ដោយ៖ ស៊ីធី
២០១៩ ជាឆ្នាំដ៏ជោគជ័យបំផុតសម្រាប់កីឡាការិនី Stamp Fairtex តាមរយៈការបង្កើតប្រវត្តិសាស្ត្រថ្មី និងជ័យជម្នះហូរហែលើការប្រកួតក្បាច់គុនផ្សេងគ្នា រួមទាំងក្ដីស្រលាញ់ទៀតផង។
កីឡាការិនីវ័យ២២ឆ្នាំ បានយកឈ្នះកីឡាការិនីសញ្ជាតិអាមេរិក Janet Todd ដើម្បីកាន់ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ដែលបើកឲ្យប្រកួតលើកដំបូងកាលខែ កុម្ភៈ ហើយរូបគេក៏ក្លាយជាកីឡាការិនីឈ្នះខ្សែក្រវាត់ពីរស្ថាប័នផ្សេងគ្នា ONE World Champion។ បន្ទាប់មកទៀត Stamp ក៏ឡើងការពារខ្សែក្រវាត់បានសម្រេចទល់នឹងកីឡាការិនី Alma Juniku កាលខែ មិថុនា។ ក្នុងឆ្នាំនេះដែរ Stamp បានផ្ដោតលើការប្រកួតគុនចម្រុះវិញម្ដងដើម្បីដាក់គោលដៅឈ្នះខ្សែក្រវាត់ក្នុងប្រភេទកីឡាទី៣របស់ខ្លួន។
កីឡាការិនីមកពីក្លិប Fairtex បានឈ្នះកីឡាការិនីឥណ្ឌា Asha Roka ដោយប្រើក្បាច់ឃ្លេកនៅទឹកទី៣កាលខែ សីហា និង ឈ្នះកីឡាការិនីកូនកាត់វៀតណាម-អាមេរិក Bi Nguyen ដោយពិន្ទុជាឯកច្ឆន្ទ កាលខែ វិច្ឆិកា។ Stamp ក្លាយជាកីឡាការិនីដ៏ជោគជ័យបំផុតនៅសង្វៀន ONE Championship មិនធ្លាប់មាន នៅឆ្នាំ២០១៩ និងបន្តគោលដៅខ្លាំងក្លាថែមទៀតនៅឆ្នាំ ២០២០។ យ៉ាងណាក្ដី មុនឈានជើងចូលឆ្នាំ ២០២០ កីឡាការិនីរូបនេះផ្ដល់បទសម្ភាសន៍និយាយអំពីឆ្នាំ ២០១៩ ដូចខាងក្រោម។
ONE Championship: វាជាឆ្នាំសឹងមិនគួរជឿរបស់ Stamp នៅឆ្នាំ ២០១៩ ពេលឈ្នះខ្សែក្រវាត់ ONE Atomweight Muay Thai World Title តើមានអារម្មណ៍បែបណាដែរ?
Stamp Fairtex: វាជាលើកដំបូងរបស់ខ្ញុំដែលប្រកួតបានខ្សែក្រវាត់ Muay Thai World Title។ សម្រាប់ខ្ញុំ ! ខ្ញុំមានអារម្មណ៍ថា ជាជំហានដំបូងដែលឈានដល់កម្រិតខ្ពស់ក្នុងការប្រកួត។ ឥឡូវនេះខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានជោគជ័យ ប៉ុន្តែ នេះជាការចាប់ផ្ដើមប៉ុណ្ណោះ។
ONE: Stamp បានយកឈ្នះ Janet Todd និង Alma Juniku ដែលមើលការប្រកួតអស្ចារ្យមែនទែន? តើ Stamp គិតបែបណាបើសិនមានការប្រកួតសងសឹកឡើងវិញ?
SF: ខ្ញុំមិនបារម្ភទាល់តែសោះ។ ក្រុមគ្រូបង្វឹក និង ខ្ញុំ បានយល់ច្បាស់អំពីការប្រកួត។ យើងត្រូវតែប្រកួត និង បន្តអភិវឌ្ឍខ្លួនឲ្យកាន់តែល្អថែមទៀត។
ONE: ក្នុងនាមជាកីឡាការិនី «មួយថៃ» Stamp បានប្រកួតក្បាច់គុនចម្រុះដែរ។ តើ Stamp យល់យ៉ាងណាដែរក្នុងការប្រកួតគុនចម្រុះ ខណៈដែល កីឡាករថៃភាគច្រើនប្រកួតតែក្បាច់ មួយថៃ?
SF: ខ្ញុំមានមោទនភាពចំពោះខ្លួនឯងដែលអាចប្ដូរទៅប្រកួតគុនចម្រុះបានជោគជ័យ ដែលខ្ញុំមិនដែលព្យាយាមប្រកួតកាលពីមុន។ យើងបង្កើតប្រវត្តិសាស្ត្រផ្សេងទៀតសម្រាប់ប្រជាជនថៃក្នុងក្បាច់គុនចម្រុះ។ ឥឡូវនេះ អន្តរជាតិអាចឃើញពួកយើងក្នុងផ្លូវល្អលើគ្រប់ប្រភេទកីឡា ទោះជាយើងមានកីឡាករតិចតួចប្រកួតគុនចម្រុះក៏ដោយ។
ONE: ក្នុងជីវិតឯកជន Stamp បានចាប់ផ្ដើមណាត់ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion កីឡាករ Rodtang Jitmuangnon។ តើ Stamp អាចប្រាប់បន្តិចបានទេអំពីទំនាក់ទំនងនេះ?
SF: Rodtang និង ខ្ញុំបានស្គាល់គ្នាប្រហែល ៨ខែមកហើយ។ ខ្ញុំមានអារម្មណ៍ថា អ្វីៗមានទំនាក់ទំនងល្អជាមួយគ្នា។ គាត់នៅជាមួយម៉ាក់ប៉ាខ្ញុំ និង នៅក្លិបហើយ ក៏បានស្វែងយល់អំពីការហ្វឹកហាត់ផងដែរ។ Rodtang បំពេញន័យបន្ថែមដល់ជីវិតរបស់ខ្ញុំ និង ពាក់ព័ន្ធរឿងរ៉ាវជាច្រើន។ គេជាមនុស្សគួរគោរពសម្រាប់ក្មេងៗ និង ផ្ដល់ដំបូន្មានល្អៗដល់ក្មេងៗ។
ONE: តើអាចមានបញ្ហាដល់ការហ្វឹកហាត់ទេ បើសិនមានទំនាក់ទំនងបែបនេះ?
SF: នៅពេលហ្វឹកហាត់ វាគ្មានអ្វីចោទជាបញ្ហាទេ។ នៅប្រទេសថៃ មនុស្សតែងតែគិតថា មានសង្សារប្រុស ឬ ស្រី អាចប៉ះពាល់ដល់ការហ្វឹកហាត់ និង មិនផ្ដោតអារម្មណ៍ល្អ។ សម្រាប់ខ្ញុំ ពេលមានសង្សាររឹតតែធ្វើឲ្យខ្ញុំកាន់តែខំប្រឹងប្រែង និងផ្ដោតអារម្មណ៍។ ខ្ញុំចង់ឲ្យគ្រូបង្វឹក និង អ្នកចាត់ការរបស់ខ្ញុំបានឃើញថាខ្ញុំនៅតែជាកូនសិស្សល្អនិងរឹងមាំ។ យើងនៅជាមួយគ្នា ហើយអត់មានបញ្ហាអ្វីទេ។ Rodtang ជាកីឡាករ ហើយយើងហ្វឹកហាត់ដូចគ្នាជាប្រចាំ និង ស្វែងយល់អំពីហ្វឹកហាត់ធ្វើយ៉ាងណាឲ្យល្អទៅអនាគត។ យើងលើកទឹកចិត្តគ្នាទៅវិញទៅមក និងផ្ដល់បច្ចេកទេសថ្មីៗដល់គ្នា។ បើសិនអ្នកមានទំនាក់ទំនងជាមួយនរណាម្នាក់ អ្នកត្រូវតែតាំងចិត្តធ្វើឲ្យបានល្អ។
ONE: ក្នុងនាមជាកីឡាករអាចប្រកួតលើ៣ប្រភេទកីឡាផ្សេងគ្នា តើអ្នកណាដែល Stamp ចង់ជួបក្នុងការប្រកួតគុនចម្រុះ, kickboxing, និង Muay Thai?
SF: មិនបញ្ហាសម្រាប់ខ្ញុំ តែវាអាស្រ័យលើ ONE Championship ដើម្បីសម្រេច។ ខ្ញុំមិនទាន់ក្លាហានគ្រប់គ្រាន់ក្នុងការឆ្លើយ។ ប៉ុន្តែ បើគេចាប់គូ ឬ គេចង់ប្រកួត ខ្ញុំនឹងសម្រេចតាមបំណង។
ONE: តើ Stamp ត្រៀមហើយឬនៅដើម្បីប្រកួតខ្សែក្រវាត់ ONE Women’s Atomweight World Title?
SF: ខ្ញុំគិតថា ខ្ញុំត្រូវការវ៉ៃ ៤ ទៅ៥ប្រកួតទៀត មុនពេលប្រជែងយកខ្សែក្រវាត់។ ខ្ញុំត្រូវការពេលវេលា និងបទពិសោធន៍ ដើម្បីឲ្យកាន់តែមានទំនុកចិត្ត ជាពិសេសការប្រកួតក្នុងជំហរដេកក្នុងគោលបំណងធ្វើឲ្យខ្ញុំអាចទៅដណ្ដើមខ្សែក្រវាត់ ហើយខ្ញុំមិនបារម្ភនោះឡើយ។
ONE: បច្ចុប្បន្ននេះ តើការប្រកួតលើប្រភេទកីឡាអ្វីដែលចង់ប្រកួតឲ្យបានច្រើន?
SF: ខ្ញុំចង់ប្រកួតខ្លាំង គឺ គុនចម្រុះ ព្រោះជាអ្វីដែលខ្ញុំ កំពុងផ្ដោតនាពេលនេះ។ បើសិនជាយើងនិយាយអំពី kickboxing ឬ Muay Thai ខ្ញុំជាម្ចាស់ខ្សែក្រវាត់រួចទៅហើយ។ ខ្ញុំមិនចង់ប្រកួតខ្លាំងដូចកាលមិនទាន់ឈ្នះខ្សែក្រវាត់នោះឡើយ។ ហើយបើសិនជាគេចង់ដណ្ដើមខ្សែក្រវាត់ពីខ្ញុំ ក៏វារាងពិបាកដែរ។
ONE: Stamp អ្វីជាគោលដៅនៅឆ្នាំ ២០២០ ហើយតើវាអាចខុសប្លែកពីឆ្នាំចាស់ដោយរបៀបណា?
SF: ការពិតណាស់! គោលដៅរបស់ខ្ញុំ គឺ ការពារខ្សែក្រវាត់ពិភពលោកចំនួនពីររបស់ខ្ញុំ។ ខ្ញុំក៏ចង់បានបទពិសោធន៍បន្ថែមពីគុនចម្រុះផងដែរ។ ខ្ញុំគិតថា វានឹងក្លាយជាបទពិសោធន៍ធំធេងនៅឆ្នាំ ២០២០។ ខ្ញុំដាក់ចិត្តដាក់កាយថា ឆ្នាំ ២០២០ ជាឆ្នាំជោគជ័យបន្ថែមទៀត។ បន្ថែមពីនេះទៀត ខ្ញុំសង្ឃឹមថាខ្ញុំធ្វើបានល្អជាង និង ខ្លាំងជាងឆ្នាំ ២០១៩។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕