គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក ដើម្បី​ថែរក្សា​បរិស្ថាន​នៅតាម​សាលារៀន ត្រូវបាន​អនុវត្ត​
ជាតិ
គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក ដើម្បី​ថែរក្សា​បរិស្ថាន​នៅតាម​សាលារៀន ត្រូវបាន​អនុវត្ត​
28, Dec 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ សាលារៀន​នៅតាម​រាជធានី​ភ្នំពេញ​និង​បណ្ដាល​ខេត្ត​ចំនួន កំពុង​អនុវត្ត​គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក ដើម្បី​បរិស្ថាន​និង​រស់នៅ​ប្រកបដោយ​ទំនួល​ខុសត្រូវ​។ ការចាប់ផ្ដើម​អនុវត្ត​គោលការណ៍​នេះ ធ្វើ​ឲ្យ​អ្នកលក់ដូរ​ក្នុង​សាលា និង​សិស្ស ខ្លះ​ពិបាក​សម្រប​ខ្លួន ប៉ុន្តែ​នាយក​សាលា​អះអាងថា បាន​បង្រៀន​ឲ្យ​ពួកគាត់​ទាំងអស់ ចេះ​ស្រលាញ់​បរិស្ថាន សុខភាព និង​មាន​វិន័យ គឺជា​រឿង​ចាំបាច់​។

 

 
​អនុវិទ្យាល័យ ក្បាលទឹក ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំ​ឲ្យ​មាន​កែវ​និង​ចាន សម្រាប់​ប្រើប្រាស់​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​សាលារៀន​។ អ្នកលក់​ទាំងអស់​ក្នុង​សាលារៀន បាន​ចូលរួម​មិន​ប្រើ​កែវ​ជ័រ ថង់​ប្លា​ស្ទិ​ក និង​ចាន​ស្នោ ដោយបាន​រៀបចំ​កន្លែង​លាងចាន រួមទាំង​សាប៊ូ សម្រាប់​សម្អាត​ក្រោយពេល​បរិភោគ​។ នេះ​បើតាម​លោក គឹម មាន នាយក​សាលា​អនុវិទ្យាល័យ ក្បាលទឹក ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ ដោយ​បន្ថែមថា ការធ្វើ​បែបនេះ ធ្វើ​ឲ្យ​សិស្ស​ចេះ​រៀបចំ​ទុកដាក់​របស់របរ​ផ្ទាល់ខ្លួន​។ 


កែវនិងចានរបស់សិស្ស នៅសាលាក្បាលទឹក (រូបភាពពី លោក គឹម មាន)
 
​អនុវិទ្យាល័យ ក្បាលទឹក បានចាប់ផ្ដើម​អនុវត្ត​គោលការណ៍​កាត់បន្ថយ​ប្លា​ស្ទិ​ក​នេះ នៅ​អំឡុង​ខែតុលា ក្នុង​ដើមឆ្នាំ​សិក្សា​ថ្មី ២០១៩ ដោយបាន​សហការ​ពី​អាណាព្យាបាល​និង​អ្នកលក់ដូរ​ក្នុង​សាលា​។ លោក គឹម មាន បាន​បន្ថែមថា​៖ «​បន្ទាប់ពី​ប្រជុំ​ពី​ការកាត់បន្ថយ​ប្លា​ស្ទិ​ក​ជាមួយ​អាណាព្យាបាល​សិស្ស និង​អ្នកលក់ រួមទាំង​បង្រៀន​សិស្ស​ឲ្យ​យល់ដឹង​ពី​បញ្ហា​ប្លា​ស្ទិ​ក​ហើយ ទើប​យើង​ចាប់ផ្ដើម​សហការ​អនុវត្ត​រួមគ្នា​។ ដំបូង​ពិបាក​អនុវត្តន៍ ដោយ​សិស្ស​ខ្លះទៅ​ទិញ​អី ភ្លេច​យក​កែវ​និង​ចាន​ទៅ​។ ប៉ុន្តែ​ឥឡូវ​ក្នុង​សាលា កាត់បន្ថយ​ប្លា​ស្ទិ​ក​ក្នុង​សាលា​បាន​៨០​ភាគរយ​ហើយ នៅតែ​ប្រភេទ​កញ្ចប់​នំ​តែប៉ុណ្ណោះ​។ ខ្ញុំ​គម្រោង​កាត់បន្ថយ​ប្រភេទ​នំ​កញ្ចប់ ហើយ​លើកកម្ពស់​ឲ្យ​លក់​ប្រភេទ​នំ​ខ្មែរ ជាមួយ​ការប្រើប្រាស់​ស្លឹកចេក​និង​ស្លឹកត្នោត​ជំនួស​វិញ អាច​នឹង​ចាប់​នៅ​ឆ្នាំ​ក្រោយនេះ បន្តិច​ម្ដងៗ​»​។ 
 
​បើតាម​លោក គឹម មាន ទម្រាំ​តែ​មានការ​អនុវត្តបាន​បែបនេះ ត្រូវការ​ពេល​ពន្យល់​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដល់​អាណាព្យាបាល​សិស្ស អ្នកលក់ដូរ និង​សិស្ស ធ្វើ​ឲ្យ​ពួកគាត់​ចូលរួម​ថែរក្សា​បរិស្ថាន ទាំង​ក្នុង​សាលា​និង​ក្រៅ​សាលា​។ « ប្រសិនបើ​សិស្ស​មិន​អនុវត្តតាម​គោលការណ៍​នេះ គឺ​គ្រាន់តែ​ណែនាំ​តែប៉ុណ្ណោះ មិនមាន​ការដាក់ពិន័យ​នោះទេ​»​។ នេះ​ជាការ​បន្ថែម​របស់លោក គឹម មាន​។ 
 
​ចំណែកឯ វិទ្យាល័យ​ឫស្សីកែវ នៅ​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​អនុវត្ត​គោលការណ៍​មិន​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ប្រមាណ​២​ឆ្នាំ​ហើយ ដោយ​មិន​អនុញ្ញាត​ប្រើប្រាស់​ដប ថង ចាន​ប្លា​ស្ទិ​ក​នៅក្នុង​បរិវេណ​សាលា​ឡើយ​។​បើតាម​លោក ចៅ វីរ​យុទ្ធ នាយក​សាលា ការអនុវត្ត​គោលការណ៍​ដំបូង​នេះ នៅ​អំឡុង​ឆ្នាំ​២០១៨ ក៏មាន​ជួប​បញ្ហា​ប្រឈម​ដែរ តាមរយៈ​ការរិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ថា «​អនុវត្តន៍​តែម្នាក់ឯង សាលា​ខុសគេ​»​។ 
 
​លោក វីរ​យុទ្ធ បាន​សង្កត់ធ្ងន់ថា​៖« បរិស្ថាន​សាលារៀន​ល្អ ជះឥទ្ធិពល​វិជ្ជមាន​លើ​ការរៀន និង​បង្រៀន រួមទាំង​សុខភាព​និង​ការចូលរួម​ថែរក្សា​បរិស្ថាន​។ បច្ចុប្បន្ននេះ សិស្ស​និង​អ្នកលក់​មានការ​យល់ដឹង​ច្រើន ហើយ​ចំពោះ​ការប្រើប្រាស់​ប្លា​ស្ទិ​កបាន​កាត់បន្ថយ​ប្រមាណ​ជាង​៧០​ភាគរយ​ហើយ នៅក្នុង​សាលា​»​។ 
 
​បច្ចុប្បន្ននេះ​វិទ្យាល័យ​កំពង់ក្តី នៅ​ខេត្តសៀមរាប បាន​អនុវត្ត​គោលការណ៍​ក្តី​បន្ថយ​ប្លា​ស្ទិ​ក​នេះ បាន​៨០​ភាគរយ​ហើយ ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ​។ លោក ព្រាប មុនី នាយក​សាលារៀន បាន​ហាម​សិស្ស គ្រូ និង​អ្នកលក់ដូរ ប្រើប្រាស់​របស់​ដែល​ច្នៃ​ពី​ប្លា​ស្ទិ​កនៅ​បរិវេណ​សាលា ដើម្បី​បង្កើន​សោភ័ណភាព​វិទ្យាល័យ​ឲ្យ​មាន​ផាសុកភាព និង​បរិស្ថាន​ល្អ​។ «​គោលការណ៍​នៃ​ការហាម​ឲ្យ​ប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ កើតឡើង​ដោយសារតែ​សំរាម​នៅក្នុង​ជុំវិញ​សាលា​ពោរពេញ​ទៅដោយ​សំរាម​ប្លា​ស្ទិ​ក ដែល​ងាយ​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​សិស្ស​»​។ នេះ​បើតាម​លោក ព្រាប មុនី​។​
 
​ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ក្រសួង​អប់រំ យុវជន​និង​កីឡា ក្រោម​កិច្ចសហការ​ណ៍​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​ក្រសួងបរិស្ថាន បាន​បញ្ចូល​ខ្លឹមសារ ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លា​ស្ទិ​ក រួមទាំង​ការងារ​បរិស្ថាន​ទូទៅ​ចូលក្នុង​កម្មវិធីសិក្សា និង​បញ្ជ្រាប​ខ្លឹមសារ​ពាក់ព័ន្ធ​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា​ឡើងទៅ​។ ក្រសួង​អប់រំ បា​នប​ញ្ជូ​ល​កម្មវិធីសិក្សា​ស្ដីពី​បរិស្ថាន​គ្រប់​កម្រិត និង​កំ​ព​ងុ​រៀបចំ​ចលនា​ប្រឡងប្រណាំង​សាលារៀន​ស្អាត ដើម្បី​កាត់បន្ថយ​ប្លា​ស្ទិ​ក​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុ​វាចា​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ថូ​ច្នេះ​ថា​៖«​ក្រសួង​អប់រំ យុវជន​និង​កីឡា កំពុង​បន្ត​អនុវត្តន៍​កម្មវិធីសិក្សា​ស្តីពី​បរិស្ថាន និង​លើកទឹកចិត្ត​សិស្សានុសិស្ស​គ្រប់​កម្រិតសិក្សា​ឲ្យ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា ការពារ​បរិស្ថាន​សាលារៀន​។ ក្រសួង​អប់រំ កំពុង​បន្ត​រៀបចំ​ចលនា​ប្រឡងប្រណាំង​សាលារៀន​ស្អាត ដើម្បី​លើកកម្ពស់​បរិស្ថាន​សាលារៀន រួមទាំង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​» ៕ 
 


Tag:
 ប្លា​ស្ទិ​ក​
  សាលារៀន​
© រក្សាសិទ្ធិដោយ thmeythmey.com