អន្តរជាតិ
​មន្ត្រី​អាកាសយានដ្ឋាន​ឲ្យ​កុមារា​ម្នាក់​ដោះអាវ​ចេញ ព្រោះ​មាន​រូប​ពស់​ខៀវ​ដ៏​គួរ​ឲ្យ​ខ្លាច​
27, Dec 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្មេងប្រុស​នូ​វែ​ល​សេ​ឡង់​អាយុ​១០​ឆ្នាំ ម្នាក់ ត្រូវបាន​បង្ខំ​ឲ្យ​ដោះអាវ​ចេញ​នៅ​អាកាសយានដ្ឋាន O.R. Thambo Airport ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​។ មូលហេតុ​ដោយសារតែ​អាវខ្មៅ​របស់គេ មាន​ក្បាល​ពស់​ពណ៌​ខៀវ​ដ៏​ធំ និង​កន្ទុយ​ពស់​នៅ​ផ្នែក​ខាងក្រោយ​។​

 
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ Stevie Lucas ទៅដល់​អាកាសយានដ្ឋាន​ជាមួយ​ក្រុមគ្រួសារ​តាំងពី​ម៉ោង​៨​ព្រឹក ក្នុង​ដំណើរ​ទៅកាន់​ក្រុង George ដើម្បី​ទៅសួរសុខទុក្ខ​ជីដូន​ជីតា​របស់ខ្លួន​។ ប៉ុន្តែ​ពេលទៅដល់​កន្លែង​ត្រួត​ពិ​និ​ត មន្ត្រី​នៅ​ទីនោះ បានស្នើ​ឲ្យ​កុមារា​វ័យ​១០​ឆ្នាំ​រូបនេះ ប្តូរ​អាវ​ចេញ​។​
 
​បើតាម​តំណាង​គ្រួសារ​របស់ Stevie មន្ត្រី​នៅ​អាកាសយានដ្ឋាន បាន​ប្រាប់​ពួកគេ​ថា អាកាសយានដ្ឋាន O.R Thambo មិន​អនុញ្ញាត​ឲ្យ​យក​របស់​ក្មេង​លេង ឬ​សម្ភារ​ផ្សេងៗ ជា​រូប​សត្វ​ពស់​ឡើងលើ​យន្តហោះ​នោះឡើយ​។ សារព័ត៌មាន Network 24 ផ្សាយ​ឲ្យ​ដឹងថា ដោយសារតែ​ឥ​វ៉ាន់​ត្រូវ​បានដាក់ Check-in រួចទៅហើយ​នោះ អ្នកស្រី Marga ដែលជា​ម្តាយ​បានសម្រេច​ដោះអាវ​កូន​ចេញ​សិន ព្រោះ​មិន​ចង់​ខក​ជើងហោះហើរ និង​ឈ្លោះ​គ្នា​ជាមួយ​មន្ត្រី បន្ទាប់មក​គាត់ ឲ្យ Stevie ពាក់​ឡើងវិញ ពេល​អង្គុយ​ក្នុង​យន្តហោះ​។​


 
Stevie រស់នៅ​ក្រុង Wellington ប្រទេស​នូ​វែ​ល​សេ​ឡង់ ដោយ​គេ និង​គ្រួសារ​ទៅ​សម្រាក​វិស្សមកាល​នៅ Pretoria ដោយ​ម្តាយ​របស់គេ គឺ​អ្នកស្រី Marga មានកំណើត​នៅ​ក្រុង Free State ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ Stevie ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដើមកំណើត​ម្តាយ​ជា​លើក​ទី​៣​។​
 
​កុមារា​អាយុ​១០​ឆ្នាំ​រូបនេះ ចូលចិត្ត​ពស់ មនុស្ស​ពីងពាង និង​សត្វ​ផ្សេងៗ ហើយ​គេ​ចូលចិត្ត​ឲ្យ​ឪពុក​នាំទៅ​ហាង​លក់​របស់របរ​ក្មេង​លេង ដើម្បី​ទិញ​របស់​ទាំងនោះ​ខ្លាំងណាស់​។ ក្រុមគ្រួសារ Stevie ក៏បាន​អ៊ី​ម៉ែ​ល​ទៅ​សួរ​ក្រុមហ៊ុន​បន្ថែម​ដែរ​ទាក់ទង​នឹង​ករណី​ហាមប្រាម​នេះ​។​
 
​អ្នកស្រី Betty Maloka អ្នកនាំពាក្យ​អាកាសយានដ្ឋាន O.R.Tambo បាន​អះអាងថា ច្បាប់​ហាមឃាត់​វត្ថុ​អ្វីមួយ គឺ​អនុលោម​តាម​គោលការណ៍​នានា​របស់​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ដោយ​ភ្នាក់ងារ​សន្តិសុខ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​កំណត់​វត្ថុ​ដែល​ត្រូវ​ហាមឃាត់ ពោលគឺ​វត្ថុ​ដែល​អាចធ្វើ​ឲ្យ​អ្នកដទៃ​ភាន់​ច្រ​លំ និង​ភ័យខ្លាច​៕

© រក្សាសិទ្ធិដោយ thmeythmey.com