ជាតិ
សង្គមជាតិ
លោក ពេជ្រ ស្រស់៖ សំណើសុំទិញឡាន គឺទុកប្រើរួមគ្នា មិនមែនជាកម្មសិទ្ធិបុគ្គលឡើយ លោក ពេជ្រ ស្រស់ (ឆ្វេងដៃ) និង លោក ឈឹម ផលវរុណ (រូបពីលោក ពេជ្រ ស្រស់)
× ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គ្រោងដាក់សំណើជូនប្រមុខរដ្ឋាភិបាល ដើម្បីសុំយកថវិកាដែលនៅសេសសល់ ទៅទិញរថយន្ត។ ដោយខ្លាចមហាជនយល់ច្រឡំ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកម្នាក់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចេញមកបកស្រាយថា គម្រោងទិញរថយន្តនេះ គឺដើម្បីឲ្យស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រើប្រាស់រួមគ្នា ពោលគឺមិនមែនជាកម្មសិទ្ធិរបស់សមាជិកណាម្នាក់ឡើយ។
តាមរយៈសំណេរលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ បំភ្លឺថា រថយន្តនោះ គឺប្រើសម្រាប់តែការចុះបំពេញបេសកកម្មប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ណាម្នាក់ យកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ លោក សង្កត់ធ្ងន់ដូច្នេះថា៖«...រថយន្តនោះ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ និងគ្រប់គ្រងដោយលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់...។ លោក បន្តថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គឺជាយន្តការមួយរបស់រដ្ឋ ដូច្នេះចាំបាច់ត្រូវមានរថយន្តរបស់រដ្ឋ ដើម្បីសម្រួលដល់ការងារនានា។
ការបកស្រាយរបស់ប្រធានគណបក្សយុវជនកម្ពុជា គឺបន្ទាប់ពីសារព័ត៌មាននានា ចុះផ្សាយពីសម្តីរបស់លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចង់ដាក់សំណើទៅប្រមុខរដ្ឋាភិបាល ដើម្បីយកថវិកាសេសល់ទៅទិញរថយន្ត។
ក្នុងសន្និបាតបូកសរុបការងាររយៈពេល១៦ខែដំបូងរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ លោក ឈឹម ផលវរុណ អះអាងថា កញ្ចប់ថវិការបស់់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់ចាយនៅឆ្នាំ២០១៩ មានជាង១,៣លានដុល្លារ។
លោក ឈឹម ផលវរុណ លើកឡើងថា ក្នុងចំណោមថវិកាទាំងនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ប្រើប្រាស់អស់ជាង៨,៦សែនដុល្លារ ដោយនៅសល់ជាង៤,៥សែនដុល្លារ។ លោក អះអាងថា សំណើសុំយកថវិកដែលនៅសេសសល់នេះ ទៅទិញរថយន្ត គឺមិនប៉ះពាល់ដល់កញ្ចប់ថវិកាឆ្នាំ២០២០ឡើយ៕
Tag:
ពេជ្រ ស្រស់
ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់
សំណើទិញរថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com