទឹកសមុទ្រ ដើម្បី​ទទួលយក​បរិមាណ​អុកស៊ីសែន​គ្រប់គ្រាន់​ក្នុងការ​ដកដង្ហើម​។ បើ​អ្នក​កំពុង​ហោះហើរ​លើ​ជួរ​ភ្នំ​ហិមាល័យ ការចុះ​មកក្រោម​កម្ពស់​៣០០០​ម៉ែត្រ​គឺជា​រឿង​មិនអាច​ទៅរួច​នោះទេ​។ នៅមាន​បញ្ហា​មួយចំនួនទៀត​ដូចជា​ភាពលំបាក​ក្នុងការ​ទាក់ទង​តាម​ប្រព័ន្ធ​រ៉ា​ដា និង​ការ​ខ្សត់​អ្នកដំណើរ​ក្នុង​តំបន់​ខាងលើនេះ​ជាដើម ដែល​ធ្វើ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​ធំៗ​មិន​ហោះហើរ​កាត់​ជួរ​ភ្នំ​ហិមាល័យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com