ជាតិ
សង្គមជាតិ
លោក រៀម មុនី​ស៊ី​ឡុង គ្រោង​បង្កើត​សាល​តាំងពិព័រណ៍​វត្ថុ​ប្រើប្រាស់ និង​រូប​សត្វ​ដែល​ច្នៃ​ពី​សំរាម​ផ្ទះបាយ និង​ប្លា​ស្ទិ​ក​
29, Dec 2019 , 9:29 am        
រូបភាព
វត្ថុប្រើប្រាស់​ផ្សេងៗដែលលោក រៀម មុនីស៊ីឡុង​ ច្នៃពីសំរាម​ប្លាស្ទិក
វត្ថុប្រើប្រាស់​ផ្សេងៗដែលលោក រៀម មុនីស៊ីឡុង​ ច្នៃពីសំរាម​ប្លាស្ទិក
ដោយ:
​ភ្នំពេញ​៖ លោក រៀម មុនី​ស៊ី​ឡុង ដែល​គេ​និយម​ស្គាល់​ថា ជា​សិល្បករ​សូន​រូប គូររូប និង​ឆ្លាក់​រូប គ្រោង​បង្កើត​សាល​តាំងពិព័រណ៍​វត្ថុ​ប្រើប្រាស់ និង​រូប​សត្វ​ដែល​ច្នៃ​ពី​សំរាម​ផ្ទះបាយ និង​ប្លា​ស្ទិ​ក​។ គម្រោង​បង្កើត​សាល​ពិព័រណ៍​នេះ គឺ​លោក ស៊ី​ឡុង ចង់​ជំរុញ​ឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​បញ្ហា​សំរាម ជាពិសេស​កាកសំណល់​ប្លា​ស្ទិ​ក​។​


 
​រាល់​ស្នាដៃ​របស់លោក​ដែល​បាន​បង្កើតឡើង​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​នោះ អាច​សមល្មម​នឹង​ឲ្យ​លោក​បើក​ជា​សាល​តាំងពិព័រណ៍ និង​មន្ទីរ​កែច្នៃ​សំរាម នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃ​អនាគត​។ នេះ​ជា​គម្រោង​ដែល​លោក កំពុងតែ​រៀបចំ​ជា​បណ្តើរៗ​ហើយ​។ ជាប់​ជា​យុវជន​អាស៊ាន​ផ្នែក​បរិស្ថាន​កាលពី​ខែតុលា​កន្លងទៅ លោក មុនី​ស៊ី​ឡុង បាន​អះអាងថា គម្រោង​បង្កើត​មន្ទីរ​តាំងពិព័រណ៍ និង​មន្ទីរ​កែច្នៃ​សំរាម​នេះ លោក​កំពុងតែ​ស្វែងរក​ដៃគូ​ជំនួយ និង​អ្នក​ឧបត្ថម្ភ ដើម្បី​ឲ្យ​ឆាប់​លេចចេញ​ជា​រូបរាង​ឲ្យ​បាន​ឆាប់ៗ​នៅ​ថ្ងៃ​ខាងមុខ សម្រាប់​បង្ហាញ​ទៅ​ឲ្យ​ពិភពលោក​បានឃើញ និង​បង្ហាញ​ទៅ​សាធារណជន​ឲ្យ​ចេះ​គិតគូរ​ពី​ការ​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ ។ ជាពិសេស​ការយល់ដឹង​ពី​គុណ​តម្លៃ​នៃ​សំណល់​ដែល​គេ​បោះចោល ដែល​អាច​យកមក​ច្នៃ​ធ្វើជា​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​បាន​។ 
 
​លោក ស៊ី​ឡុង ជ្រើសរើស​ខេត្តសៀមរាប​ធ្វើជា​កន្លែង​តាំង​បង្ហាញ​វត្ថុ និង​រូប​សត្វ ដែល​ច្នៃ​ពី​សំរាម​នោះ ដោយសារ​លោក​ជា​អ្នក​ខេត្តសៀមរាប​ស្រាប់​ផង ដូច្នេះ​ការបង្កើត​សាល​តាំងពិព័រណ៍​នេះ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​ខេត្ត​ប្រាង្គ​ប្រាសាទ​មួយ​នេះ​។ មាន​លំនៅដ្ឋាន​ក្នុងភូមិ​មណ្ឌល​៣ ខេត្តសៀមរាប លោក មុនី​ស៊ី​ឡុង តែងតែ​ប្រមូល​សំរាម​ដែលជា​កាកសំណល់​ផ្ទះបាយ កាក​អំពៅ សំបកខ្យង ខ្ចៅ ស្លឹកឈើ ស្រកាត្រី ជាពិសេស​សំរាម​ប្លា​ស្ទិ​ក មក​ច្នៃ​ជា​វត្ថុ​មានតម្លៃ​។ 


រូបចាប៉ីដង​វែង ដែល​លោក រៀម មុនីស៊ីឡុង ច្នៃពី​សំរាម​ប្លាស្ទិក សម្រាប់​បង្ហាញឲ្យ​សាធារណជន​បាន​ទស្សនានៅខេត្ត​សៀមរាប​
 
«​នៅ​ថ្ងៃ​ខាងមុខ ខ្ញុំ​នឹង​បង្កើត​អ្វីដែល​ថ្មីៗ​ទៀត ដើម្បី​ឲ្យ​សង្គម​គេ​បានឃើញ ហើយនឹង​ជួយ​លើកកម្ពស់​លើ​កិច្ចការងារ​មួយ​ហ្នឹង​។ ខ្ញុំ​មាន​គម្រោង​បង្កើត​សាល​តាំងពិព័រណ៍ និង​មន្ទីរ​កែច្នៃ​សំរាម​ធ្វើជា​វត្ថុ​ផ្សេងៗ​។ យើង​នឹង​បង្កើតជា​ទីតាំង​បង្រៀន​ពី​របៀប​កែច្នៃ​សំរាម មាន​ទីតាំង​បង្ហាញ​រូបគំនូរ និង​មាន​សាល​សិក្ខាសាលា​ផងដែរ​។ យើង​នឹងមាន​គម្រោង​លក់​សំបុត្រ សម្រាប់​ភ្ញៀវ​អន្តរជាតិ​ដែល​ចង់​ចូល​ទស្សនា​»​។ នេះ​ជាការ​លើកឡើង​របស់លោក មុនី​ស៊ី​ឡុង ដែលមាន​មហិច្ឆតា​ចង់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ផ្តល់​តម្លៃ​ឲ្យ​សំរាម និង​ស្វែងយល់​ពី​សំរាម​ណា​ដែល​អាច​ច្នៃ​ឡើងវិញ ដើម្បី​ធ្វើជា​របស់​ប្រើប្រាស់​។ ជាពិសេស​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​សំរាម​ប្លា​ស្ទិ​ក ដែល​ជួយ​ឲ្យ​បរិស្ថាន​ល្អ​ប្រកបដោយ​ផាសុកភាព​។ 
 
​ការ​ទុកដាក់​សំរាម​ឲ្យ​រៀបរយ និង​ចាត់ទុក​សំរាម​ជា​ដុំ​មាស នោះ​នឹង​បង្ហាញ​ពី​អត្ត​ចរិតល្អ និង​ទី​ក្រុងមាន​សោភ័ណភាព​
 
«​បើសិនជា​បុគ្គល​ម្នាក់ៗ​ចាត់ទុក​សំរាម​ប្រៀបដូចជា​ដុំ​មាស ដោយ​មិន​បោះចោល​ពាស​វាស​ពាសកាល និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ វា​នឹង​បង្ហាញ​ពី​អត្តចរិត​របស់​យើង និង​បង្ហាញ​ពី​សោភ័ណភាព​ទីក្រុង​ដែល​ស្រស់ស្អាត​»​។ នេះ​ជាការ​រៀបរាប់​របស់លោក មុនី​ស៊ី​ឡុង ដែល​សព្វថ្ងៃ​ថ្វីដៃ​របស់លោក​មួយចំនួន កំពុង​តែមាន​ការទទួល​ស្គាល់​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងបរិស្ថាន​។ 


រូបសត្វតោ ដែល​លោក​ រៀម មុនីស៊ីឡុង​ បាន​ច្នៃ​ពី​កាកអំពៅ សំរាមផ្ទះបាយ និង​ដបប្លាស្ទិក យកទៅ​តាំងបង្ហាញនៅពិព័រណ៍នៅ​រាជធានីភ្នំពេញ
 
​មុននឹង​លោក​មាន​ក្តី​ស្រមៃ​បង្កើតជា​សាល​តាំងពិព័រណ៍​រាល់​ស្នាដៃ​របស់លោក​នេះ​ឡើង លោក​ក៏​ធ្លាប់​បោះបង់ចោល​នូវ​អាជីព​មួយ​នេះដែរ កាល​អំឡុង​ឆ្នាំ​២០១៣-២០១៤ ដោយសារ​កត្តា​ជីវភាព ស្រប​ពេលដែល​គ្មាន​អ្នក​ឲ្យ​តម្លៃ និង​គ្មាន​ទីផ្សារ​។ ប៉ុន្តែ​៣​ខែក្រោយ​មក លោក​បានចាប់ផ្តើម​ឡើង​វិញ ដោយ​គិតថា​ការងារ​នេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​សង្គម និង​បរិស្ថាន​។ បច្ចុប្បន្ន​សា្ន​ដៃ​របស់លោក តែងតែមាន​វត្ត​មាននៅ​ក្នុង​ពិធី​តាំងពិព័រណ៍​ធំៗ​នានា ជាពិសេស​តាម​បណ្តា​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​ជាវ​ទិញ​នូវ​ស្នាដៃ​របស់លោក​យកទៅ​តាំង​បង្ហាញ​ផងដែរ​។​
 
​ស្នាដៃ​ដែល​លោក ស៊ី​ឡុង បាន​ច្នៃ​សំរាម បង្កើតជា​រូបរាង​បែប​សិល្បៈ​នោះ មានដូចជា​ចាប៉ីដងវែង នាង​មច្ឆា ស្តេច​សមុទ្រ និង​រូប​សត្វ​ផ្សេងៗ​។ ភាគច្រើន​ស្នាដៃ​របស់លោក​ត្រូវ​បានដាក់​តាំងនៅ​ពិព័រណ៍​ផ្សេងៗ ក្នុងប្រទេស​កម្ពុជា​៕  
 
អត្ថបទទាក់ទង
 
 

លោក រៀម មុនីស៊ីឡុង ជាមួយនឹង​ចាប៉ីដង​វែងដែល​ខ្លួន​បាន​ច្នៃពីសំរាមប្លាស្ទិក


លោក រៀម មុនីស៊ីឡុង ដែល​ច្នៃ​សំរាមបា្លស្ទិក កាកសំពៅ ដើមឈូក ស្រកាត្រី សំបកងាវ សំបង​ពងទា ធ្វើ​ជា​រូបនាង​មច្ឆា និងសេ្តចសមុទ្


លោក រៀម មុនីស៊ីឡុង ដែលយកសំរាមប្លាស្ទិកធ្វើជារូបសត្វ​ផ្សេងៗ

Tag:
 លោក រៀម មុនី​ស៊ី​ឡុង​
 ​សំរាម​
 ​ប្លា​ស្ទិ​ក​
  ពិព័រណ៍​
 ​វត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com