កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន​សង់​ពហុ​កីឡដ្ឋាន​តូ​ក្យូ​សម្រាប់​កីឡា​អូឡាំពិក ដោយ​គិតគូរ​ពី​បរិស្ថាន និង​កម្តៅ​
29, Dec 2019 , 8:59 am        
រូបភាព
​ពហុ​កីឡដ្ឋាន​ជាតិ​តូ​ក្យូ​បាន​សម្ពោធ​ជា​ផ្លូវការ ជាមួយ​ការ​សារ​ទរ​ចំពោះ​ការបញ្ចប់​គម្រោង​សាងសង់​ទាន់ពេលវេលា​សម្រាប់​ប្រើ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២០​។ ស្ថាបត្យករ​លោក Kengo Kuma ដែលជា​អ្នក​ឌី​ហ្សា​ញ​រូបរាង​កីឡដ្ឋាន​ដ៏​អស្ចារ្យ​នេះ​ឡើង ក៏​ទទួលបាន​ការសរសើរ​ផងដែរ ខណៈ​លោក​បាន​ភ្ជាប់​ធម្មជាតិ​ច្រើន​ក្នុងការ​សាងសង់​នេះ​។​


 
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ចូលរួម​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​តូ​ក្យូ​ជា​ផ្លូវការ ដោយ​លោក​បាន​សារ​ទរ​ចំពោះ​ការបញ្ចប់​គម្រោង​សាសង់​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ ២០២០ ទាន់ពេលវេលា​។ អា​បេ ក៏បាន​សរសើរ​ដល់​ស្ថាបត្យករ លោក Kengo Kuma ដែល​បានគិតគូពីបរិស្ថាន និង​ធម្មជាតិ​សម្រាប់កីឡដ្ឋានមួយនេះ​។​
 
​ពហុ​កីឡដ្ឋាន​អូឡាំពិក​តូ​ក្យូ ដែល​នឹង​ប្រើប្រាស់​សម្រាប់​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ ឆ្នាំ​២០២០ ខាងមុខ បាន​ចំណាយ​ថវិការ​សាងសង់​អស់ ១៥៦,៩​ពាន់​លាន​យ៉េន (១,៤៤​ពាន់​លាន​ដុល្លារ​អាមេរិក​)​។ កីឡដ្ឋាន ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​រហូតដល់​ទៅ​ចំនួន​៦៨០០០​នាក់​នេះ ក៏​នឹងត្រូវ​រៀបចំ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វិ​ញ្ញា​កីឡាបាល់ទាត់​ផងដែរ​។ 


 
​ពហុ​កីឡដ្ឋាន​អូឡាំពិក​តូ​ក្យូ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ដ្បិត​អ្នក​ឌី​ហ្សា​ញ​បាន​គិតគូ​ទៅលើ​បម្រែបម្រួល​អាកាសធាតុ​សម្រាប់​ការសាងសង់​នេះ​។ លោក​ស្ថាបត្យករ Kengo Kuma ដែល​ប្រើប្រាស់​វត្ថុធាតុដើម​ធម្ម​ជាតិ​ភាគច្រើន​លើ​សំណង់​មួយ​នេះ និយាយថា​លោក​បាន​ងាក​ទៅរក​ស្ថាបត្យកម្ម​បែប​ប្រពៃណី​ជប៉ុន និង​បរិស្ថាន​សម្រាប់​ការ​បំផុសគំនិត​ឲ្យ​ក្មេងជំនាន់ក្រោយ​ដែល​តែងតែ​ប្រើ​ដែក និង​ថ្ម​។ 
 
​ការ​រចនា​កីឡដ្ឋាន​រូបរាង​ពងក្រពើ​របស់លោក Kuma គឺមាន​កៅអីអង្គុយ​ចំនួន​៣​ជាន់ នៅក្រោម​ដំបូល​គ្រប​ធ្វើ​ពី​ដែកថែប និង​ឈើ​ផង​។ លោក​បាន​ប្រើ​ឈើ​ជាង​៧០០០០​គូប ដែល​យក​មកពី​តំបន់​នីមួយៗ ក្នុងប្រទេស​ជប៉ុន​។ ស្ថាបត្យករ​ជនជាតិ​ជប៉ុន វ័យ​៦៥​ឆ្នាំ រូបនេះ​អះអាងថា​ការ​រចនា​ពហុកីឡាដ្ឋាន​របស់លោក​គឺ​ភាគច្រើន​យក​គំរូ​តាម​ប្រាសាទ Edo-period របស់​តូ​ក្យូ​។​
 
​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN លោក Kuma ប្រាប់ថា​៖« កីឡា​អូឡាំពិក គឺជា​ព្រឹត្តិការណ៍​និមិត្តរូប​នៅ​យុគសម័យ​នេះ ដូច្នេះ​អូឡាំពិក​ឆ្នាំ ២០២០ យើង​ចង់​បង្កើត​អ្វីមួយ​ដែល​ទាក់ទាញ​គំនិត​ជា​ចំបង​ជុំ​វិញបញ្ហាបរិ​ស្ថាន​លើ​ផែនដី​នៅពេលនេះ​។ ដូច្នេះ​យើង​គិតថា​គ្រឿង​សម្ភារ​ល្អ​បំផុត​សម្រាប់​យុគសម័យ​នេះ​គឺ​ឈើ​»​។ ក្រៅពី​ឈើ លោក Kuma បានធ្វើ​កន្លែង​ដាំ​ផ្កា និង​ដើមឈើរ​ជាច្រើន​ដើម្បី​ទប់​កម្តៅ​ផងដែរ​។​


 
​លោក​បន្ថែមថា នៅ​ទូទាំង​ពិភពលោក​ស្ថាបត្យកម្ម​នៅ​សតវត្សរ៍​ទី​២០ គេ​និយម​ប្រើប្រាស់​ការចាក់​បេតុង និង​ដែក​ដែល​ពួកគេ​មាន​អារម្មណ៍​ត្រជាក់​និង​មាន​ភាព​រឹង​។ ប៉ុន្តែ​លោក Kuma គិតថា​នោះ​ជា​ប្រភេទ​ស្ថាបត្យកម្ម​ដែល​មនុស្ស​ត្រូវការ នា​យុគសម័យ​ដ៏​ធុញ​ធ្រា​ន់​បំផុត​។ នៅ​សតវត្សរ៍​ទី​២១ មនុស្សត្រូវការ​អ្វី​ដែលជា​ធម្មជាតិ​ច្រើន​។​
 
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ ក្នុង​ក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ខែកក្កដា ដល់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២០​។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ជប៉ុន​ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ពិភពលោក​នេះ បន្ទាប់ពី​ពួកគេ​ដឹកនាំ​លើកដំបូង​នៅ​ឆ្នាំ​១៩៦៤៕











Tag:
 Olympic
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com