ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់ អាច​និពន្ធ​សៀវភៅ​ប្រលោមលោក​កម្រាស់​ជាង​៣០០​ទំព័រ​
28, Dec 2019 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុង​វ័យ​១៣​ឆ្នាំ កុមារី ឡុង រចនា បាន​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​មួយ​ក្បាល​ដែលមាន​កម្រាស់​ជាង​៣០០​ទំព័រ​។ «​ផ្លូវ​ស្នេហ៍​មរណៈ​» ជា​ចំណងជើង​សៀវភៅ​របស់​សិស្ស​ថ្នាក់​ទី​៨​រូបនេះ ដែល​បាន​សរសេរ​រយៈពេល​៦​ខែ​និង​បានដាក់​លក់​ជា​ផ្លូវការ​នៅក្នុង​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨​កាលពីពេល​កន្លងទៅនេះ​។ តើ​ហេតុអ្វី​បាន​រចនា​មាន​សមត្ថភាព​និពន្ធ​សៀវភៅ​ទាំង​វ័យក្មេង​បែបនេះ​?

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​ជីវ​ព័ត៌មាន​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 



 
«​ផ្លូវ​ស្នេហ៍​មរណៈ​» ជា​ចំណង​សៀវភៅ​ប្រលោមលោក​បែប​បរទេស ដែល​និយាយ​ពី​ដំណើរ​ផ្សង​ផ្សេង​ប្រកបដោយ​គ្រោះថ្នាក់ ត្រូវបាន​ដាក់លក់​នៅ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​៨ ដែល​ធ្វើឡើង​កាលពីពេល​ថ្មីៗ​នេះ​។ សៀវភៅ​ដែលមាន​ក្រប​ពណ៌​ខ្មៅ និង​មាន​រូប​តារា​ប្រុស​ស្រី​ជនជាតិ​ចិន​ទាំងពីរ​នេះ បាន​លក់ដាច់​ជាង​៥០​ក្បាល​ដែរ​នៅក្នុង​ការតាំងពិព័រណ៍​នោះ​។ បើ​គេ​មិន​ស្គាល់​អ្នកនិពន្ធ​សៀវភៅ​នេះ​ទេ គេ​ទំនងជា​គិតថា សៀវភៅ​នេះ សរសេរ​ដោយ​មនុស្សពេញវ័យ ឬ​មនុស្ស​ចាស់ តែ​ផ្ទុយទៅវិញ សៀវភៅ​កម្រាស់​៣៣៥​ទំព័រ​នេះ គឺជា​ស្នាដៃ​លើកដំបូង​របស់​កុមារី​ដ៏​ស្រស់ស្អាត​ម្នាក់ ឈ្មោះថា ឡុង រចនា​។​
 
​រចនា ដែលមាន​សម្បុរ​ស និង​មាឌតូច​ច្រឡឹង គឺជា​សិស្ស​ថ្នាក់​ទី​៨​នៃ​សាលា​ឯកជន​មួយ​នៅ​ភ្នំពេញ​។ ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​ទាំង​ខ្មែរ និង​បរទេស​តាំងតែ​ពី​ដើម​មក បានធ្វើ​ឲ្យ​កុមារី​រូបនេះ មាន​ទុន​នៅក្នុង​ការសរសេរ​សៀវភៅ​នេះ បើទោះបី​នាង​មិន​ធ្លាប់​ទទួលបាន​ការបណ្តុះ​បណ្តាល​ពី​ការ​តែង​និពន្ធ​ក៏ដោយ​។ 


រូបភាពផ្តល់ដោយអ្នកនិពន្ធ ឡុង រចនា
 
​អង្គុយ​ក្នុង​ហាង​កាហ្វេ​មួយ​ក្នុង​ខណ្ឌដង្កោ រចនា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​លាយឡំ​នឹង​ស្នាមញញឹម​យ៉ាង​ដូច្នេះ​ថា​៖ «​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​និពន្ធ​ហ្នឹង គឺ​ដោយសារ​ការអាន​។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​តាំងពី​តូច​។ ពេល​អាន​យូរៗ​ទៅ យើង​ក៏​ចង់​បង្កើត​ពិភពលោក​មួយ​ដែល​បញ្ជា​ដោយ​ខ្លួនឯង​។ ដូច្នេះ វា​ជា​ទឹកចិត្ត​ជំរុញ​មួយ​ដែល​ខ្ញុំ​និពន្ធ​រឿង​ហ្នឹង​។ ម្យ៉ាង ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រលោមលោក​បែប​ដំណើរ​ផ្សងព្រេង ឬ​ដោះស្រាយ​អាថ៌កំបាំង​។ អ៊ីចឹង​ទើប​យើង​ចង់​បង្កើត​សៀវភៅ​មួយ​សម្រាប់​ខ្លួនឯង​»​។ 
 
​តាមពិតទៅ រចនា ដែល​រស់នៅ​ជាមួយ​ម្តាយ និង​ប្អូន​ម្នាក់​ក្នុង​ជីវភាព​ធូរធារ​មួយ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ បាន​ផ្តើម​សរសេរ​សៀវភៅ​តាំងពី​ខ្លួន​រៀន​ថ្នាក់​ទី​៦​មកម្ល៉េះ​។ កាលនោះ នាង​បាន​សរសេរ​រឿងរ៉ាវ​របស់ខ្លួន ដើម្បី​បង្កើតជា​សៀវភៅ​មួយ​ក្បាល​សម្រាប់​ទុក​ផ្ទាល់ខ្លួន​។ ក្រោយមក នាង​ក៏​សម្រេចចិត្ត​សរសេរ​សៀវភៅ​«​ផ្លូវ​ស្នេហ៍​មរណៈ​» ដើម្បី​ដាក់លក់​លើ​ទីផ្សារ ជាការ​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ចូលក្នុង​ពិភព​អ្នកនិពន្ធ​។ 
 
​ភ្នែក​ពា​ក់វែន​តា​ម្ញូ​ម សក់វែង​ខ្មៅ​រលោង រចនា ដែលមាន​ចរិត​រួសរាយ​រាក់ទាក់ បាន​ប្រាប់​ពី​ដំណើរ​ដើមទង​នៃ​ការសរសេរ​សៀវភៅ​មួយ​ក្បាល​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​សៀវភៅ​ដែល​ខ្ញុំ​សរសេរ​ហ្នឹង ភាគច្រើន ខ្ញុំ​រួមគំនិត​ជាមួយ​មិត្ត​រួម​ថ្នាក់​ម្នាក់​។ យើង​ជួយ​គិត​គ្នា​ថា រឿង​ហ្នឹង​ត្រូវ​សរសេរ​បន្ត​យ៉ាងម៉េច​? ភាគច្រើន គាត់​ជា​អ្នក​ផ្តើម​សាច់រឿង ឯខ្ញុំ​ជា​អ្នកសរសេរ​សម្រាយ​ពី​ដើម​ដល់​ចប់​។ សៀវភៅ ផ្លូវ​ស្នេហ៍​មរណៈ យើង​គិត​ជា​រឿង​លក្ខណៈ​ព្រៃភ្នំ​។ កាលនោះ គិតពី​ព្រៃ​អា​ម៉ា​ហ្សូ​ន តែ​គិត​ចុះ​គិត​ឡើងមក​សរសេរ​សាច់រឿង​ដំណើរ​ផ្សងព្រេង​ក្នុង​ផ្នូរ​បុរាណ​វិញ​»​។ 
 
​សៀវភៅ «​ផ្លូវ​ស្នេហ៍​មរណៈ​» ជា​សំណេរ​ដែល​រៀបរាប់​ពី​ដំណើរ​ផ្សងព្រេង​របស់​គូស្នេហ៍​មួយគូ​ជាមួយ​ក្រុម​របស់​ពួកគេ​ទៅកាន់​ផ្នូរ​បុរាណ ដោយ​ក្នុងនោះ រចនា បាន​បញ្ចូល​ឈ្មោះ​តួអង្គ​ជនជាតិ​ចិន ដើម្បី​បង្កើតជា​ឈុត​ឆាក​គ្រប់​រសជាតិ​សម្រាប់​អ្នកអាន​របស់​នាង​។​
 
​ដៃ​កាន់​សៀវភៅ​ដែលជា​ស្នាដៃ​ដំបូង​របស់ខ្លួន រចនា បាន​ពន្យល់​ពី​អត្ថន័យ​មួយចំនួន​នៃ​សៀវភៅ​នេះ​ដូច្នេះ​ថា​៖ «​សៀវភៅ​ហ្នឹង ភាគច្រើន គឺ​បែប​ញាប់​ញ័រ និង​រន្ធត់ ព្រោះ​ក្នុង​វគ្គ​ហ្នឹង ខ្ញុំ​បញ្ចូល​មាន​ខ្មោច ឬ​ការស្លាប់​រស់​ស្មើគ្នា​។ អ្នកអាន គាត់​នឹងមាន​អារម្មណ៍​ថា ភ័យ ដោយសារ​ខ្លាច​តួអង្គ​ស្លាប់​។ ចំណែក ការអប់រំ​វិញ យើង​បញ្ចូល​នូវ​ភាព​សាមគ្គី ហើយ​បើ​ស្នេហា​វិញ យើង​ផ្តោតលើ​ស្នេហា​ដ៏​បរិសុទ្ធ​។ ក្នុងនោះ ក៏មាន​កំប្លែង​ដែរ​»​។ 


រូបភាពផ្តល់ដោយអ្នកនិពន្ធ ឡុង រចនា
 
​បើតាម​កុមារី ឡុង រចនា មូលហេតុ​ដែល​នាង​ដាក់​តួអង្គ​ជា​ជនជាតិ​ចិន ព្រោះតែ​ជនជាតិ​ចិន មាន​ទំនៀមទម្លាប់​បូជាសព​ដោយ​ការធ្វើជា​ផ្នូរ ហើយ​ចំណុច​នេះ ខ្មែរ​មិនមាន​នោះឡើយ ពោល គឺ​ខ្មែរ​មាន​ទំនៀមទម្លាប់​បូជាសព​ដោយ​ការដុត​។ 
 
​បើតាម​រចនា ការសរសេរ​សៀវភៅ មិនមែនជា​ការងារ​ស្រួល​ឡើយ ដ្បិត​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន និង​ត្រូវមាន​អារម្មណ៍​ផ្ចិតផ្ចង់​ខ្ពស់​។ នាង​បញ្ជាក់ថា នៅពេល​នាង​កំពុង​សរសេរ នាង​បាន​ស្វែងរក​ការផ្តល់​យោបល់​ពី​មិត្តភក្តិ និង​សមាជិក​រោង​ពុម្ព​ខ្លះ​ដែរ ដើម្បី​ធ្វើ​ឲ្យ​សៀវភៅ​នេះ អាច​សរសេរ​ចប់​ដោយ​រលូន​។ 
 
​បើទោះបីជា​នៅ​ក្មេង បទពិសោធន៍​ជីវិត​មាន​តិច រៀន​មិនទាន់បាន​ខ្ពស់ តែ​រចនា ហាក់​មិនមាន​ការភ័យខ្លាច​នៅក្នុង​ប្រឡូក​ក្នុង​វិស័យ​តែង​និពន្ធ​នោះទេ ព្រោះ​នាង​និពន្ធ​ចេញពី​ការ​ស្រមើល​ស្រមៃ​របស់ខ្លួន ដោយ​មិនបាន​ចម្លង​ស្នាដៃ​អ្នកនិពន្ធ​ផ្សេង​ឡើយ​។ ទោះជា​យ៉ាងណា នាង​នឹង​ទទួល​នូវ​ការរិះគន់​ពី​អ្នកដទៃ ដើម្បី​កែលម្អ​ស្នាដៃ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជា​បន្តបន្ទាប់​។  
 
​ឡុង រចនា ជា​កុមារី​ដែល​រៀន​ពូកែ​កាលពី​ថ្នាក់បឋមសិក្សា​។ នាង​បានទទួល​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​៥​រហូតមក តែ​សម្រាប់​ការសិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​នេះ នាង​បាន​ធ្លាក់​ចំណាត់ថ្នាក់​បន្តិច​ដែរ ដ្បិត​រវល់​ប្រឹងប្រែង​សរសេរ​សៀវភៅ​នេះ​។ យ៉ាងណា នាង​នឹងមិន​បោះបង់​ការនិពន្ធ​សៀវភៅ​នោះទេ ផ្ទុយទៅវិញ កុមារី​ដែលមាន​ឆន្ទៈ​មុត​ស្រួច​រូបនេះ គ្រោង​សរសេរ​សៀវភៅ​មួយ​ក្បាល​ទៀត ដើម្បី​ផ្តល់​ដល់​អ្នកអាន​របស់​នាង​។ 


រូបភាពផ្តល់ដោយអ្នកនិពន្ធ ឡុង រចនា
 
​បន្ទាប់ពី​ជោគជ័យ​ក្នុង​បញ្ចប់​ការសរសេរ​សៀវភៅ​នេះ កុមារី ឡុង រចនា បាន​ពន្យល់​ពី​របៀប​និពន្ធ​សៀវភៅ​បែប​ប្រលោមលោក​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រលោមលោក មុន​យើង​សរសេរ យើង​ត្រូវ​រៀប​គម្រោង​សាច់រឿង​សិន ចាំ​យើង​សរសេរ​សម្រាយ​តាម​ក្រោយ​។ បន្ទាប់ពី​រៀប​គម្រោង​ហើយ យើង​ត្រូវ​កំណត់​អត្តចរិត​របស់​តួអង្គ​។ យើង​អាច​យក​អត្តចរិត​របស់​មនុស្ស​នៅ​ជុំវិញខ្លួន​យើង​មក​ប្រៀបធៀប​។ ឧទាហរណ៍​ថា តួឯក​ប្រុស​ម្នាក់​ហ្នឹង គាត់​មាន​ចរិត​ស្ងប់ស្ងាត់ សោះកក្រោះ តែ​យើង​យក​គាត់​មក​ដាក់​ជា​តួ​លេងសើច​ច្រើន អ៊ីចឹង​វា​អត់​ត្រូវ​នឹង​អត្តចរិត​របស់គាត់​»​។ 
 
​តាមពិតទៅ កន្លងមក រចនា ដែលមាន​សែស្រឡាយ​ជា​អ្នកសិល្បៈ គ្មាន​បំណង​ចង់​ក្លាយជា​អ្នកនិពន្ធ​នោះទេ​។ តែ​កុមារី​រូបនេះ ចូលចិត្ត​ច្រៀង សម្តែង និង​សិល្បៈ​ផ្សេងទៀត រហូត​ធ្លាប់​ចូល​ប្រឡង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក The Voice Kids Cambodia និង​បានដាក់​ពាក្យ​ធ្វើតេស្ត​សមត្ថភាព​សម្តែង​នៅក្នុង​ផលិតកម្ម​មួយចំនួន​ដែរ តែ​បាន​ធ្លាក់​ជា​បន្តបន្ទាប់​។ ទោះ​បរាជ័យ​ច្រើន​មែន តែ​នាង​នៅតែ​ចិញ្ចឹមចិត្ត​ហក់​ចូលក្នុង​វិស័យ​សិល្បៈ​ដដែល និង​ប៉ង​និពន្ធ​សាច់រឿង​មួយ ដែល​នាង​ជា​អ្នក​សម្តែង​ផ្ទាល់​ផងដែរ​៕     
 

Tag:
 រចនា​
 ​អ្នកនិពន្ធ​វ័យក្មេង
© រក្សាសិទ្ធិដោយ thmeythmey.com