ជាតិ
វីដេអូ
​គិតគូរ​បរិស្ថាន​! សូម​ទម្លាប់​ប្រើប្រាស់​កំប្លោក​, ត្រឡោក​, កែវ និង​ទុយោ​ឫស្សី ជំនួស​ប្លា​ស្ទិ​ក​!
29, Dec 2019 , 10:29 am        
រូបភាព
​ភ្នំពេញ​៖ ដៃ​យួរ​សម្រាប់​ដាក់​កំប៉ុង​កាហ្វេ​ធ្វើ​ពី​កំប្លោក​, ត្រឡោក​, កែវ​ទឹក​បំពង់​ឫស្សី និង​ទុយោ​ឫស្សី ត្រូវបាន​បង្កើតឡើង ដើម្បី​ជំនួស​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ សម្ភារ​ទាំងនេះ ជា​ផលិតផល​ក្នុងស្រុក ដែល​បាន​ចែកចាយ​ដោយ​អ្នកស្រី អ៊ុំ សូរិយា ម្ចាស់​អាជីវកម្ម Suria Green​។ គោលបំណង​ចម្បង​ដែល​អ្នកស្រី អ៊ុំ សូរិយា ចាប់ផ្ដើម​អាជីវកម្ម​នេះ គឺ​ចង់​ចូលរួម​ថែរក្សា​បរិស្ថាន កាត់បន្ថយ​ប្លា​ស្ទិ​ក និង​ចង់​ជួយ​សហគមន៍ តាមរយៈ​ផលិតផល​ទាំងនេះ​។


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​អ្នកស្រី អ៊ុំ សូរិយា ម្ចាស់​អាជីវកម្ម Suria Green ដូចតទៅ​៖ 

 
 
​សំរាម​នៅ​កម្ពុជា បាន​កើនឡើង​ប្រមាណ ១០​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​នៅក្នុង​ឆ្នាំ​២០១៩​នេះ សំរាម​នៅ​កម្ពុ​ជាមាន​ទំហំ​៤​លាន​តោន ដែល​២០​ភាគរយ គឺជា​សំណល់​ប្លា​ស្ទិ​ក​។ ដោយ​មើលឃើញ​ពី​ចំនួន​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​បែបនេះ ដែលជា​កត្តា​ធ្វើ​ឲ្យ​ខូច​បរិស្ថាន អ្នកស្រី អ៊ុំ សូរិយា បានសម្រេច​ចិត្ត​បង្កើត​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន​។ ផលិតផល​ដែល​អ្នកស្រី សូរិយា ចែកចាយ​រួមមាន ត្រឡោក​, ទុយោ​ឫស្សី​, កែវបំពង់​ឫស្សី​, ដៃ​យួរ​ធ្វើ​ពី​កំប្លោក និង​សម្ភារ​ផ្សេងទៀត សុទ្ធសឹង​ជា​សម្ភារ​កាត់បន្ថយ​ប្លា​ស្ទិ​ក​។ 
 
​ស្ត្រី​វ័យ​៣៤​ឆ្នាំ​រូបនេះ ប្រាប់​ពី​បំណង​ដែល​បង្កើត​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន​យ៉ាង​ដូច្នេះ​៖ «​គោលបំណង​ដំបូង​របស់ខ្ញុំ​មាន​២ គឺ​ទី​១ ខ្ញុំ​ចង់​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ការថែរក្សា​បរិស្ថាន និង​កាត់បន្ថយ​ប្លា​ស្ទិ​ក​។ ទី​២ ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​សហគមន៍ ព្រោះ​ចង់​ឲ្យ​ផលិតផល​ដែល​សហគមន៍​ធ្វើ មាន​ទីផ្សារ​»​។ 
 
​អ្នកស្រី អ៊ុំ សូរិយា បាន​បង្កើត​អាជីវ​កម្មនេះ នៅ​ខែកក្កដា ឆ្នាំ​២០១៩​។ អតិថិជន​គោលដៅ​របស់​អ្នកស្រី សូរិយា គឺ​បណ្ដា​សណ្ឋាគារ និង​ភោជនីយដ្ឋាន ដែល​ប្រើប្រាស់​នូវ​ទុយោ​ឫស្សី​, ទុយោ​ស្មៅ ឬ​ទុយោ​ម្សៅ​អង្ករ ក្នុងទិសដៅ​កាត់បន្ថយ​ប្លា​ស្ទិ​ក​។ ដើម្បី​បាន​ផលិតផល​របស់​សហគម​ន៍​មកដល់ អ្នកស្រី សូរិយា ត្រូវ​ចុះទៅ​ស្វែងរក​ផលិតផល​ខ្មែរ នៅតាម​តំបន់​នានា ដូចជា​ខេត្តសៀមរាប​, ស្ទឹងត្រែង​, តាកែវ និង​ខេត្ត​មួយចំនួនទៀត​។ 
 
​អាជីវកម្ម​ជួយ​ដល់​បរិស្ថាន​នេះ មិនបាន​នាំ​ប្រាក់ចំណេញ​ច្រើន​ដល់​អ្នកស្រី សូរិយា ឡើយ តែដោយសារ​ការស្រឡាញ់​នូវ​បរិស្ថាន ជួយ​សហគមន៍ និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ច្រើន ទើប​ធ្វើ​ឲ្យ​អ្នកស្រី​បន្ត​អាជីវ​កម្មនេះ​បន្តទៀត​។ «​ពេល​ចាប់ផ្ដើម មិនសូវមាន​អ្នកគាំទ្រ​ទេ​។ ពេលខ្លះទៀត មាន​អារម្មណ៍​ចង់​ឈប់​ម្ដងៗ ដោយសារ​ផលិតផល​បរិស្ថាន​នេះ ថ្លៃ​ជាង​ប្លា​ស្ទិ​ក​។ ប៉ុន្តែ​ក្រោយមក មានការ​គាំទ្រ​ច្រើន កាន់តែ​សប្បាយចិត្ត និង​បន្ត​ធ្វើការ​ជាមួយ​ផលិតផល​ទាំងអស់នេះ​»​។ នេះ​ជាការ​ឡើង​របស់​អ្នកស្រី អ៊ុំ សូរិយា​។ 
 
​សម្ភារ​ទាំងនេះ អាច​ប្រើប្រាស់​បានយូរ និង​មានតម្លៃ​សមរម្យ​។ បើតាម​អ្នកស្រី អ៊ុំ សូរិយា សម្ភារ​ទាំងនេះ មិន​ត្រឹមតែ​ជួយ​ដល់​បរិស្ថាន​ទេ ប៉ុន្តែ​ក៏បាន​ចូលរួម​លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍​ផងដែរ​។ ម្ចាស់​អាជីវកម្ម​រូបនេះ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​សម្ភារ​កា​ត់​បន្ថយ​ប្លា​ស្ទិ​ក​ទាំងនេះ​៕

Tag:
 បរិស្ថាន​
  ប្លា​ស្ទិ​ក​
  កំប្លោក​
  ត្រឡោក
© រក្សាសិទ្ធិដោយ thmeythmey.com