សៀមរាប៖ សត្វព្រៃចំនួន៥ប្រភេទ ត្រូវបានអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ធ្វើការព្រលែងក្នុងព្រៃឧទ្យានអង្គរចាប់ពីឆ្នាំ២០១៣មក។ សត្វទាំងនោះ រួមមាន សត្វទោចម្កុដ ស្វាព្រាម សត្វឈ្លួស សំពោច និងសត្វភេ។ អាជ្ញាធរជាតិអប្សរានឹងបន្តយកសត្វព្រៃមកព្រលែងក្នុងព្រៃឧទ្យានអង្គរទៀត ដើម្បីលើកតម្លៃបេតិកភណ្ឌក្នុងព្រៃនៃរមណីយដ្ឋានអង្គរ ការអភិរក្សប្រភេទសត្វកម្រ ក៏ដូចជាបង្កើនការទាក់ទាញដល់ភ្ញៀវទេសចរ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
ថ្មីៗនេះ មានការភ្ញាក់ផ្អើលទៅនឹងវត្តមានសត្វភេពីរក្បាលនៅពេលដែលត្រូវគេផ្តិចរូបភាពបាននៅចំណុចខ្លោងទ្វារទន្លេអុំ នៃក្រុងអង្គរធំ។ មើលមួយភ្លេតគេអាចគិតថា ជារូបភាពកាត់ត តែតាមពិតទៅវាជាការពិត។ បច្ចុប្បន្នមានសត្វព្រៃកម្រចំនួន៥ប្រភេទ ដែលកំពុងរស់នៅក្នុងព្រៃនៃឧទ្យានអង្គរ។
អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលព្រៃឈើ និងការអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានធ្វើការព្រលែងសត្វព្រៃក្នុងឧទ្យានអង្គរតាំងពីឆ្នាំ២០១៣មក។ តាមការធ្វើជំរឿននៅក្នុងព្រៃឧទ្យានអង្គរធ្លាប់មានសត្វព្រៃច្រើនប្រភេទរស់នៅ ប៉ុន្តែដោយសង្គ្រាមធ្វើឱ្យសត្វទាំងនោះ ស្លាប់ និងខ្លះផុតពូជ។ ដូច្នេះការនាំប្រភេទសត្វព្រៃកម្រមកកាន់ឧទ្យានអង្គរនៅពេលនេះ គឺក្នុងបំណងដើម្បីអភិរក្សនិងធ្វើឱ្យរមណីយដ្ឋានអង្គរមួយនេះមានព្រៃឈើ និងសត្វព្រៃជាច្រើនរស់នៅ ក៏ដូចជាដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។
អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៣មក អាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នដៃគូបានព្រលែងសត្វព្រៃ៥ប្រភេទក្នុងព្រៃឧទ្យានអង្គរ ដែលរួមមានទោចម្កុដ ឈ្លួស សត្វស្វាព្រាម សំពោចក្រអូប និងថ្មីៗនេះទើបព្រលែងសត្វភេ៥ក្បាល។ សត្វព្រៃទាំងនោះ ត្រូវបានរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃយកពីតំបន់ភ្នំតាម៉ៅ និងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។
មុននឹងព្រលែង សត្វព្រៃទាំងអស់ត្រូវបាននាំយកមកផ្សាំក្នុងព្រៃឧទ្យានអង្គរជាមុនសិន។ ជាទូទៅ ប្រភេទទោចគឺអាចប្រើពេលច្រើនខែ ខ្លះដល់ឆ្នាំឯណោះ ទម្រាំវាមានភាពផ្សាំទៅនឹងបរិយាកាស ឬធម្មជាតិនៅទីនោះ។ បន្ទាប់ពីព្រលែងហើយ ក្រុមការងារសត្វព្រៃនៃអាជ្ញាធរជាតិអប្សរា បន្តតាមដាន ក៏ដូចជាបន្តដាក់ចំណីឱ្យសត្វទាំងនោះ ទម្រាំវាមានភាពផ្សាំពេញលេញ ឬអាចរកប្រភពចំណីបានដោយខ្លួនឯង។
ព្រៃឈើក្នុងរមណីយដ្ឋានអង្គរឬឧទ្យានអង្គរ មានវិសាលភាពធំធេង ហើយវាជាកន្លែងដែលមានសក្កានុពលសម្រាប់ជម្រកសត្វព្រៃ។ បើធៀបនឹងតំបន់ដទៃ ព្រៃឈើនៅតំបន់នេះក៏មានសុវត្ថិភាពសម្រាប់ការរស់នៅរបស់សត្វព្រៃទាំងនោះដែរ។ ដោយមើលឃើញពីចំណុចនេះហើយ ទើបស្ថាប័នពាក់ព័ន្ធបានយកប្រភេទសត្វកម្រៗមកព្រលែងក្នុងព្រៃនេះ ដែលជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរផង ក្រៅពីរួមចំណែកអភិរក្សសត្វព្រៃកម្រ។ ជាអ្នកទទួលខុសត្រូវលើការងារព្រៃឈើនិងសត្វព្រៃ លោក យិត ចាន់ដារដ្ឋ យល់ថា ការព្រលែងសត្វព្រៃក្នុងតំបន់នេះជាការចាំបាច់ ហើយលោករំពឹងថា ការងារនេះមិនបង្កហានិភ័យណាមួយដល់ភ្ញៀវទេសចរនោះទេ។
ទីតាំងសំខាន់ៗដែលអាជ្ញាធរជាតិអប្សរាព្រលែងសត្វព្រៃកម្រ ដែលមានដូចជាទោចម្កុដ មាននៅប្រាសាទតានៃ ខ្លោងទ្វារតាកែវ និងខ្លោងទ្វារខ្មោច នៃក្រុងអង្គរធំ។ ទោច ជាប្រភេទសត្វដែលចូលចិត្តរស់នៅជាលក្ខណៈគ្រួសារ មិនចូលចិត្តរស់នៅជាហ្វូងដូចសត្វដទៃឡើយ។ ការព្រលែងក៏ដូច្នោះដែរ នៅតំបន់ដែលព្រលែងនោះ គឺមានទោចឈ្មោលមួយក្បាល និងញីមួយក្បាលឬពីរក្បាលតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ គ្រួសារនីមួយៗរបស់វាបានបង្កើតជាកូន ខ្លះមានកូន៣ ខ្លះ២ និងខ្លះមានកូនមួយក្បាល។
ជាមួយនឹងវត្តមានសត្វព្រៃកម្រច្រើនប្រភេទដែលកំពុងរស់នៅក្នុងព្រៃនៃឧទ្យានអង្គរនាពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា ក៏មានគម្រោងយកប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត យកមកព្រលែងផងដែរ។ សត្វទាំងនោះមានទាំងប្រភេទសត្វចតុបាត និងសត្វស្លាប ដែលជាប្រភេទសត្វលើកតម្លៃព្រៃក្នុងឧទ្យានអង្គរ។
នៅចុងឆ្នាំ២០១៩នេះ សត្វភេចំនួន៥ក្បាល ត្រូវបានដឹកពីភ្នំតាម៉ៅមកព្រលែងនៅក្នុងព្រៃអង្គរដូចគ្នា។ លោក យិត ចាន់ដារដ្ឋ ពន្យល់ថា តំបន់អង្គរមានកសិន្ធុទឹកធំ និងមានភូមិសាស្ដ្រសមស្របចំពោះការរស់នៅរបស់សត្វភេនេះដែរ។ យ៉ាងណា ក្រុមការងារសត្វព្រៃនៅបន្តតាមដានសុខភាពសត្វភេទាំងនោះ រួមនិងការដាក់ចំណីបន្ថែមផងដែរ។
នៅពេលការគ្រប់គ្រង និងការខិតខំប្រឹងអភិរក្សប្រភេទសត្វព្រៃឱ្យចំនួនច្រើនក្នុងឧទ្យានអង្គរ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាក៏ចង់ឃើញប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយតាមដាន សហការចូលរួម ដើម្បីទប់ស្កាត់ការបរបាញ់ដោយខុសច្បាប់ ដែលបង្កឡើងដោយជនខិលខូចមួយចំនួន។ ការអភិរក្សសត្វព្រៃ គឺមានសារសំខាន់ណាស់ ដើម្បីជាផ្នែកមួយនៃវិស័យទេសចរណ៍ ជាធនធានសត្វព្រៃសម្រាប់អ្នកជំនាន់ក្រោយ៕