ជាតិ
ពលរដ្ឋ​តាម​ជនបទ​បន្ត​ពិសា​ស្រាស​ដោយ​ប្រុងប្រយ័ត្ន ក្រោយ​ដឹង​មាន​ករណី​ពុល​ស្លាប់​
27, Dec 2019 , 7:59 pm        
រូបភាព
មេពណ៌ស និងមានសត្វខ្មូតទំលើ ដែលអ្នកស្រី ព្រីង គឿន តែងតែប្រើប្រាស់សម្រាប់ផលិតស្រាស។ (ស៊ុន ណារិន/VOA Khmer)
មេពណ៌ស និងមានសត្វខ្មូតទំលើ ដែលអ្នកស្រី ព្រីង គឿន តែងតែប្រើប្រាស់សម្រាប់ផលិតស្រាស។ (ស៊ុន ណារិន/VOA Khmer)
ដោយ: VOA
​ភូមិ​ដំណាក់​អំពិល ខេត្តពោធិ៍សាត់ ៖ អង្គុយ​ជុំគ្នា​ជាមួយ​កម្មករ​ផ្សេងទៀត លោក លីម ង៉ិ​ក និង​កូនប្រុស​របស់លោក គឺ​លោក ង៉ិ​ក វ៉ាន់ណេត ដែលជា​កម្មករសំណង់​ដូចគ្នា កំពុង​ហូប​ស្រាស​និង​ស្រាថ្នាំ នាពេល​ថ្ងៃត្រង់​។ វា​ជា​ថ្ងៃ​ដែល​ពួកគេ​ទើប​បើក​លុយ ដូច្នេះ​ពួកគេ​បាន​ជួបជុំគ្នា បាយ​ថ្ងៃត្រង់ ហើយ​ពិសា​ស្រាស ស្រាថ្នាំ សប្បាយ​ជុំគ្នា​។ ស្រា​ទាំងនោះ មាន​ចំនួន​៤​ដប​ជ័រ ដែល​សរុប​ទាំងអស់​មាន​ចំណុះ ២​លីត្រ​។ ក្នុង​មួយ​លីត្រ មានតម្លៃ ២៥០០​រៀល​។​

 
​សម្រាប់​ប្រជាជន​ដែល​នៅតាម​ជនបទ ស្រាស និង​ស្រាថ្នាំ នៅតែ​ពេញនិយម​សម្រាប់​ពួកគេ ដោយសារ​ពួកគេ​មិនមាន​លទ្ធភាព​ទិញ​ស្រា​បៀ និង​មួយវិញទៀត ចាស់ៗ​ធ្លាប់​ដឹង​រសជាតិ​ស្រាស​នេះ​រួចទៅហើយ​។ ប៉ុន្តែ​ការពុល​ស្រាស ស្រាថ្នាំ កាលពី​កន្លងទៅ ដែល​នាំ​ឲ្យ​មនុស្ស​ស្លាប់ ក៏​នាំ​ឲ្យ​ពួកគេ​មានការ​ប្រុងប្រយ័ត្ន ដែល​តម្រូវ​ឲ្យ​ពួកគេ​រក​ជាវ​ស្រាស​នៅ​កន្លែង​ណាមួយ​ដែល​ពួកគេ​ទុកចិត្តបាន​។​
 
 
​លោក លីម ង៉ិ​ក ដែល​ធ្លាប់​ពិសា​ស្រាស ជាង​២០​ឆ្នាំ​មកហើយ បាន​ថ្លែងប្រាប់ VOA ថា លោក​ពិសា​ស្រាស​បន្តិច​សម្រាប់​បាយ​ឆ្ងាញ់ នាពេល​ថ្ងៃត្រង់​។ ប៉ុន្តែ​លោក​ហាក់ដូចជា​ស្រវឹង​រួចទៅហើយ​។ លោក​បន្តថា លោក​នៅតែ​ហូប​ស្រាស ប៉ុន្តែ​បារម្ភ​ខ្លះ​ដែរ ខ្លាច​ពុល ដោយសារ​ធ្លាប់​ដឹង​អំពី​ការពុល​ស្រាស រហូតដល់​ស្លាប់​កាលពី​កន្លងមក​។​
 
​លោក ង៉ិ​ក អាយុ​៤៨​ឆ្នាំ ជា​កម្មករសំណង់ ដែល​អាច​រក​កម្រៃ​បាន​៣២០០០​រៀល​ក្នុង​មួយថ្ងៃ មានប្រសាសន៍ថា​លោក​ដឹង​រសជាតិ​ស្រាស ដែល​លោក​គិតថា​ផលិត​ពី​បាយ មាន​លក្ខណៈ​ធម្មជាតិ មិន​ប្រើ​មេ ហើយ​សុវត្ថិភាព​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ស្រាស​យើង​ត្រូវ​ដឹង​។ យើង​ចូល​មាត់​យើង យើង​ដឹង​។ តែបើ​មាន​ថ្នាំពុល ហូប​ទៅ​វា​ហាងៗ​។ មួយទៀត បើ​ដា​ក់មេ​ជ្រុល វា​ហាង​ដូចគ្នា​»​។​
 
​លោក ង៉ិ​ក ដែលមាន​កូន​៤​នាក់ បាន​បន្តថា​៖ «​ស្រា​បៀ​យើង​ហូប តែ​គុណភាព​គេ វា​ខ្ពស់ជាង​ស្រាស​។ តែបើ​ក្នុង​សរីរាង្គកាយ​របស់​យើង ហូប​ស្រាស អត់​ធ្វើទុក្ខ​ទេ​។ ប៉ះពាល់​សុខភាព ដោយសារ​អ្នក​បង្ហូរ ជួនកាល​ទៅ គេ​លាយ​មេ ជួនកាល​ទៅ គេ​មិន​លាយ​មេ គេ​កូរ​ថ្នាំ​»​។​
 
​នៅក្បែរនោះ គឺជា​កូនប្រុស​របស់លោក គឺ​លោក ង៉ិ​ក វ៉ាន់ណេត អាយុ​២៥​ឆ្នាំ ដែលជា​កម្មករសំណង់ និង​ទទួលបាន​ប្រាក់កម្រៃ​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។ លោក វ៉ាន់ណេត ដែលមាន​កូន​២​នាក់ មានប្រសាសន៍ថា​លោក​ចេះ​ហូប​ស្រាស​ប្រហែល​៣​ឆ្នាំ​ហើយ​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖ «​ដូច​ថា​យើង​មាន​ថវិកា​អញ្ចឹង ដូច​ថា​ស្រាក់​គ្នា​អញ្ចឹង​ទៅ បាន​លុយ​ច្រើន យើង​ហូប​ស្រា​បៀ​ទៅ​។ បើ​យើង​មាន​ស្រាថ្នាំ ហូប​ស្រាថ្នាំ​។ បើ​យើង​មាន​ស្រា​បៀ ហូប​ស្រា​បៀ​ទៅ​។ អាហ្នឹង​អាស្រ័យ​លើ​លទ្ធភាព​»​។​
 
​លោក​បន្តថា បើ​លោក​ពិសា​ស្រា​បៀ នោះ​លោក​នឹង​ចំណាយ​ប្រហែល​១០​ដង​នៃ​ស្រាស ទើប​លោក​ស្រវឹង​។​
 
​លោក​បញ្ជាក់ថា​៖ «​បើ​ស្រាស​មួយ​លីត្រ គឺ​ស្រវឹង ដែល​ត្រូវ​ចំណាយ​២៥០០​រៀល តែ​ស្រា​បៀ​ត្រូវ​ចំណាយ​ប្រហែល​២​ម៉ឺន​រៀល បាន​ស្រវឹង​»​។​
 
​លោក វ៉ាន់ណេត ក៏បាន​ដឹង​អំពី​ករណី​ពុល​ស្រា តែ​លោក​មិនមាន​ជម្រើស​អ្វី​ក្រៅពី​ហូប​ស្រាស ដោយសារ​លោក​ថា​លោក​ខ្វះខាត​ថវិកា​។​
 
​លោក​មានប្រសាសន៍ថា​៖ «​គិត​ដែរ​ធ្វើ​ម៉េច​បើ​ថវិកា​វា​អត់​។ ជួនកាល​ទៅ យើង​ធ្វើការ​អញ្ចឹង យើង​វា​អត់​មាន​លុយ​។ យើង​ហូប​ស្រាស​។ ដល់ពេល​យើង បើក​លុយ​តិចតួច​ខ្លះមក យើង​អាច​ហូប​ស្រា​បៀ​ខ្លះ​ដែរ​»​។​


ស្រាសនិងស្រាថ្នាំ ដែលត្រូវបានដាក់លក់នៅតូបមួយក្នុងភូមិដំណាក់អំពិល ខេត្តពោធិ៍សាត់។ (ស៊ុន ណារិន/VOA Khmer)
 
​កាលពី​ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​ពុល​ស្រាស​នៅក្នុង​ខេត្តក្រចេះ ដែល​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​ស្លាប់​។ កន្លងទៅ ក្រសួងសុខាភិបាល​បាន​អះអាងថា អ្នក​ផលិត​ស្រាស​បានដាក់​សារធាតុ​មេ​តា​ណុល​ខ្ពស់​ខ្លាំង​លើស​ការកំណត់ និង​ការផលិត​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ទើប​បណ្ដាល​ឲ្យ​មនុស្ស​ពុល​ស្លាប់​។ ក្រោយ​ការពុល​ស្លាប់​ជា​បន្តបន្ទាប់ អាជ្ញាធរ​បាន​ចុះ​បិទ​អាជីវកម្ម​ផលិត​ស្រាស​ជា​លក្ខណៈ​គ្រួសារ​ជា​បន្តបន្ទាប់ ក្នុងនោះ​មានការ​បិទ​កន្លែង​ផលិត​ស្រាស​ចំនួន​៦០០​កន្លែង នៅ​ទូទាំង​ខេត្តក្រចេះ​។​
 
​រស់នៅក្នុង​ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ អ្នកស្រី ព្រីង គឿន អាយុ​៤២​ឆ្នាំ ជា​កសិករ​ម្នាក់​ដែល​ចេះ​បិទ​ស្រាស​។ អ្នកស្រី​មានប្រសាសន៍ថា​អ្នកស្រី​ចិញ្ចឹម​ជ្រូក ដូច្នេះហើយ​ទើប​អ្នកស្រី​ផលិត​ស្រាស ដើម្បី​អាច​លក់​ស្រា​ទាំងនោះ និង​សល់​បាយ​សម្រាប់​សត្វ​ជ្រូក​ផងដែរ​។ អ្នកស្រី​បន្តថា ការបិទ​ស្រាស​នោះ គឺ​អ្នកស្រី​ដាំបាយ ហើយ​ប្រើ​ជាមួយ​មេ ដែល​អ្នកស្រី​អះអាងថា​មិន​ប៉ះពាល់​សុខភាព​នោះទេ​។​
 
​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់​អ្នកស្រី​ថា​៖ «​ខ្ញុំ​ដាំបាយ ហើយ​គេ​មាន​មេ​[​ស្រា​]​វា​។ មេ​ខ្ញុំ ខ្ញុំ​ទិញ​មក មេ​គីឡូ​សម័យ​ដើម​មក​។ ខ្ញុំ​ដាំបាយ ខ្ញុំ​លាយ​មេ​វា ផ្អាប់​វា​ទៅ​។ ខ្ញុំ​អត់​មាន​ធ្វើ​អី​ណា​ខុស ព្រោះ​ខ្ញុំ​អត់​ចេះ​អញ្ចឹង ខ្ញុំ​ខ្លាច​ពុល​គេ​មែន ព្រោះ​ប្ដី​ខ្ញុំ គាត់​អ្នក​ហូប​ដែរ​។ ខ្លាច​ពុល​ហ្នឹងឯង​»​។​
 
​មេស្រា​ដែល​អ្នកស្រី​ប្រើប្រាស់​នោះ អ្នកស្រី​បានដឹង​ពី​ចាស់ៗ​តាំងពីដើម​មក ដូចជា​ម្ដាយ​របស់​អ្នកស្រី ដែលជា​អ្នក​ផលិត​ស្រាស​លក្ខណៈ​គ្រួសារ​មួយរូប​ដែរ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​កាល​ខ្ញុំ​នៅ​ក្មេងៗ ម៉ែ​ខ្ញុំ​គាត់​ធ្វើ​តែ​អាហ្នឹង​ទេ​។ ដល់ពេល​ស្រា​ហ្នឹង ខ្ញុំ​ចេះ​ធ្វើ​ពី​ម៉ែ​ខ្ញុំ​ដែរ​»​។​
 
​តាម​អ្នកស្រី អ្នកស្រី​ផលិត​ស្រាស​មួយ​កាន​ចំណុះ​៣០​លីត្រ ដោយ​អ្នកស្រី​អាច​លក់​អស់​ក្នុង​រយៈពេល​២​សប្ដាហ៍​ទៅមួយ​ខែ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ដូច​ថា​គាត់​ទៅ​ស្រែ​ទៅ​ភ្លឺ គាត់​ទិញ​ទៅ​។ ហូប​ទៅ ព្រោះ​ជុំគ្នា​អញ្ចឹង​ទៅ​។ ហើយ​រងា​អញ្ចឹង​ទៅ មករក​មួយ​កែវ​ពីរ​កែវ​អញ្ចឹង​ទៅ​»​។​
 
​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់ VOA អ្នកស្រី​បានបង្ហាញ​មេស្រា ដែលមាន​ពណ៌​ស​និង​សត្វ​ខ្មូត​ជាច្រើន​ទំ​ពីលើ​។ មេនោះ​មានតម្លៃ​៦​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។​
 
​អង្គុយ​ក្បែរ​នោះ គឺ​លោក វង ង៉ែត អាយុ​៤២​ឆ្នាំ ជា​ប្ដី​របស់​អ្នកស្រី​។ លោក ង៉ែត ដែល​ហាក់ដូចជា​ស្រវឹង​ស្រាស​បន្តិច​ដែរ មានប្រសាសន៍ថា លោក​ហូប​ស្រាស​នេះ​នៅពេល​បាយ ហើយ​លោក​ថា​ស្រាស​នេះ គឺ​ផលិត​តាមបែប​ធម្មជាតិ មិន​ពុល​នោះទេ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ខ្ញុំ​អ្នក​ហូប​ដែរ បើសិន​បើ​ពុល ពុល​ខ្ញុំ​ងាប់​មុនគេ​»​។​
 
VOA មិនអាច​សុំ​ការបកស្រាយ​ពី​លោក លី សុវណ្ណ​និង​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​បាន​នៅឡើយ​ទេ​។​
 
​ចាប់ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧ មាន​ករណី​ពុល​ស្រាស ប្រមាណ​៣៩០​ករណី ដែល​បណ្ដាល​ឲ្យ​មនុស្ស​៥០​នាក់​ស្លាប់ នៅក្នុង​ខេត្ត​មួយចំនួន ដូចជា​ខេត្តមណ្ឌលគិរី ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និង​ខេត្តកំពង់ឆ្នាំង​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​។​
 
​ក្រោយ​មានការ​ពុល​ស្រាស​ជា​បន្តបន្ទាប់ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ពិសា​ស្រាស​ដែល​ផលិត​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​រឹតបន្តឹង​ការត្រួតពិនិត្យ​ការផលិត ការចែក​ចាយ និង​ការលក់​ស្រាស​ជាប្រចាំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com