ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ា ចន្ទរឿន៖«យុវជនខ្វះការយល់ដឹងពីវប្បធម៌ជាតិ មើលមិនឃើញតម្លៃអត្តសញ្ញាណជាតិឡើយ» លោកបណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
× ភ្នំពេញ៖ ក្នុងបាឋកថាស្ដីពី”ភាពចាំបាច់នៃការសិក្សាវប្បធម៌ខ្មែរ នៅថ្នាក់ឧត្តមសិក្សា” រៀបចំដោយពុទ្ធសាសនបណ្ឌិត្យ ដែលមានលោកបណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម ជាវាគ្មិន បានលើកឡើងពីសារសំខាន់ ក្នុងការដាក់បញ្ចូលកម្មវិធីសិក្សាពីវប្បធម៌ជាតិ ទៅក្នុងថ្នាក់ឧត្តមសិក្សា។ លោកទទួលស្គាល់ថា ដំណាក់កាលពន្យល់យុវជនឱ្យយល់តម្លៃវប្បធម៌ជាតិ គឺចង់ហួសពេលទៅហើយ តែទោះជាយ៉ាងណាលោកថា វានៅគ្រាន់បើជាងមិនបានធ្វើអ្វីសោះ។ ការបណ្ដុះឱ្យក្មេងយល់ពីតម្លៃវប្បធម៌ជាតិ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត ក្នុងការថែរក្សាអ្វីដែលគេថាជាអត្តសញ្ញាណជាតិនោះ។
សូមអញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន អ្នកសារព័ត៌មាននៃគេហទំព័រថ្មីៗ ជាមួយលោកបណ្ឌិត ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម ពីមូលហេតុចាំបាច់ក្នុងការសិក្សាវប្បធម៌ខ្មែរ នៅថ្នាក់ឧត្តមសិក្សា ខាងក្រោមដូចតទៅ៖
ជាអ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោកបណ្ឌិត ប៉ា ចន្ទរឿន ជឿជាក់ថា ការសិក្សាវប្បធម៌ខ្មែរនៅថ្នាក់ឧត្តមសិក្សា មានសារសំខាន់ ព្រោះដើម្បីឱ្យធនធានមនុស្សដែលបញ្ចប់ការសិក្សា មានការយល់ដឹងពីវប្បធម៌ជាតិបានស៊ីជម្រៅ។ លោកបន្ថែមថា អ្នកមានចំណេះដឹងវប្បធម៌ជាតិជ្រៅជ្រះ មានជំនាញទំនាក់ទំនងខ្ពស់ និងងាយចុះសម្រុងជាមួយអ្នកនៅជុំវិញខ្លួន។ ហើយការចេះវប្បធម៌ជាតិ អាចជួយឱ្យពួកគេធ្វើជំនួញទាំងតូចទាំងធំ មានភាពងាយស្រួលនិងរីកចម្រើន។
លោក ប៉ា ចន្ទរឿន បានសង្កត់ធ្ងន់ថា ចំណុចខ្សោយរបស់យុវជនខ្មែរគឺប្រកាន់គំនិតថា ខ្លួនជាខ្មែរ មិនចាំបាច់អ្វីត្រូវរៀនពីវប្បធម៌ខ្មែរនោះ ទើបធ្វើឱ្យពួកគេហាក់ព្រងើយកន្តើយនឹងរឿងទាំងនេះ។ ម្យ៉ាងការជួយជ្រោមជ្រែងផ្ដល់ចំណេះពីអ្នកចេះដឹងខាងវប្បធម៌ ទៅកាន់យុវជនក៏នៅមានកម្រិត។
ការមើលរំលងតម្លៃភាសាជាតិក៏ជាអ្វីដែលលោក ប៉ា ចន្ទរឿន ព្រួយបារម្ភដែរ៖«ខណៈខ្មែររស់លើទឹកដីកំណើតរបស់ខ្លួន តែបែរជាខំរៀនភាសាបរទេស ដើម្បីអាចធ្វើការជាមួយជនបរទេសទៅវិញ។ ខ្ញុំមើលឃើញថា ខ្មែរនៅមិនទាន់បានខំលើកទឹកចិត្តជនបរទេស ឱ្យរៀនភាសាខ្មែរ ដើម្បិអាចធ្វើការក្នុងស្រុកខ្មែរនៅឡើយ»។
ទោះជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម រូបនេះ ចង់ឱ្យពលរដ្ឋខ្មែរស្គាល់ខ្លួនឯងឱ្យច្បាស់ ក្នុងន័យថា ខ្មែរត្រូវដឹងច្បាស់ពីវប្បធម៌អ្វីខ្លះដែលតំណាងឱ្យជាតិ។ «ខ្មែរត្រូវដឹងថាតើខ្មែរមានវត្ថុអ្វីខ្លះដែលតំណាងឱ្យជាតិ តើម្ហូបអ្វីខ្លះដែលតំណាងឱ្យជាតិ? តើរបៀបរបបរស់នៅរបស់ខ្មែរ ដែលបង្ហាញពីភាពវិជ្ជមានមានអ្វីខ្លះ? រួមទាំងការប្រើប្រាស់ភាសារបស់ជាតិខ្លួន ទាំងអស់នេះហើយគឺជាអត្តសញ្ញាណជាតិនោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ប៉ា ចន្ទរឿន៕
Tag:
ប៉ា ចន្ទរឿន
យុវជន
សង្គម
វប្បធម៌
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com