ជាតិ
ព្រះ​ជីវប្រវត្តិ​សង្ខេប​របស់ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​
29, Dec 2019 , 1:59 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
រូបពីទំព័រហ្វេសប៊ុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
​ភ្នំពេញ​៖ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី គឺជា​នាដកា​ឯក​របាំ​ព្រះរាជ​ទ្រព្យ (​របាំ​បុរាណ​)​។ ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ទ្រង់​បាន​លះបង់​ព្រះ​បញ្ញា និង​ព្រះកាយពល ក្នុងការ​ថែរក្សា អភិរក្ស និង​អភិវឌ្ឍន៍ សិល្បៈ​វប្បធម៌​ជាតិ​។​


 
​ខាងក្រោម​នេះ​គឺជា​ព្រះ​ជីវប្រវត្តិ​សង្ខេប​របស់ សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី​៖
 
​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី បានប្រសូត​នៅ​ថ្ងៃទី​៨​ខែមករា ឆ្នាំ​១៩៤៣ នៅ​ក្រុងភ្នំពេញ​។ ព្រះបិតា​ព្រះនាម នរោត្តម សីហនុ ជា​អតីត​ព្រះមហាវីរក្សត្រ​កម្ពុជា ព្រះ​បរម​រតនៈ​កោដ្ឋ​។ ព្រះ​មាតា​ព្រះនាម ផាត កា​ញ៉ុ​ល ជា​សិល្បការិនី​។ ព្រះអង្គ​មាន​បុត្រ​៥​អង្គ បុត្រី​៣​អង្គ​និង​បុត្រា​២​អង្គ​។​
 
​សម្ដេចព្រះរៀម នរោត្តម បុប្ផា​ទេវី បានបញ្ចប់​ការសិក្សា​ថ្នាក់​អនុវិទ្យាល័យ​ព្រះ​នរោត្តម ក្នុង​ឆ្នាំ​១៩៥៨​។ ព្រះអង្គ​បាន​សិក្សា​ចំណេះដឹង​ទូទៅ ភាសា​ខ្មែរ បារាំង និង​អង់​គ្លេ​ង ហើយ​ជំនាញ​ដែល​ទ្រង់​ចេះ​ចាំ​ស្ទាត់​ជាងគេ​គឺ របាំ​បុរាណ​(​របាំ​ព្រះរាជ​ទ្រព្យ​) ដោយ​ទ្រង់​អាច​ផលិត​និង​ដឹកនាំ​សម្ដែង​បាន​។ 
 
​សម្ដេចព្រះរៀម បុប្ផា​ទេវី ធ្វើជា​សាស្ត្រាចារ្យ​របាំ​បុរាណ​នៅ​ឆ្នាំ ១៩៦០​ដល់​១៩៧០​។ ជា​អនុ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ឆ្នាំ ១៩៩១​ដល់​១៩៩៣​។ ជាទី​ប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​វប្បធម៌​ឆ្នាំ​១៩៩៣​ដល់​១៩៩៨​។ ជា​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ឆ្នាំ ១៩៩៨​ដល់​២០០៤​។ ជា​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​ចិន ឆ្នាំ​២០០០​។ ជា​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០០៤​។ និង​ជា​សមាជិក​កិត្តិយស​នៃ​សិល្បៈ​របាំ​អន្តរជាតិ​ពិភពលោក​(CID)​។​
 
​ព្រះអង្គ​បានរៀបចំ​ឯកសារ​របាំ​បុរាណ ជូន​អង្គការ​យូណេស្កូ​ឆ្នាំ​២០០២ ហើយ​បានប្រកាស​ជាប់​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០០៣ ដោយ​លោក KOICHIRO MATSUURA អគ្គនាយក​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស​។ 
 
​សម្ដេចព្រះរៀម បានរៀបចំ​ក្រុម​សិល្បៈ​របាំ​បុរាណ "​របាំ​ព្រះរាជ្យក្រឹត្យ​" ទៅ​សម្ដែង​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​ដូចជា សមាគម​អឺរ៉ុប តាំងពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០១១​។ សម្រាប់​ការផ្ទេរ​ចំណេះដឹង ព្រះអង្គ​បាន​បង្ហាត់បង្រៀន​របាំ​បុរាណ​(​របាំ​ព្រះរាជ​ទ្រព្យ​) ដល់​សិស្ស និស្សិត សិល្បករ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ 
 
​សម្ដេច​រាជបុត្រី បានទទួល​គ្រឿង​ឥស្សរិយយស មេដាយ​សុវត្ថា​រា ថ្នាក់​មហា​សេរី​វឌ្ឍន៍​ឆ្នាំ​២០០៨​។ ហើយ​ព្រះអង្គ​បានទទួល​មេដាយ​សិល្បៈ​និង​អក្សរសាស្ត្រ បំពាក់​នៅ​ប្រទេស​ម៉ា​រុក ដោយ​ឯកឧត្តម FREDERIC MITTERARAND  រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​នៅ​ខែមិថុនា​ឆ្នាំ​២០១០៕  

Tag:
 បុប្ផា​ទេវី​
  ប្រវត្តិ​
  ព្រះរៀម​
  ជីវប្រវត្តិ​
© រក្សាសិទ្ធិដោយ thmeythmey.com