ដោយ៖ ស៊ីធី
មានកីឡាករជើងខ្លាំងតិចតួចណាស់ដែលមានកំណត់ត្រាល្អជាងម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន ONE World Champion កីឡាករ Aung La N Sang ឬ មានឈ្មោះហៅក្រៅថា «The Burmese Python»។ ម្ចាស់ខ្សែក្រវាត់ ONE Middleweight និង Light Heavyweight World Champion បានការពារខ្សែក្រវាត់ទាំងពីររបស់ខ្លួនបានយ៉ាងជោគជ័យនៅឆ្នាំ ២០១៩។
កាលខែ មីនា Aung La N Sang បានផ្ដួលកីឡាករជប៉ុន Ken Hasegawa ឲ្យសន្លប់ក្នុងការប្រកួតសងសឹកនៅក្នុងកម្មវិធី ONE: A NEW ERA ហើយ បន្ទាប់មកទៀតនៅខែ តុលា រូបគេបានបញ្ចប់ម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon Vera ឬ «The Truth» នៅក្នុងកម្មវិធី ONE: CENTURY PART នៅប្រទេសជប៉ុន។
យ៉ាងណាក៏ដោយវីរបុរស មីយ៉ាន់ម៉ា ដែលល្បីល្បាញនៅសង្វៀន ONE Championship រូបនេះស្រេចឃ្លាននឹងការប្រកួតបន្ថែមទៀតនៅឆ្នាំ ២០២០ ខាងមុខ។
«The Burmese Python» ដែលមានវ័យ ៣៤ ឆ្នាំ បានថ្លែងបែបនេះ៖« ឆ្នាំ ២០២០ នឹងក្លាយជាឆ្នាំដ៏មានសារសំខាន់បំផុតសម្រាប់ខ្ញុំ។ ខ្ញុំនៅមានសុខភាពមាំមួន ហើយខ្ញុំមានក្រុមការងារល្អនៅជុំវិញខ្លួនរបស់ខ្ញុំ។ ខ្ញុំត្រូវតែធ្វើឲ្យបានល្អ។ ការពិតណាស់ ២០២០ ជាឆ្នាំដ៏ស្រេកឃ្លានសម្រាប់ខ្ញុំ។ ខ្ញុំស្រេកឃ្លាននឹងការប្រកួតច្រើនជាងកីឡាករផ្សេង។ ខ្ញុំមិនខ្លាចនឹងចាញ់នោះឡើយ ហើយក៏អត់ខ្លាចបាត់ខ្សែក្រវាត់នោះដែរ។ ខ្ញុំមានការផ្ដោតអារម្មណ៍ច្បាស់លាស់។ ខ្ញុំត្រូវតែច្បាស់ក្នុងខ្លួនថា ឆ្នាំ ២០២០ គឺជាឆ្នាំល្អបំផុតមួយ»។
បន្ទាប់ពីទទួលជ័យជម្នះលើ Vera កីឡាករមានរហស្សនាមថា «The Burmese Python» ក៏ចង់បង្ហាញបំណងសម្រកទម្ងន់ដើម្បីការពារខ្សែក្រវាត់ middleweight របស់ខ្លួនទៀតផង។
Aung La N Sang កំពុងផ្ដោតលើការប្រកួតទម្ងន់ middleweight និងមានកីឡាករក្នុងចិត្ត ៣រូបដែលអាចជួបរូបគេនៅឆ្នាំថ្មីខាងមុខ។ «មានកីឡាករម្នាក់ដែលមិនទាន់ចាញ់សោះពោលឈ្នះ ១១ លើកជាប់គ្នា។ នោះគឺកីឡាករសញ្ជាតិហូឡង់ Reinier de Ridder។ Ridder ប្រកួតបាន២លើកនៅ ONE Championship ដោយទទួលបានជ័យជម្នះយ៉ាងលឿនបំផុត។ គាត់សក្ដិសមនឹងការប្រកួតទល់ខ្ញុំ។ វីរបុរសមីយ៉ាន់ម៉ា រំលឹកបែបនេះ។ «ក្នុងនោះខ្ញុំក៏មើលឃើញ Vitaly Bigdash និង Leandro Ataides ផងដែរ។ ពួកគេមានការប្រកួតប្រជែងខ្ពស់។ អ្នកទាំង ៣ ដែលរៀបរាប់នេះ គឺ ស្ថិតក្នុងការគិតរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ជួបពួកគេ។ សូមរៀបចំការប្រកួតសម្រាប់ខ្ញុំ»។ ម្ចាស់ខ្សែក្រវាត់ពីរបន្ថែមបែបនេះ។
De Ridder ពិតជាធ្វើបានល្អដោយឈ្នះ Fan Rong និង Gilberto Galvao។ ចំណែក Ataides ដែលធ្លាប់ប្រជែងខ្សែក្រវាត់ ONE Middleweight World Title ផងនោះគួរតែជាគូប្រជែងដ៏ស្វិតស្វាញមួយដែរ។ រីឯ Bigdash ក៏អាចធ្វើឲ្យការប្រកួតទល់នឹង Aung La N Sang កាន់តែកក្រើកដែរ។
ម្ចាស់ខ្សែក្រវាត់ពិភពលោកពីរគូសបញ្ជាក់ទៀតថា៖« ខ្ញុំគិតថាខ្ញុំនៅតែគ្រងខ្សែពីរស្ថាប័នដដែល។ ខ្ញុំនឹងគ្រងខ្សែក្រវាត់ middleweight របស់ខ្ញុំនិង ចង់ប៉ះគូប្រជែងច្រើនតាមតែអាចទៅរួច។ ខ្ញុំនៅតែចង់ឈ្នះ»។
ក្រៅពីចង់ការពារខ្សែក្រវាត់ និង ប្រាប់ឈ្មោះកីឡាករដែលត្រូវប្រកួត ជើងខ្លាំង Aung La N Sang ក៏បានជួយដល់ Vitor Belfort យ៉ាងខ្លាំងក្លាដើម្បីឲ្យរូបគេបង្ហាញខ្លួនដំបូងនៅឆ្នាំ ២០២០។ «Vitor និង ខ្ញុំដូចជាបងប្អូនអីចឹង។ ពួកយើងជជែកគ្នា ខ្ញុំមិនប្រកួតទល់នឹងគេនោះទេ។ យើងហាត់ជាមួយគ្នា។ ខ្ញុំជួយឲ្យ Vitor អាចប្រកួតនៅ ONE Championship លើកដំបូង។ ខ្ញុំច្បាស់ថាមិនប្រកួតទល់នឹងរូបគេឡើយ»។
«The Burmese Python» ដាក់គោលដៅយ៉ាងច្បាស់នៅឆ្នាំ ២០២០ នៅសង្វៀនលំដាប់ពិភពលោក ONE Championship និង គ្រោងប្រកួតការពារខ្សែក្រវាត់ទល់នឹងជើងខ្លាំងៗ។
កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕